* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គម្រោងគជ់ ប្រគល់សម្ភា​រកសិកម្ម​ ជួយកសិករ ១ម៉ឺន៦ពាន់នាក់ ក្នុងព្រឹត្តិការណ៍ CAFE26 ដើម្បីពង្រឹងវិស័យកសិកម្ម

26-10-2026 16:23

(ភ្នំពេញ)៖ គម្រោងភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប(គម្រោងគជ់ ឬ PEARL) ​បានប្រគល់សម្ភារកសិកម្មជាច្រើន រួមមាន ត្រាក់ទ័រ ម៉ាស៊ីនច្រូតកាត់ ផ្ទះសំណាញ់ លានហាលកសិផល និងដ្រូនកសិកម្ម ជូនដល់សហគមន៍កសិកម្មចំនួន ៧៩​ ដោយសម្ភារទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករប្រមាណ ១៦,០០០ នាក់ ក្នុងខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ការប្រគល់សម្ភា​រកសិកម្ម​ទាំងនេះ​ បានធ្វើឡើងក្នុងពិធីបិទ​វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ ២០២៦ (CAFE26) ​កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជាង ២៥,០០០ នាក់ និងស្តង់តាំងពិព័រណ៍ ៤៤៦ ក្នុងរយៈពេល ៣ ថ្ងៃ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមគំនិតផ្តួចផ្តើម «Hand-in-Hand» របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដោយបានប្រមូលផ្តុំកសិករ សហគមន៍កសិកម្ម ធុរជន វិនិយោគិន និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកឱកាសក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ការវិនិយោគ ហិរញ្ញប្បទាន និងនវានុវត្តន៍។ វេទិកានេះរួមមានការពិភាក្សាជាក្រុម ការបង្កើតបណ្តាញធុរកិច្ច ការបង្ហាញបច្ចេកវិទ្យា និងការតាំងពិព័រណ៍នានា ដើម្បីពង្រឹងវិស័យកសិស្បៀងអាហាររបស់កម្ពុជា។

ជាមួយគ្នានេះ ក៏មានការប្រគល់ត្រាក់ទ័រចំនួន៣៣ គ្រឿង ត្រាក់ទ័រខ្នាតតូចចំនួន៦ គ្រឿង ម៉ាស៊ីនច្រូតកាត់ចំនួន១៧ គ្រឿង ផ្ទះសំណាញ់ចំនួន៨៩ ខ្នង លានហាលកសិផលចំនួន១០ កន្លែង និងដ្រូនកសិកម្មចំនួន២ គ្រឿង ជូនដល់សហគមន៍កសិកម្មចំនួន ៧៣ និងសហគមន៍កសិកម្មទំនើបចំនួន ៦ ក្រោមគម្រោងគជ់ ឬ PEARL ​ដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយមូលនិធិអាកាសធាតុបៃតង (GCF)។​ គម្រោងនេះអនុវត្តដោយអង្គការ FAO សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់កសិករជាង ៤៥ម៉ឺននាក់។ ដោយឡែកសម្ភារៈកសិកម្មដែលប្រគល់ទទួលជានិម្មិតរូបនេះ នឹងផ្តល់ប្រយោជន៍ដល់កសិករប្រមាណ ១៦០០០ នាក់ ក្នុងខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប តាមរយៈការបង្កើនផលិតភាពកសិកម្ម ការកាត់បន្ថយថ្លៃដើមពលកម្ម និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងពិធីនេះ ក៏មានការប្រគល់លិខិតអបអរសាទរ និងទទួលស្គាល់កសិករស្ត្រីឆ្នើម លោកស្រី សែត ហាច ដែលជាថ្នាក់ដឹកនាំសហគមន៍កសិកម្មមួយរូបនៅកម្ពុជា ដែលត្រូវបានជ្រើសរើសជាស្ត្រីឆ្នើម ១០០ នាក់លើពិភពលោក (Global 100 Women Heroes) ក្នុងវិស័យប្រព័ន្ធកសិស្បៀងអាហារសម្រាប់ការអភិវឌ្ឍជនបទ ដោយអង្គការ FAO នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីសប្តាហ៍មុន។

ក្រោមការដឹកនាំរបស់លោកស្រី សហគមន៍កសិកម្ម «ស្ត្រីភោគផលមានជ័យ» បានរីកចម្រើនរហូតដល់មានសមាជិកចំនួន ៥៤០ នាក់ (ក្នុងនោះមានស្ត្រី ៤៥១ នាក់) ដែលជួយឱ្យកសិករជាស្ត្រីអាចពង្រឹងអាជីវកម្មរបស់ខ្លួន លើកកម្ពស់ជីវភាពរស់នៅ និងទទួលបានឱកាសលក់កសិផលក្នុងទីផ្សារធំៗ។

ពិធីបិទព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា។ ព្រឹត្តិការណ៍ CAFE26 បានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តថ្មីក្នុងការពង្រឹងភាពជាដៃគូ ជំរុញនវានុវត្តន៍កសិកម្ម និងពង្រីកឱកាសវិនិយោគ ដើម្បីគាំទ្រដល់វិស័យកសិស្បៀងអាហារនៅកម្ពុជា ឱ្យកាន់តែមានផលិតភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព៕