មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២៦
26-10-2026 20:42
(ស្ទឹងត្រែង)៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានសហការជាមួយរតនាគារខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក សេង ម៉ៅ ប្រធានរតនាគារខេត្ត ព្រមទាំងមន្ត្រីជំនាញ និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត។
នាឱកាសនោះ លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានបង្ហាញពីរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តចំណូល-ចំណាយថវិការបស់មន្ទីរជំនាញ គិតត្រឹមត្រីមាសទី៣ ដោយបានរំលេចពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនក្នុងរយៈពេល៩ខែដើមឆ្នាំ។
លោកបានបញ្ជាក់ថា ការងារបិទបញ្ជីនេះមិនមានភាពស្មុគស្មាញនោះទេ ពោលគឺគ្រាន់តែទាមទារឱ្យប្រតិបត្តិករហិរញ្ញវត្ថុទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួន និងទាន់ពេលវេលាតាមនីតិវិធី កាលវិភាគ ច្បាប់ថវិកា និងការណែនាំដែលបានកំណត់ក្នុងសារាចរប៉ុណ្ណោះ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលបានអនុវត្តការងារគ្រប់គ្រងថវិកាបានយ៉ាងល្អ ទោះបីជាស្ថិតក្នុងបរិបទប្រឈមនឹងបញ្ហាសេដ្ឋកិច្ចសកលក៏ដោយ។
លោកបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់គ្រប់មន្ទីរ-អង្គភាពទាំងអស់ ត្រូវប្រញាប់ប្រមូល និងរៀបចំឯកសារទូទាត់ចំណាយនានា ដូចជាប្រាក់បៀវត្សរ៍ ប្រាក់បេសកកម្ម លទ្ធកម្ម រជ្ជទេយ្យ និងការទូទាត់ត្រង់ បញ្ជូនមកមន្ទីរហិរញ្ញវត្ថុ និងរតនាគារខេត្ត យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ស្របតាមកាលបរិច្ឆេទក្នុងសារាចរណែនាំ។
លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ប្រសិនបើឯកសាររៀបចំមិនបានទាន់ពេលវេលា ថវិកានឹងត្រូវប្រគល់ជូនរដ្ឋវិញ ដែលបញ្ហានេះឆ្លុះបញ្ចាំងពីភាពខ្វះចន្លោះរបស់មន្ត្រីបច្ចេកទេស។
ជាមួយគ្នានេះ លោកបានរំលឹកដល់មន្ត្រីដែលត្រូវបានតែងតាំងជាភ្នាក់ងារបើកផ្តល់ អនុរជ្ជករ បេឡាករ ភ្នាក់ងារចំណូល និងគណៈកម្មការលទ្ធកម្ម ត្រូវអនុវត្តភារកិច្ចដោយផ្ទាល់ មិនអាចពឹងផ្អែកឱ្យអ្នកផ្សេងធ្វើជំនួសបានឡើយ ហើយបើមានចម្ងល់ពាក់ព័ន្ធនឹងសារាចរ ត្រូវសាកសួរផ្ទាល់ទៅកាន់ប្រធានមន្ទីរហិរញ្ញវត្ថុ ឬប្រធានរតនាគារ ដើម្បីធានាភាពត្រឹមត្រូវ និងប្រសិទ្ធភាពការងារជារួម៕























