* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ

27-10-2026 09:02

(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលកម្ពុជាបានចាប់ខ្លួន លោក សុធា អរុណ អតីតនាយកប្រតិបត្តិនៃភូមិកុមារ អង្គការ សុវណ្ណកុមារ ដែលជាការបញ្ចប់ការតាមចាប់ខ្លួនដែលមានរយៈពេល ៥ឆ្នាំ។ លោកនឹងត្រូវជាប់ពន្ធនាគាររយៈពេល ២២ឆ្នាំ ពីបទរំលោភសេពសន្ថវៈលើកុមារពីររូប ពីបទហិង្សាដោយចេតនា និងគ្មានការថែទាំចំពោះអនីតិជនដែលស្ថិតក្នុងការថែទាំរបស់លោក និងពីបទឆបោកប្រាក់ជាង ១,៤ លានដុល្លារអាមេរិក ដែលត្រូវបានបរិច្ចាគសម្រាប់ផ្គត់ផ្គង់កុមារទាំងនោះ។

លោក សុធា អរុណ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៦ នៅខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា ដោយមន្ត្រីនគរបាលក្រោមការដឹកនាំរបស់ លោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។ លោក សុធា អរុណ ត្រូវបានបញ្ជូនទៅពន្ធនាគារនៅរាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមអនុវត្តទោស។

លោក សុធា អរុណ គឺជានាយកប្រតិបត្តិនៃ អង្គការ សុវណ្ណកុមារ អស់រយៈពេលជាង ១៥ឆ្នាំ ចាប់តាំងពីការបង្កើតអង្គការនៅឆ្នាំ២០០៣ រហូតដល់លោកត្រូវបានបញ្ឈប់ពីការងារនៅខែសីហា ឆ្នាំ២០១៩។ លោកមានទំនួលខុសត្រូវលើការមើលថែទាំកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោលជាង ៥០នាក់។ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោក ក្នុងសំណុំរឿងចំនួន បួន ដាច់ដោយឡែកពីគ្នា។ សាលក្រមពីបទឆបោកត្រូវបានប្រកាសនៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សាលក្រមពីបទរំលោភសេពសន្ថវៈចំនួនពីរករណី និងបទហិង្សាដោយចេតនាលើកុមារ ត្រូវបានប្រកាសនៅ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។

លោកត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ លើសំណុំរឿងរំលោភសេពសន្ថវៈនីមួយៗ និង ៤ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងបង្អត់អាហារ ឬគ្មានការថែទាំចំពោះអនីតិជនអាយុតិចជាង ១៥ឆ្នាំ។ លោកក៏ត្រូវបានផ្តន្ទាទោស ២ឆ្នាំ ពីបទឆបោកផងដែរ។ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការផ្តន្ទាទោសទាំងនេះ។ តុលាការកំពូលបានតម្កល់សាលដីកាលើសំណុំរឿងហិង្សាលើកុមារ នៅ ខែឧសភា ឆ្នាំ២០២៤។ លោកមិនបានចូលរួមសវនាការណាមួយឡើយ។

ភស្តុតាងដែលបានលើកឡើងពេញមួយដំណើរការនីតិវិធីតុលាការ បានបង្ហាញពីលំនាំនៃអំពើហិង្សាដែលបានកើតឡើងអស់រយៈពេលជាងមួយទសវត្សរ៍។ ក្មេងស្រីម្នាក់ត្រូវបានរំលោភសេពសន្ថវៈម្តងហើយម្តងទៀត ចាប់តាំងពីនាងនៅតូច ហើយកុមារម្នាក់ទៀតក៏ត្រូវបានរំលោភសេពសន្ថវៈផងដែរ។ ក្មេងប្រុសពីរនាក់ត្រូវបានឃុំឱ្យនៅដាច់ដោយឡែក និងត្រូវបានបង្អត់អាហារដោយចេតនា ហើយពួកគេរស់រានមានជីវិតដោយសារផ្លែស្វាយពីដើមស្វាយក្បែរនោះ និងអាហារដែលឪពុកម្តាយចិញ្ចឹមបានលួចយកមកឱ្យ ប្រឆាំងនឹងដោយមិនធ្វើតាមបញ្ជារបស់នាយក។

ការបង្អត់អាហារលើពួកគេបានបញ្ចប់ ក្រោយពីពេលឪពុកម្តាយចិញ្ចឹមទាំងនោះបានដាក់ញត្តិជាផ្លូវការ ដើម្បីសុំការអនុញ្ញាតពីលោកឱ្យផ្តល់អាហារដល់កុមារ។ លោកបានអនុញ្ញាត ដោយមានលក្ខខណ្ឌថាពួកគេត្រូវចុះហត្ថលេខាលើលិខិតមួយ ហើយលោកក៏បានចុះហត្ថលេខាលើលិខិតនោះផងដែរ។ លិខិតនោះត្រូវបានរកឃើញ រួមជាមួយនឹងតារាងទិន្នន័យមួយដែលគណនេយ្យកររបស់អង្គការបានរក្សាទុក ដែលបានកត់ត្រាថ្ងៃដែលកុមារទាំងនោះគ្មានអាហារបរិភោគ។ កុមារផ្សេងទៀតត្រូវបានលោកស្រោចរលាកដោយទឹកក្តៅ បិទទ្វារឃុំក្នុងទូខោអាវ ព្យួរពីកង្ហារពិដាន និងវាយដំ ដោយឪពុកម្តាយចិញ្ចឹម ដែល លោក សុធា អរុណ បានជួល និងគ្រប់គ្រង។

កុមារដែលហ៊ានសួរដេញដោលលោក ត្រូវបានបណ្តេញចេញពីភូមិកុមារ ហើយត្រូវបានបញ្ជូនទៅរស់នៅជាមួយគ្រួសារវិញក្នុងបរិស្ថានដែលគ្មានសុវត្ថិភាព។ ក្មេងជំទង់ស្រីម្នាក់ ដែលធ្លាប់មានរូបថតលើក្របរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការ ក្រោយមកត្រូវបានរកឃើញថាកំពុងរស់នៅក្នុងសហគមន៍អនាធិបតេយ្យមួយនៅរាជធានីភ្នំពេញ។ ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ ត្រូវបានរកឃើញនៅក្នុងពន្ធនាគារមនុស្សពេញវ័យ។ ក្មេងប្រុសនោះត្រូវបានលោកបញ្ជូនទៅរស់នៅជាមួយគ្រួសារមួយដែលគ្មានលទ្ធភាព ហើយត្រូវបានទុកចោលឱ្យរកប្រាក់ចិញ្ចឹមជីវិត ដោយដឹកសាកសពឱ្យវត្តមួយកន្លែង។

ភូមិកុមារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយលោកស្រី Elizabeth Ross Johnson ហើយមូលនិធិគ្រួសាររបស់លោកស្រីបានវិនិយោគប្រាក់រាប់លានដុល្លារលើអង្គការនេះ ដើម្បីផ្គត់ផ្គង់កុមារ។ ប៉ុន្តែ ខណៈពេលដែលកុមារក្នុងការថែទាំរបស់លោក សុធា អរុណ កំពុងត្រូវបានបង្អត់អាហារ និងវាយដំ លោកបែរជាយកប្រាក់ដែលបម្រុងទុកសម្រាប់ផ្គត់ផ្គង់ពួកគេ ទៅប្រើប្រាស់សម្រាប់ខ្លួនលោកទៅវិញ។

លោកបានសាងសង់វីឡាដ៏ប្រណិតមួយ ដែលមានអាងហែលទឹក តម្លៃ ២២.០០០ ដុល្លារអាមេរិក ដោយប្រើប្រាស់ថវិការបស់អង្គការ។ លោកក៏បានទិញដីនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស បានវិនិយោគលើចម្ការកៅស៊ូមួយនៅខេត្តមណ្ឌលគិរី និងបានដំណើរការអាជីវកម្មផ្តល់ប្រាក់កម្ចីដោយគ្មានអាជ្ញាប័ណ្ណ ដោយប្រើប្រាស់ប្រាក់របស់អង្គការ។ លោកក៏បានប៉ុនប៉ងគ្រប់គ្រងអង្គការតាមផ្លូវច្បាប់ ដោយផ្លាស់ប្តូរឈ្មោះដែលបានចុះបញ្ជីនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយគ្មានការដឹងឮពីក្រុមប្រឹក្សាភិបាល។

សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនលោក សុធា អរុណ និងបក្ខពួក នៅខែកក្កដា និងខែតុលា ឆ្នាំ២០២១ និងនៅខែឧសភា ឆ្នាំ២០២៣។ ក្នុងរយៈពេល ៥ឆ្នាំបន្ទាប់មកនេះ លោក សុធា អរុណ និងបក្ខពួករបស់លោក បានគំរាមកំហែងសម្លាប់ថ្នាក់គ្រប់គ្រងរបស់អង្គការ សុវណ្ណកុមារ និងកុមារនៅក្នុងភូមិកុមារ។ ពួកគេបានប្តឹងដោយគ្មានមូលដ្ឋានប្រឆាំងនឹងអ្នកតំណាងស្របច្បាប់របស់អង្គការ បានកែប្រែភស្តុតាង និងបានដាក់សម្ពាធលើសាក្សីកុមារឱ្យដកចម្លើយដែលបានធ្វើសច្ចាប្រណិធាន។ សាក្សីវ័យជំទង់ម្នាក់បានទទួលការគំរាមកំហែងថានឹងធ្វើបាបផ្លូវភេទ និងសម្លាប់ ពីគណនី Facebook ក្លែងក្លាយ ដែលបានតាមដានឃើញថាមកពីមនុស្សតែម្នាក់ ហើយបានលុបចោល។

សាក្សីសំខាន់ម្នាក់បានផ្តល់ចម្លើយយ៉ាងលម្អិតដល់អ្នកប្រឹក្សាផ្លូវចិត្ត មេធាវី នគរបាល ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ បន្ទាប់មក នាងបានទទួលទូរស័ព្ទពីលោក សុធា អរុណ ដែលបង្គាប់ឱ្យនាងកុហកដើម្បីជួយលោក។ នាងបានបាត់ខ្លួនពីភូមិកុមារ មិនយូរប៉ុន្មានមុនពេលដែលនាងត្រូវចូលខ្លួននៅតុលាការ ហើយនៅទីបំផុត នាងបានដកចម្លើយរបស់នាងនៅតុលាការ។

សំណុំរឿងនេះត្រូវបានគេតាមដានយ៉ាងជាប់លាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។ ចាប់តាំងពីខែសីហា ឆ្នាំ២០១៩ មក សំណុំរឿងនេះត្រូវបានរាយការណ៍នៅកម្ពុជាដោយ Khmer Times, Phnom Penh Post, Voice of Democracy និង Cambodianess។ ការរាយការណ៍ទាំងនេះគ្របដណ្តប់ចាប់ពីការបញ្ឈប់ពីការងារ ការប្តឹងផ្តល់ព្រហ្មទណ្ឌ និងការបង្កកទ្រព្យសម្បត្តិរបស់លោក សុធា អរុណ នៅឆ្នាំ២០២១ រហូតដល់សាលដីការបស់តុលាការកំពូលនៅខែឧសភា ឆ្នាំ២០២៤។

នៅលើឆាកអន្តរជាតិ កាសែត South China Morning Post បានរាយការណ៍អំពីលទ្ធផលនៃការស៊ើបអង្កេតផ្ទៃក្នុងនៅខែកញ្ញា ឆ្នាំ២០២០ ហើយ UCA News និង The Cambodia Daily ក៏បានចុះផ្សាយអំពីសំណុំរឿងនេះនៅឆ្នាំដដែល។ នៅខែតុលា ឆ្នាំ២០២៥ កាសែត Wall Street Journal បានចុះផ្សាយការស៊ើបអង្កេតមួយអំពីប្រវត្តិរបស់អង្គការ សុវណ្ណកុមារ និងជោគវាសនារបស់កុមារដែលស្ថិតក្នុងការថែទាំរបស់អង្គការ ហើយក្រោយមក កាសែត Daily Mail បានយកមកចុះផ្សាយបន្ត។ ការអំពាវនាវរបស់អង្គការ សុវណ្ណកុមារ ឱ្យចាប់ខ្លួនលោក សុធា អរុណ ត្រូវបានផ្សព្វផ្សាយដល់អ្នកតាមដានជាង ៣៤.០០០នាក់ ហើយត្រូវបានប្រជាជនកម្ពុជារាប់សែននាក់មើលឃើញ។

ដោយសារតែការចាប់អារម្មណ៍យ៉ាងទូលំទូលាយនេះ សំណុំរឿងនេះត្រូវបានគេអាននិងតាមដានទាំងនៅក្នុងប្រទេស និងនៅបរទេស ដើម្បីចង់ដឹងថា តើកុមារដែលរងការរំលោភបំពាននៅកម្ពុជាអាចទទួលបានយុត្តិធម៌ដែរឬទេ ហើយតើសាលក្រមរបស់តុលាការកម្ពុជាត្រូវបានអនុវត្តជាក់ស្តែងនៅទីបំផុតដែរឬទេ។ ថ្ងៃនេះ ការចាប់ខ្លួននេះ បានផ្តល់ចម្លើយចំពោះសំណួរទាំងនោះហើយ។

លោកស្រី Kara Heide ជាអ្នកតំណាងគ្រួសារ Johnson និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ Golden Children Inc ដែលជាអង្គការមេរបស់អង្គការ សុវណ្ណកុមារ បានមានប្រសាសន៍ថា៖ «អស់រយៈពេលប្រាំពីរឆ្នាំមកហើយ ដែលជនរងគ្រោះនៃអង្គការ សុវណ្ណកុមារ បានរង់ចាំមើលថា តើច្បាប់ពិតជាត្រូវបានអនុវត្តដូចដែលបានចែងឬទេ។ ថ្ងៃនេះ ច្បាប់ត្រូវបានអនុវត្តមែន។គ្រួសារ Johnson ដែលបានបង្កើត និងគាំទ្រអង្គការសុវណ្ណកុមារតាំងពីថ្ងៃចាប់ផ្តើមបង្កើតអង្គការនេះមក បានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកយុត្តិធម៌ និងផ្តល់ផ្លូវទៅថ្ងៃអនាគតសម្រាប់កុមារនៃអង្គការសុវណ្ណកុមារ។

សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក សុធា អរុណ។ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការផ្តន្ទាទោសលើគ្រប់សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក។ តុលាការកំពូលបានតម្កល់ការផ្តន្ទាទោសពីបទហិង្សាលើកុមារ។ អ្វីដែលនៅខ្វះ គឺការអនុវត្តទោស ហើយថ្ងៃនេះ សមត្ថកិច្ចនគរបាលបានអនុវត្តហើយ។ ខ្ញុំសូមថ្លែងអំណរគុណដល់ លោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីនគរបាលដែលបានចាប់ខ្លួនមកនេះ ព្រមទាំងមន្ត្រីកម្ពុជានៅក្នុងរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះសំណុំរឿងនេះតាំងពីដំបូង និងបានចាត់វិធានការដោយគ្មានការស្ទាក់ស្ទើរ។

ប៉ុន្តែ អ្នកដែលពិតជាបានធ្វើឱ្យរឿងនេះកើតឡើងបាន គឺយុវជន និងយុវនារីដែលបានធំធាត់នៅអង្គការ សុវណ្ណកុមារ ព្រមទាំងឪពុកម្តាយចិញ្ចឹមមួយចំនួនរបស់ពួកគេ។ ពួកគេបានដើរចូលទៅក្នុងបន្ទប់សវនាការ ហើយបានផ្តល់សក្ខីកម្មប្រឆាំងនឹងបុរសដែលបានគ្រប់គ្រងជីវិតរបស់ពួកគេអស់រយៈពេលជាង ១៥ឆ្នាំ។ ហើយពួកគេបានធ្វើដូច្នេះ ខណៈពេលដែលកំពុងទទួលបានការគំរាមកំហែង។ កាលនោះពួកគេនៅជាកុមារនៅពេលដែលឧក្រិដ្ឋកម្មទាំងនេះត្រូវបានប្រព្រឹត្តមកលើពួកគេ។ ពួកគេមានភាពក្លាហានលើសពីអ្វីដែលនរណាម្នាក់មានសិទ្ធិស្នើសុំពីពួកគេ។

នៅពេលដែលកុមាររងការរំលោភបំពាន ជាញឹកញាប់ពួកគេគ្មាននរណាម្នាក់មកជួយទេ។ នោះហើយជាមូលហេតុដែលតួនាទីរបស់នគរបាលមានសារៈសំខាន់ណាស់ ហើយក្នុងសំណុំរឿងនេះ បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំ នគរបាលបានបំពេញតួនាទីនោះហើយ។

ប្រទេសកម្ពុជាមានកាតព្វកិច្ចពិសេសចំពោះកុមាររបស់ខ្លួន បន្ទាប់ពីអ្វីៗទាំងអស់ដែលប្រទេសនេះបានឆ្លងកាត់។ ថ្ងៃនេះ កាតព្វកិច្ចនោះត្រូវបានបំពេញក្នុងសំណុំរឿងមួយ។ ប៉ុន្តែកាតព្វកិច្ចនោះនឹងមិនទាន់ត្រូវបានបំពេញពេញលេញទេ ដរាបណាជនប្រាំនាក់ដែលត្រូវបានផ្តន្ទាទោសរួមជាមួយលោក សុធា អរុណ នៅតែមានសេរីភាព។ យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ ឱ្យនាំពួកគេមកទទួលទោសតាមច្បាប់ផងដែរ។

ជូនចំពោះកុមារគ្រប់រូបដែលកំពុងរងគ្រោះ និងឪពុកម្តាយគ្រប់រូបដែលឃើញការរំលោភបំពាន ហើយចង់បញ្ឈប់វា៖ ក្តីសង្ឃឹមនៅតែមាន។ គ្មាននរណាម្នាក់នៅពីលើច្បាប់ឡើយ ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសមាជិកដែលងាយរងគ្រោះបំផុតនៅក្នុងសង្គមរបស់យើង។ យុត្តិធម៌បានមកដល់យឺត ប៉ុន្តែនៅទីបំផុត ថ្ងៃនេះ យុត្តិធម៌ត្រូវបានផ្តល់ជូនហើយ»។

លោក ហ៊ុន ចិន្តា និង អ្នកស្រី ថៃ ស៊ីនួន ដែលជាអតីតឪពុកម្តាយចិញ្ចឹមនៅអង្គការ សុវណ្ណកុមារ ត្រូវបានផ្តន្ទាទោសម្នាក់ ៣ឆ្នាំ ពីបទហិង្សាលើកុមារ។ លោកស្រី អ៊ឹង វាសនានិមល ដែលជាអតីតឪពុកម្តាយចិញ្ចឹមផងដែរ ត្រូវបានផ្តន្ទាទោស ២ឆ្នាំ ៦ខែ។ អ្នកស្រី ពៅ ស្រីមុំ ជាអតីតម្តាយចិញ្ចឹម និងជាភរិយារបស់លោក សុធា អរុណ និង អ្នកស្រី ជាតិ ច័ន្ទមរកត ជាអតីតគណនេយ្យកររបស់អង្គការ ក៏ត្រូវបានផ្តន្ទាទោស ១៨ខែ ម្នាក់ពីបទឆបោកផងដែរ។ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការផ្តន្ទាទោសរបស់ពួកគេ។ នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយ លោក សុធា អរុណ អ្នកស្រី ពៅ ស្រីមុំ និង អ្នកស្រី ជាតិ ច័ន្ទមរកត ត្រូវបានផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ និងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

តុលាការបានបង្គាប់ឱ្យលោក សុធា អរុណ បង់ប្រាក់ ៦០.០០០.០០០ រៀល (១៤.៧៧៦ ដុល្លារអាមេរិក) ជូនកុមារម្នាក់ដែលលោកបានរំលោភសេពសន្ថវៈ។ លោកក៏តម្រូវបង់ប្រាក់ ២០០.០០០.០០០ រៀល (៤៩.២៨០ ដុល្លារអាមេរិក) ដោយរួមគ្នាជាមួយសហជនជាប់ចោទបីរូបទៀត ក្នុងសំណុំរឿងហិង្សាលើកុមារ។ លើសពីនេះ លោកសុធា អរុណ និងសហជនជាប់ចោទត្រូវបង់ប្រាក់ ១.៤៦២.៣៤៩ ដុល្លារអាមេរិក ជាសំណងខូចខាត និងត្រូវបង់ប្រាក់ ៥០,០០០,០០០ រៀល (១២.៥០០ ដុល្លារអាមេរិក)ជាសំណងជម្ងឺចិត្ត ជូន អង្គការ សុវណ្ណកុមារ ក្នុងសំណុំរឿងឆបោក និងត្រូវបង់ប្រាក់ ៧,០០០,០០០ រៀល (១.៧៥០ ដុល្លារអាមេរិក) ជាសំណងរួមគ្នារបស់សហជនជាប់ចោទ ជូន អង្គការ សុវណ្ណកុមារ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ។

អង្គការ សុវណ្ណកុមារ អិលអិលស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដើម្បីមើលថែទាំកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោលនៅកម្ពុជា។ បេសកកម្មរបស់អង្គការ សុវណ្ណកុមារ អិលអិល ស៊ី គឺបង្កើតបរិស្ថានមួយដែលផ្តល់នូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោល ធ្វើយ៉ាងណាដើម្បីអាចផ្តល់ឱ្យកុមារអភិវឌ្ឍបានទាំងរាងកាយ សតិបញ្ញា អារម្មណ៍ និងស្មារតីប្រកបដោយសក្តានុពលពេញលេញរបស់ពួកគេ៕