ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ មន្ត្រី និងសមត្ថកិច្ច ត្រូវតែធ្វើគំរូល្អចៀសវាងការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន បាត់បង់កិត្តិយស បាត់បង់ក្របខ័ណ្ឌ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ
27-10-2026 15:18
(កំពត)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានដឹកនាំសហការី ចូលរួមពិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃរដ្ឋបាលខេត្តកំពត រៀបចំដោយគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកំពត នៅសាលប្រជុំរដ្ឋបាលខេត្ត។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសរសើរដល់មន្ត្រីរាជការ កងកម្លាំងនៃរដ្ឋបាលខេត្តកំពតដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងបានសំណូមពរដល់អ្នកចូល រួមទាំងអស់បន្តខិតខំផ្សព្វផ្សាយទាំងបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug ជូនដល់ប្រជាពលរដ្ឋឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត «ការប្រើប្រាស់ App NoDrug កាន់តែច្រើនឡើង ចំណេះដឹងប្រជាពលរដ្ឋក៏កាន់តែកើន ហើយបញ្ហាគ្រឿងញៀននៅសហគមន៍នឹងរួមតូច»។
ក្នុងនាមលោក ម៉ៅ ធនិន អភិបាលខេត្ត ក្នុងឱកាសនោះដែរលោក សេន សាប៊ីល អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត បានថ្លែងអំណរគុណ និងបានលើកឡើងថា ស្ថានភាពគ្រឿងញៀននៅខេត្តកំពតគឺមានភាពល្អប្រសើរ ដោយបទល្មើសគ្រឿងញៀនមានការថយចុះគួរឲ្យកត់សម្គាល់។
ជាមួយគ្នានេះ រដ្ឋបាលបានអនុវត្តនូវបទបញ្ជាលេខ ០១ ០២ របស់រាជរដ្ឋាភិបាលដើម្បីធានាថាថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងជុំវិញខេត្តមិនទៅពាក់ព័ន្ធនឹងបញ្ហាការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឡើយ ព្រមទាំង បានណែនាំឲ្យគ្រប់អង្គភាពទូទាំងរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំរុញបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug បម្រើដល់ការងារផ្សព្វផ្សាយ អប់រំ និងចំណេះដឹងអំពីបញ្ហាគ្រឿងញៀន ឈានទៅបង្ការ និងចៀសផុតពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។
ក្នុងនាមលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋានបានផ្សព្វផ្សាយនូវគោលនយោបាយ គោលការណ៍ផែនការ ដើម្បីចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវផែនការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល និងបានចាត់ទុកថា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញ ជាក្ដីកង្វល់របស់សកលលោក និងប្រទេសកម្ពុជាផងដែរ ហើយបានលើកទឹកចិត្តឲ្យមន្ត្រីរាជការ កងកម្លាំង ទន្ទឹមនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបង្កើនការផ្សព្វផ្សាយអប់រំផ្ដល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន App NoDrug ដល់ប្រជាពលរដ្ឋដើម្បីពួកគាត់មានលទ្ធភាពចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍ ការពារបាននូវសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។ មន្ត្រី និងសមត្ថកិច្ចត្រូវតែធ្វើគំរូល្អចៀសវាងការពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀន បាត់បង់កិត្តិយស បាត់បង់ក្របខ័ណ្ឌ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕






















