* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ខួប៣០ឆ្នាំនៃទំនាក់ទំនងកម្ពុជា–កូរ៉េ៖ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការផ្នែកឧត្តមសិក្សា និងស្រាវជ្រាវ និងការរួមចំណែករបស់រាជបណ្ឌិត្យសភាកម្ពុជា

27-10-2026 15:19

(ភ្នំពេញ)៖ នៅលើគន្លងនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការជិតបីទសវត្សរ៍មកនេះ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានសម្រេចនូវវឌ្ឍនភាពជាច្រើនគួរឱ្យកត់សម្គាល់ ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងចំណោមសមិទ្ធផលទាំងនោះ កិច្ចសហប្រតិបត្តិការផ្នែកឧត្តមសិក្សា និងស្រាវជ្រាវ គឺជាជ្រុងមួយដែលគួរលើកយកមកឆ្លុះបញ្ចាំង ព្រោះវិស័យនេះមិនត្រឹមតែរួមចំណែកដល់ការផ្ទេរចំណេះដឹង និងបទពិសោធប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានបង្កើតទំនាក់ទំនងយូរអង្វែងរវាងបញ្ញវន្ត អ្នកស្រាវជ្រាវ និងស្ថាប័នវិទ្យាសាស្ត្រនៃប្រទេសទាំងពីរផងដែរ។

បើតាមលោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយបានបញ្ជាក់ថា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ រាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមជាស្ថាប័នបណ្ដុះបណ្ដាល និងស្រាវជ្រាវ បានពង្រឹងទំនាក់ទំនងជាបន្តបន្ទាប់ជាមួយស្ថាប័នស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សាសំខាន់ៗរបស់សាធារណរដ្ឋកូរ៉េ។ ស្ថាប័នទាំងនោះរួមមាន ក្រុមប្រឹក្សាជាតិស្រាវជ្រាវផ្នែកសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមកូរ៉េ (NRC) សាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រងនៃវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI School) វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) វិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI) និងវិទ្យាស្ថានស្រាវជ្រាវការថែទាំ និងអប់រំកុមារកូរ៉េ (KICCE) វិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ(KIEP) និងវិទ្យាស្ថានអភិវឌ្ឍន៍អប់រំកូរ៉េ (KEDI)។

ក្រៅពីនេះ ក៏មានកិច្ចទំនាក់ទំនងជាមួយសាកលវិទ្យាល័យជាតិសេអ៊ូល សាកលវិទ្យាល័យប៊ូសាន សាកលវិទ្យាល័យឆាងវ៉ុន និងមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ (KFAS) ដែលបន្តមានទំនាក់ទំនងតាមរយៈវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ផងដែរ។

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ការផ្លាស់ប្ដូរបញ្ញវន្ត និងអ្នកស្រាវជ្រាវ គឺជាសកម្មភាពមួយដែលបានផ្ដល់ផលប្រយោជន៍ជាក់ស្ដែងដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា។ តាមរយៈកម្មវិធីអាហារូបករណ៍ផ្លាស់ប្ដូរអ្នកស្រាវជ្រាវអន្តរជាតិ (International Scholar Exchange Fellowship – ISEF) មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្របសម្រួលឱ្យបញ្ញវន្តកម្ពុជាចន្លោះពីពីរទៅបួនរូបក្នុងមួយឆ្នាំ ទៅបំពេញកម្មវិធីសិក្សា និងស្រាវជ្រាវនៅសាធារណរដ្ឋកូរ៉េ ដោយមានរយៈពេលខុសៗគ្នា ចាប់ពីប្រាំមួយខែរហូតដល់មួយឆ្នាំ។ គិតក្នុងរយៈពេលពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២២ មានបញ្ញវន្តកម្ពុជាចំនួន ៣៤ រូបបានទទួលឱកាសចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរ និងអាហារូបករណ៍អន្តរជាតិនេះ។

ការផ្លាស់ប្ដូរបញ្ញវន្តមិនត្រឹមតែជាការបញ្ជូនមនុស្សពីប្រទេសមួយទៅប្រទេសមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបើកផ្លូវឱ្យមានការផ្លាស់ប្ដូរគំនិត ចំណេះដឹង វិធីសាស្ត្រស្រាវជ្រាវ និងបទពិសោធសង្គម។ អ្នកស្រាវជ្រាវកម្ពុជាដែលបានទៅសិក្សានៅកូរ៉េ អាចស្វែងយល់ដោយផ្ទាល់ពីរបៀបគ្រប់គ្រងស្ថាប័ន ការរៀបចំគោលនយោបាយ និងដំណើរការអភិវឌ្ឍរបស់កូរ៉េ ហើយនាំយកបទពិសោធទាំងនោះមកចែករំលែកជាមួយសហការី និងអ្នកសិក្សានៅកម្ពុជា។

ចំពោះសមិទ្ធផលផ្នែកស្រាវជ្រាវ និងការបោះពុម្ពផ្សាយវិញ ក្រោមការឧបត្ថម្ភគាំទ្រពីដៃគូកូរ៉េ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចការងារជាច្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣ មជ្ឈមណ្ឌលបានអនុវត្តគម្រោងស្រាវជ្រាវក្នុងប្រទេសចំនួន ១៥៥ គម្រោង និងរៀបចំសន្និសីទអន្តរជាតិ ព្រមទាំងសិក្ខាសាលាចំនួន ៥៩ លើក។ ដោយឡែក ក្នុងចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០១៨ មជ្ឈមណ្ឌលបានសម្រេចការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវចំនួន ៤០ ស្នាដៃ ព្រមទាំងគាំទ្រការបោះពុម្ពផ្សាយសៀវភៅ និងស្នាដៃប្រមូលផ្ដុំជាង ៧ ផងដែរ។

ស្នាដៃទាំងនេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អ្នកស្រាវជ្រាវដែលមានចំណេះដឹង និងជំនាញវិជ្ជាជីវៈ ក្នុងការសិក្សាស្វែងយល់ពីបញ្ហាសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍ។ ទោះបីជាសមិទ្ធផលទាំងនេះមិនអាចយកទៅវាស់វែងជាមួយសមិទ្ធផលសេដ្ឋកិច្ច ឬហេដ្ឋារចនាសម្ព័ន្ធដោយផ្ទាល់ក៏ដោយ ប៉ុន្តែវាបានរួមចំណែកដល់ការកសាងមូលដ្ឋានចំណេះដឹង ការលើកកម្ពស់សមត្ថភាពស្រាវជ្រាវ និងការផ្ដល់ព័ត៌មានសម្រាប់ការសិក្សា និងការរៀបចំគោលនយោបាយ។

លើសពីនេះ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាជាតិស្រាវជ្រាវកូរ៉េ និង KDI School រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជូនអ្នកស្រាវជ្រាវ និងមន្ត្រីជាង ១០០ នាក់ទៅចូលរួមវគ្គកសាងសមត្ថភាពនៅសាធារណរដ្ឋកូរ៉េ។ កម្មវិធីទាំងនេះបានផ្ដោតលើវិស័យសំខាន់ៗ ដូចជា កសិកម្ម ទេសចរណ៍ ធនធានទឹក និងបរិស្ថាន ដែលសុទ្ធសឹងជាវិស័យមានសារៈសំខាន់ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ រាជបណ្ឌិត្យសភាកម្ពុជាក៏បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយភាសា និងវប្បធម៌ខ្មែរនៅសាធារណរដ្ឋកូរ៉េ តាមរយៈការបញ្ជូនគ្រូបង្រៀនភាសាខ្មែរទៅបង្រៀននិស្សិតកូរ៉េនៅសាកលវិទ្យាល័យប៊ូសាន។ កិច្ចសហប្រតិបត្តិការនេះមានអត្ថន័យលើសពីការបង្រៀនភាសា ព្រោះភាសាជាស្ពានតភ្ជាប់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណរបស់ប្រជាជាតិមួយទៅកាន់ប្រជាជាតិមួយទៀត។

ក្នុងវិស័យអប់រំកម្រិតខ្ពស់ រាជបណ្ឌិត្យសភាកម្ពុជាក៏បានបញ្ជូនមន្ត្រីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ KDI School ព្រមទាំងបន្តអនុវត្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយគ្រឹះស្ថានឧត្តមសិក្សានេះ។ ការផ្សារភ្ជាប់រវាងការបណ្ដុះបណ្ដាល និងការស្រាវជ្រាវបែបនេះ បានបង្កើតឱកាសឱ្យអ្នកសិក្សាកម្ពុជាអាចយកចំណេះដឹងទ្រឹស្តីទៅពិចារណាលើបញ្ហាអភិវឌ្ឍជាក់ស្ដែងរបស់ប្រទេស។

ដោយឡែក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិ រាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយសាកលវិទ្យាល័យជាតិសេអ៊ូល លើគម្រោងប្រើប្រាស់ទឹកភ្លៀង ដែលមានគោលដៅគ្រោងអនុវត្តនៅតាមសាលារៀនកម្ពុជាចំនួន ១.០០០ សាលា ក្នុងរយៈពេលប្រាំឆ្នាំ។ គម្រោងនេះបង្ហាញពីលទ្ធភាពនៃការភ្ជាប់ចំណេះដឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅនឹងតម្រូវការជាក់ស្ដែងរបស់សហគមន៍ ជាពិសេសការគ្រប់គ្រងធនធានទឹក និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព។

បើយើងមើលជារួម សមិទ្ធផលដែលបានរៀបរាប់ខាងលើអាចចាត់ទុកថាគ្រាន់តែជាចំណែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េប៉ុណ្ណោះ។ ប៉ុន្តែការរួមចំណែកមួយនេះមានអត្ថន័យសម្រាប់ការពង្រឹងទំនាក់ទំនងរវាងស្ថាប័នវិទ្យាសាស្ត្រនៃប្រទេសទាំងពីរ។ ប្រៀបដូចជាម្ជុលតូចមួយដែលអាចដេរភ្ជាប់ផ្ទាំងក្រណាត់ជាច្រើនឱ្យទៅជាផ្ទាំងតែមួយ កិច្ចសហប្រតិបត្តិការផ្នែកសិក្សា និងស្រាវជ្រាវ ទោះមានទំហំមិនទាន់ធំធេងក្តី ក៏វាអាចជួយតភ្ជាប់ចំណេះដឹង បទពិសោធ និងមិត្តភាពរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំផងដែរ។

ជាការពិតណាស់ កន្លងមកអ្នកស្រាវជ្រាវកូរ៉េបានមកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា ខណៈអ្នកសិក្សា និងអ្នកស្រាវជ្រាវកម្ពុជាជាច្រើនក៏បានទៅស្វែងយល់ពីបទពិសោធអភិវឌ្ឍរបស់កូរ៉េ។ ដំណើរទស្សនកិច្ចទាំងនេះមិនត្រឹមតែបានបង្កើតទំនាក់ទំនងរវាងបុគ្គល និងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីសង្គម វប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ អ្នកដែលបានឃើញ និងបានសិក្សាដោយផ្ទាល់ អាចក្លាយជាអ្នកនាំសារច្បិចយកចំណេះដឹង និងបទពិសោធទៅចែករំលែកបន្តនៅក្នុងសង្គមរៀងៗខ្លួន។

សម្លឹងទៅអនាគត ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងនូវគំនិតផ្ដួចផ្ដើមក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវកូរ៉េនៅរាជបណ្ឌិត្យសភាកម្ពុជា ដោយរំពឹងថាមជ្ឈមណ្ឌលនេះអាចក្លាយជាវេទិកាថ្មីមួយសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នកូរ៉េ។ តាមគំនិតដំបូង មជ្ឈមណ្ឌលនេះនឹងផ្ដោតលើបេសកកម្មស្នូលពីរ គឺការស្រាវជ្រាវ និងការបណ្ដុះបណ្ដាល។

ក្នុងផ្នែកស្រាវជ្រាវ មជ្ឈមណ្ឌលនឹងផ្ដោតលើការសិក្សាអំពីសង្គម វប្បធម៌ សេដ្ឋកិច្ច នយោបាយ និងបទពិសោធអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េ ដើម្បីស្វែងយល់ពីគោលនយោបាយ និងការអនុវត្តល្អៗដែលអាចយកមកពិចារណាសម្រាប់បរិបទកម្ពុជា។ គោលដៅមិនមែនជាការចម្លងគំរូអភិវឌ្ឍរបស់កូរ៉េមកអនុវត្តទាំងស្រុងនោះទេ ប៉ុន្តែជាការសិក្សាពីបទពិសោធជោគជ័យ និងបញ្ហាប្រឈមរបស់ប្រទេសនេះ ដើម្បីទាញយកមេរៀនដែលសមស្របនឹងលក្ខខណ្ឌសង្គម សេដ្ឋកិច្ច និងវប្បធម៌កម្ពុជា។

ចំណែកផ្នែកបណ្ដុះបណ្ដាលវិញ មជ្ឈមណ្ឌលនឹងអាចរៀបចំកម្មវិធីសិក្សាភាសាកូរ៉េ ទាំងសម្រាប់អ្នកចាប់ផ្ដើមដំបូង និងអ្នកដែលមានចំណេះដឹងមូលដ្ឋានរួចហើយ។ ជាពិសេស កម្មវិធីនេះអាចផ្ដល់អត្ថប្រយោជន៍ដល់ពលករកម្ពុជាដែលមានបំណងទៅបំពេញការងារនៅសាធារណរដ្ឋកូរ៉េ តាមរយៈការបណ្ដុះបណ្ដាលភាសា ការយល់ដឹងអំពីវប្បធម៌ ឥរិយាបថសង្គម និងច្បាប់ពាក់ព័ន្ធនឹងការរស់នៅ និងការងារ។ ការត្រៀមខ្លួនបានល្អមុនចេញទៅធ្វើការនៅបរទេស អាចជួយកាត់បន្ថយការយល់ច្រឡំ បញ្ហាទំនាក់ទំនង និងហានិភ័យនៃការប្រព្រឹត្តខុសដោយសារកង្វះព័ត៌មាន។

ទោះជាយ៉ាងណា គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវកូរ៉េនេះ នៅស្ថិតក្នុងដំណាក់កាលគំនិតផ្ដួចផ្ដើមនៅឡើយ ហើយត្រូវការការពិភាក្សា ការគាំទ្រ និងកិច្ចសហប្រតិបត្តិការបន្ថែមពីស្ថាប័នដៃគូកូរ៉េ ព្រមទាំងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដើម្បីប្រែក្លាយគំនិតនេះឱ្យទៅជាគម្រោងអាចអនុវត្តបានជាក់ស្ដែង។

ជារួមមក ខួប៣០ឆ្នាំនៃការស្ដារទំនាក់ទំនងការទូតកម្ពុជា–សាធារណរដ្ឋកូរ៉េនៅឆ្នាំ២០២៧ មិនត្រឹមតែជាឱកាសរំលឹកឡើងវិញនូវដំណើរទំនាក់ទំនងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ខួប៣០ឆ្នាំនេះក៏ជាឱកាសសម្លឹងទៅមុខ ដើម្បីស្វែងរកវិស័យសហប្រតិបត្តិការថ្មីៗផងដែរ។ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ការពង្រឹងទំនាក់ទំនងជាមួយស្ថាប័នស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សាកូរ៉េ គឺជាផ្លូវមួយក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស និងសមត្ថភាពស្រាវជ្រាវ។ ទោះបីជាការរួមចំណែកនេះមានទំហំតូចនៅឡើយក្តី ក៏វាជាមូលដ្ឋានគ្រឹះសម្រាប់បន្តកសាងទំនាក់ទំនងរវាងស្ថាប័ន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងមានអត្ថប្រយោជន៍យូរអង្វែង៕