ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ មហាជនខេត្តកំពង់ចាម ចាប់អារម្មណ៍ខ្លាំងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
27-10-2026 15:26
(កំពង់ចាម)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងថា មហាជនខេត្តកំពង់ចាម ចាប់អារម្មណ៍ខ្លាំងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកបានដឹកនាំសហការីចុះសហការជាមួយគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម រៀបចំការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀន និងអត្ថប្រយោជន៍កម្មវិធីទូរស័ព្ទដៃ NoDrug នៅក្នុងពិធីអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តកំពង់ចាម ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) បានថ្លែងសាទរនូវសកម្មភាពផុលផុសរបស់ក្រុមការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជា App NoDrug ដល់មហាជន។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ពាំនាំប្រសាសន៍របស់សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នូវការថ្លែងអំណរគុណ កោតសរសើរដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អលើការងារផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀន និងអត្ថប្រយោជន៍កម្មវិធីទូរសព្ទដៃ NoDrug ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនចូលទស្សនាស្វែងយល់យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានមានប្រសាសន៍ថា ការចូលរួមពីមហាជនចូលរួមស្វែងយល់ ទទួលយកឯកសារចំណេះដឹង និងទាញយកកម្មវិធី NoDrug ពីមហាជននៅខេត្តកំពង់ចាម បញ្ជាក់ថាពួកគាត់មានការចាប់អារម្មណ៍ពីសារៈសំខាន់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសលើការងារផ្សព្វផ្សាយអប់រំដើម្បីទទួលបានព័ត៌មានពិត ចំណេះដឹង ទៅផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ កុំឲ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន «គ្រួសារខ្ញុំ គ្រួសារអ្នក មិនពាក់ព័ន្ធនឹងគ្រឿងញៀន សហគមន៍របស់យើងនឹងគ្មានគ្រឿងញៀន»។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រជាវត្ថុអនុស្សាវរីយ៍មាន ៖ ឆ័ត្រ មួក សៀវភៅ អាវយឺត បន្តោងសោ ផ្លិត ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន ។ល។ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) ក្រុមហ៊ុនទូរសព្ទមិត្តហ្វូន ក្រុមហ៊ុនទេសចរណ៍ឆាយភល និងធូរវើលត្រាវែល៕















































