ខណ្ឌឫស្សីកែវ ទទួលបានគម្រោងរំដោះទឹកជំនន់, ស្ថានីយបូកទឹកគីឡូម៉ែត្រលេខ៩, គម្រោងធ្វើទ្វារទឹក និងគម្រោងរំដោះទឹកជាច្រើនទៀតពីរាជរដ្ឋាភិបាល
27-10-2026 16:03
(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា អ្នករស់នៅខណ្ឌឫស្សីកែវ សំណាងទទួលបានកាដូពីរាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់កាដូសម្រាប់ខណ្ឌឫស្សីកែវនូវគម្រោងរំដោះទឹកជំនន់, ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩, គម្រោងធ្វើទ្វារទឹក និងមានគម្រោងជាច្រើន ក្នុងនោះក៏នៅមានគម្រោងរបស់សាលារាជធានីភ្នំពេញជាច្រើនទៀត ដូចជាការដាក់លូផ្លូវជាតិលេខ៥ជាដើម។
ការគូសបញ្ជាក់បែបនេះរបស់លោក ឯក ឃុនដឿន ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិ៤ នៅខណ្ឌឬស្សីកែវ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដែលមានលោកជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ប៊ី ប្រេម សមាជិកក្រុមប្រឹក្សារាជធានី តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
លោកអភិបាលរង បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍត្រូវការធ្វើតាមដំណាក់កាល និងជាជំហានៗ ពោលកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល រំកិលម្តងមួយឆ្នាំៗ ជាបន្តបន្ទាប់ នឹងដោះស្រាយបញ្ហា ជូនបងប្អូនអ្នកឫស្សីកែវកាន់តែប្រសើរ។
លោក ឯក ឃុនដឿន បានថ្លែងថា ទាក់ទងទៅនឹងកាដូដែលនឹងផ្ដល់ជូនសម្រាប់ខណ្ឌឫស្សីកែវ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០២៧ ឬ២០២៨ ដែលជាគម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ប៉ែកខាងជើង ដោយលោកទទួលបានការចង្អុលបង្ហាញ ពីលោក ឃួង ស្រេង ឱ្យសម្របសម្រួលជាមួយ AFD រៀបចំសិក្សា និងព្រាងជា MOU ដែលត្រូវរៀបចំដាក់ជូន ក្នុងកម្មវិធីប្រជុំប្រទេសនិយាយភាសាបារាំង ជាមួយប្រធានាធិបតីម៉ាក្រុង ដែលត្រូវចុះហត្ថលេខាទទួលកម្ចីប្រហែលជា ១០០លានអឺរ៉ូ សម្រាប់រៀបចំប្រព័ន្ធទឹកកខ្វក់ នៅក្នុងខណ្ឌឫស្សីកែវទាំងមូល។
តាមការបញ្ជាក់របស់លោកអភិបាលរង ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ធ្វើនៅខណ្ឌព្រែកព្នៅ ក៏ប៉ុន្តែប្រព័ន្ធលូដែលត្រូវរៀប គឺស្ថិតក្នុងខណ្ឌឫស្សីកែវ ដែលប្រមាណជា៧០ភាគរយ ដែលត្រូវរៀបចំប្រព័ន្ធលូ ចេញពីផ្ទះប្រជាពលរដ្ឋ បន្តទៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅព្រែកព្នៅតែម្តង។ ខណៈប្រឡាយពោងពាយ, ប្រឡាយអូរវែង, ប្រឡាយបាក់ទូក នឹងរៀបចំជាផ្ទៃបៃតង ជីវចម្រុះ ដើម្បីឱ្យមានការប្រព្រឹត្តិកម្មតាមបែបធម្មជាតិ ដែលអាចចំណាយថវិកាខ្ទង់ប្រហែលជា១០ភាគរយ។ លោកបញ្ជាក់ទៀតថា គម្រោងខាងលើនេះ នឹងត្រូវចុះហត្ថលេខា នៅខែវិច្ឆិកាខាងមុខនេះ ហើយនឹងចាប់ផ្តើមចុះសិក្សាលម្អិត នៅឆ្នាំ២០២៧ និងអនុវត្តគម្រោងខ្ទង់ឆ្នាំ២០២៨ខាងមុខ។
ដោយឡែកសម្រាប់សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ មានប្រជាពលរដ្ឋ៧នាក់ លើកសំណើចំនួន១០ និងសរសេរជាលាយលក្ខណ៍អក្សរ ចំនួន៣៧ច្បាប់ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនោះ ត្រូវបានលោកឯក ឃុនដឿន បានធ្វើការបញ្ជាក់ និងដោះស្រាយជូន ព្រមទាំងបានជំរុញឲ្យរដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យជាក់ស្តែងតាមការស្នើសុំរបស់ពលរដ្ឋ លើសំណើនីមួយៗផងដែរ៕































