លោក ប៉ែន បូណា៖ សន្តិភាព និងស្ថិរភាពសង្គម ជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន ដែលត្រូវរួមគ្នាថែរក្សានិងការពារ
27-10-2026 16:16
(ពោធិ៍សាត់)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងសង្គ្រាម និងភាពវឹកវរបង្កជាអស្ថិរភាព នៅតាមតំបន់ជាច្រើន មនុស្សជាតិ និងមេដឹកនាំពិភពលោកមកាន់តែផ្តល់តម្លៃខ្លាំងឡើងដល់ «សន្តិភាព និងស្ថិរភាពសង្គម»។ សម្រាប់កម្ពុជា សន្តិភាពដែលរកបានដោយលំបាក ត្រូវបានថែរក្សាយ៉ាងរឹងមាំក្នុងរយៈពេលជិត ៣ទសវត្សរ៍ចុងក្រោយនេះ ដោយបានផ្តល់ផលប្រយោជន៍យ៉ាងធំធេងមិនធ្លាប់មានជូនជាតិ និងប្រជាជន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» ដោយមានការអញ្ជើញចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធប្រមាណជាង២០០នាក់។
លោក ប៉ែន បូណា បានលើកឡើងថា មន្ត្រីទទួលបន្ទុកព័ត៌មាននិងនាំពាក្យ មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការបន្សាបរាល់ព័ត៌មានញុះញង់ បំផ្លើសបំភ្លៃ ដែលមានគោលដៅបំផ្លាញសន្តិភាពពីសំណាក់ក្រុមជ្រុលនិយម។
លោកបានបញ្ជាក់ថា ការងារព័ត៌មានត្រូវធ្វើឡើងទន្ទឹមគ្នារវាង៖
*ការឆ្លើយតប និងស្រាយបំភ្លឺ (Reactive): ដោះស្រាយ និងបន្សាបព័ត៌មានភូតកុហកឱ្យទាន់ពេលវេលា ដើម្បីការពារកុំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។
*ការងារបុរេសកម្ម (Proactive): បន្តផ្សព្វផ្សាយជាប្រចាំអំពីតម្លៃនៃសន្តិភាព ស្ថិរភាពសង្គម និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
បើតាមប្រសាសន៍របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាអាចថែរក្សាសន្តិភាពបានយ៉ាងល្អប្រសើររហូតមកដល់សព្វថ្ងៃ គឺផ្អែកលើកត្តា៖
*ទី១- កម្ពុជាមានថ្នាក់ដឹកនាំដែលយល់ជ្រៅជ្រះអំពីប្រវត្តិសាស្ត្រ បានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីស្វែងរកសន្តិភាព និងឈរជាជន្ទល់យ៉ាងរឹងមាំ ក្នុងការការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
*ទី២- ប្រជាពលរដ្ឋខ្មែរឆ្លាតវៃ ផ្តល់តម្លៃខ្ពស់លើសន្តិភាព និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាហេតុធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមបំបែកបំបាក់សង្គម និងបម្រើផលប្រយោជន៍បរទេស ត្រូវស្ថិតក្នុងស្ថានភាពឯកោ និងបាត់បង់ការគាំទ្រទាំងស្រុង។
លោក ប៉ែន បូណា បានសង្កត់ធ្ងន់ និងអំពាវនាវដល់មន្ត្រីព័ត៌មានទាំងអស់ ត្រូវបន្តរួមចំណែកការពារសន្តិភាព តាមរយៈការផ្តល់ព័ត៌មានពិត បន្សាបព័ត៌មានបំពុល និងវែកមុខក្រុមចង់បំផ្លាញជាតិ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់លាស់៕














