លោកស្រីបណ្ឌិត ជា សិរី ជំរុញការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ដើម្បីពង្រឹងសមត្ថភាពសេដ្ឋកិច្ចនៅកម្ពុជា
27-10-2026 16:33
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យមានការពង្រឹងបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការពង្រីកលទ្ធភាពទទួលបានផលិតផល និងសេវាហិរញ្ញវត្ថុដែលសមស្រប ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចបានកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងសិក្ខាសាលា និងកិច្ចពិភាក្សាស្តីពី «បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា» រៀបចំឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងគោលបំណងពិភាក្សា ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងស្វែងរកដំណោះស្រាយជាក់ស្តែង ដើម្បីជំរុញការអនុវត្តគោលនយោបាយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងការលើកកម្ពស់សេវាហិរញ្ញវត្ថុឌីជីថល។ ការទូទាត់តាមប្រព័ន្ធឌីជីថល សេវាធនាគារចល័ត និងប្រព័ន្ធទូទាត់ដែលមានការតភ្ជាប់គ្នា បានជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុ និងកាត់បន្ថយឧបសគ្គក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។
លោកស្រីបានគូសបញ្ជាក់ថា «ស្ត្រីមានតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ចាប់ពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ការប្រកបអាជីវកម្ម រហូតដល់ការចូលរួមក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម។ ដូច្នេះការធានាឱ្យស្ត្រីទទួលបានសេវាហិរញ្ញវត្ថុ ដែលសមស្របនឹងតម្រូវការរបស់ពួកគេ គឺជាកត្តាចាំបាច់សម្រាប់ពង្រឹងសមត្ថភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពគ្រួសារ»។
លោកស្រីបានបញ្ជាក់ថា ការទទួលបានសេវាហិរញ្ញវត្ថុតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ។ ស្ត្រីត្រូវមានចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់សេវាទាំងនោះ ប្រកបដោយប្រសិទ្ធភាព ចេះធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ដោយផ្អែកលើព័ត៌មានច្បាស់លាស់ អាចគ្រប់គ្រងហានិភ័យ និងបង្កើតសុខុមាលភាពហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់ខ្លួនឯង និងគ្រួសារ។
ជាមួយគ្នានេះ តម្រូវការហិរញ្ញវត្ថុរបស់ស្ត្រីមានភាពខុសៗគ្នាទៅតាមមុខរបរ កម្រិតប្រាក់ចំណូល ទីតាំង និងស្ថានភាពរស់នៅ។ ស្ត្រីជាសហគ្រិនត្រូវការប្រភពទុន និងហិរញ្ញប្បទានសមស្របសម្រាប់អាជីវកម្ម ខណៈស្ត្រីជាកសិករអាចត្រូវការឥណទានតាមរដូវកាល សេវាសន្សំ និងការធានារ៉ាប់រងលើការធ្វើកសិកម្ម។ ចំណែកស្ត្រីនៅតំបន់ជនបទ ស្ត្រីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងស្ត្រីមានពិការភាព ក៏អាចប្រឈមនឹងឧបសគ្គបន្ថែមក្នុងការទទួលបានសេវាហិរញ្ញវត្ថុផងដែរ។
ស្របជាមួយគ្នានោះដែរ លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងឲ្យដឹងថា បរិយាបន្នហិរញ្ញវត្ថុ ជាអាទិភាពស្នូលមួយដែលត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦។ សម្រាប់ក្រសួងកិច្ចការនារី បរិយាបន្នហិរញ្ញវត្ថុ មានអត្ថន័យលើសពីការបានឥណទាន ឬការប្រើប្រាស់សេវាទូទាត់ឌីជីថល។
លោកស្រីបណ្ឌិតបានបន្ថែមថា អ្វីដែលសំខាន់ជាងនេះគឺថាតើស្ត្រីមានចំណេះដឹង ឱកាស ផលិតផល និងសេវាហិរញ្ញវត្ថុសមស្រប ព្រមទាំងមានសិទ្ធិ និងភាពអង់អាចក្នុងការសម្រេចចិត្ត ដើម្បីប្រើប្រាស់ហិរញ្ញវត្ថុក្នុងការលើកកម្ពស់ជីវភាព ការពង្រីកអាជីវកម្ម ការបង្កើតទ្រព្យសម្បត្តិ ការបង្កើនភាពធន់របស់គ្រួសារចំពោះវិបត្តិសេដ្ឋកិច្ច និងរៀបចំផែនការអនាគតរបស់ខ្លួនដោយមានទំនុកចិត្តដែរឬទេ។
លោកស្រីបានបញ្ជាក់ថា «ក្នុងន័យនេះ ខ្ញុំសូមគូសបញ្ជាក់នូវសារមួយថា គោលដៅរបស់យើងមិនត្រឹមតែនាំស្ត្រីឱ្យចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុអាចឆ្លើយតប និងបម្រើស្ត្រីបានកាន់តែប្រសើរ។ មានន័យថា យើងត្រូវបន្តដំណើរពីការទទួលបានសេវាហិរញ្ញវត្ថុ ឆ្ពោះទៅបរិយាបន្នហិរញ្ញវត្ថុប្រកបដោយអត្ថន័យ និងឈានទៅរកការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី និងក្រុមគ្រួសាររបស់ពួកគេ»។
លោកស្រីបានបន្ថែមថា បរិយាបន្នហិរញ្ញវត្ថុអាចចូលរួមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពស្ត្រី និងគ្រួសារតាមរយៈទិដ្ឋភាពសំខាន់ៗបីយ៉ាង៖
១៖ ការពង្រីកឱកាសសេដ្ឋកិច្ចរបស់ស្ត្រី៖ ការទទួលបានសេវាហិរញ្ញវត្ថុដែលសមស្រប និងមានតម្លៃសមរម្យអាចជួយឱ្យស្ត្រីសន្សំ វិនិយោគ ទទួលបានទុនសម្រាប់អាជីវកម្ម ពង្រីកមុខរបរ អភិវឌ្ឍជំនាញ និងលើកកម្ពស់សុខុមាលភាពគ្រួសារ។
២៖ ការពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច៖ ការសន្សំ ឥណទានប្រកបដោយការទទួលខុសត្រូវ ការធានារ៉ាប់រង ចំណេះដឹងហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុឌីជីថលដែលសមស្រប អាចជួយស្ត្រី និងគ្រួសារត្រៀមខ្លួន និងឆ្លើយតបបានកាន់តែប្រសើរជាងមុន ចំពោះហានិភ័យ និងវិបត្តិសេដ្ឋកិច្ច។
៣៖ ការពង្រឹងសិទ្ធិអំណាច និងការសម្រេចចិត្តរបស់ស្ត្រី៖ នៅពេលស្ត្រីមានលទ្ធភាពទទួលបាន និងមានការគ្រប់គ្រងលើធនធានហិរញ្ញវត្ថុ ពួកគេនឹងមានលទ្ធភាពកាន់តែប្រសើរ ក្នុងការសម្រេចចិត្តសម្រាប់ឆាកជីវិត អាជីវកម្ម គ្រួសារ និងសហគមន៍របស់ខ្លួន។
ហេតុផលទាំងនេះដែលបង្ហាញថា បរិយាបន្នហិរញ្ញវត្ថុរបស់ស្ត្រីមិនមែនជារបៀបវារៈសង្គមកិច្ចតែមួយមុខនោះទេ ប៉ុន្តែជារបៀបវារៈសេដ្ឋកិច្ច និងជាការវិនិយោគសម្រាប់អនាគតរបស់កម្ពុជាផងដែរ៕















