រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
27-10-2026 20:20
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការជ្រើសរើសប្រជាពលរដ្ឋខ្មែរចំនួន ១០ ០០០នាក់ ដើម្បីឱ្យចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។
បើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា៖ «ត្រូវបានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរដែលមានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន១០ ០០០នាក់ សម្រាប់ឆ្នាំ២០២៦»។
គួរឱ្យដឹងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះតម្រូវឱ្យយុវជនខ្មែរជាបុរស ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ពរយៈពេល ២៤ខែ និងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ។ ចំពោះពលរដ្ឋខ្មែរជាស្ត្រីវិញ គឺផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
យុវជនដែលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ ដោយបូករួមជាមួយនឹងរបបផ្សេងៗទៀត។ នេះបើតាម ក្នុងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
ក្នុងជំពូកទី៥ ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត ផ្នែកទី១ ប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ចំពោះយោធិនកំពុងបំពេញកាតព្វកិច្ចយោធា ត្រង់មាត្រា១៦ បានកំណត់បែបនេះថាយោធិនកំពុងបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗដូចខាងក្រោម៖
ក៖ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០,០០០ (បួនសែន)រៀល
ខ៖ គោលរបបផ្សេងៗ ត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖
*ប្រាក់ម្ហូបប្រចាំថ្ងៃ
*ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់
*ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន
*របបអង្ករប្រចាំថ្ងៃ
*របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួន។
ដោយឡែក សម្រាប់មាត្រា១៧ ក៏បានកំណត់ទៀតថា យោធិនមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការសង្គ្រោះ ការព្យាបាល និងការថែទាំពីក្រសួងការពារជាតិ។
កាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាវិធានការដ៏មានសារៈសំខាន់ ក្នុងកាជួយរពង្រឹងវិស័យការពារជាតិ និងការកសាងធនធានមនុស្សប្រកបដោយគុណភាពផ្តល់ឱកាសដល់យុវជនជំនាន់ថ្មី ដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ បានចូលរួមប្រកបដោយឆន្ទះ ក្នុងស្មារតីបម្រើជាតិមាតុភូមិ និងចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាពនៃជាតិ។
តាមរយៈការបំពេញកាតព្វកិច្ចយោធា យុវជននឹងទទួលបានការហាត់ពត់លត់ដំ ផ្នែកវិន័យ សីលធម៌ការគោរពបទបញ្ជា ការរស់នៅជាក្រុម និងការទទួលខុសត្រូវក្នុងសង្គម។ ទន្ទឹមនឹងនេះ ក៏ជួយឲ្យយុវជនយល់ដឹងកាន់តែច្បាស់ និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទផងដែរ។ ខណៈជំហានដំបូងនឹងមានយុវជនគ្រប់អាយុចន្លោះ ១,៥ ទៅ ២ភាគរយ នឹងត្រូវចូលបំពេញកាតព្វកិច្ចយោធា តាមច្បាប់៕
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖






