វិទ្យាល័យ ជា ចាន់តូ បើកដំណើរការឆ្នាំសិក្សាដំបូង ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
27-10-2026 20:29
(កំពង់ធំ)៖ វិទ្យាល័យ ជា ចាន់តូ ដែលមានទីតាំងនៅស្រុកសន្ទុក ខេត្តកំពង់ធំ បានសម្ពោធជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយចាប់ផ្តើមដំណើរការឆ្នាំសិក្សាដំបូង ដើម្បីផ្តល់ឱកាសសិក្សារៀនសូត្រដល់សិស្សានុសិស្ស និងចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោកស្រី ខៀវ ស៊ីណា ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ បានលើកឡើងក្នុងពិធីសម្ពោធថា គម្រោងសាងសង់វិទ្យាល័យនេះបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានចក្ខុវិស័យវែងឆ្ងាយ និងការប្តេជ្ញាចិត្តក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស ជាពិសេសនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកស្រីបានបញ្ជាក់ថា ការបើកដំណើរការឆ្នាំសិក្សាដំបូងនេះ មានសិស្សានុសិស្សសរុបចំនួន ១៤៥ នាក់ ដែលត្រូវបានជ្រើសរើសដោយយកចិត្តទុកដាក់ ដោយផ្អែកលើលទ្ធផលសិក្សាពីអនុវិទ្យាល័យ និងវិទ្យាល័យនានានៅទូទាំងខេត្តកំពង់ធំ។
លោកស្រីបានចាត់ទុកវិទ្យាល័យ ជា ចាន់តូ ថាជាបេះដូង និងជាពន្លកនៃក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដោយសារគ្រឹះស្ថានអប់រំនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនក្នុងតំបន់ឱ្យទទួលបានការអប់រំ និងកសាងអនាគតកាន់តែប្រសើរ។
ទន្ទឹមនឹងនេះលោកស្រីក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូឱ្យយកចិត្តទុកដាក់ក្នុងការបង្រៀន ដើម្បីឱ្យសិស្សទទួលបានលទ្ធផលសិក្សាល្អ មានសីលធម៌ និងក្លាយជាពលរដ្ឋគំរូដែលអាចចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។
ចំណែកបុគ្គលិកវិទ្យាល័យ ត្រូវបំពេញបេសកកម្មប្រកបដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ថែរក្សាអគារ បរិស្ថាន និងសុខុមាលភាពរបស់សិស្សានុសិស្ស។
លោកស្រីក៏បានថ្លែងអំណរគុណ ដល់អាណាព្យាបាល និងមាតាបិតាសិស្ស ដែលបានផ្តល់ទំនុកចិត្តដល់វិទ្យាល័យ ជា ចាន់តូ ក្នុងការផ្តល់ការអប់រំជាមូលដ្ឋានគ្រឹះដល់កូនៗរបស់ពួកគេ។ លោកជំទាវសង្ឃឹមថា គ្រឹះស្ថានអប់រំមួយនេះនឹងក្លាយជាកន្លែងបណ្តុះបណ្តាលចំណេះដឹង ពង្រឹងចរិតលក្ខណៈ និងអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំសម្រាប់មនុស្សជំនាន់ក្រោយ។
គួរបញ្ជាក់ថា វិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាអាទិភាពគន្លឹះទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្តោតលើការកសាងធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០។
ការបង្កើតវិទ្យាល័យ ជា ចាន់តូ ត្រូវបានរំពឹងថា នឹងរួមចំណែកពង្រីកឱកាសទទួលបានការអប់រំ និងជំរុញការអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជានាពេលអនាគត៕

















