កម្ពុជាដាក់ឱ្យប្រើប្រាស់ និងរៀបចំបញ្ជូនយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) ទៅកាន់អង្គកាសហប្រជាជាតិ
27-10-2026 20:43
(យេរេវ៉ាន់-អាមេនី)៖ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទបណ្តាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP 17) នៅទីក្រុងយេរេវ៉ាន់ ប្រទេសអាមេនី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Astrid Schomaker អគ្គលេខាធិការនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD Executive Secretary) ដើម្បីពិភាក្សាលើ «យុទ្ធសាស្រ្តនិងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP)» របស់ប្រទេសកម្ពុជា។
នៅក្នុងជំនួបដ៏មានសារៈសំខាន់នោះរដ្ឋមន្ត្រីបានបញ្ជាក់ជូនលោកស្រីអគ្គលេខាធិការថា ឯកសារយុទ្ធសាស្ត្រ NBSAP នេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យនិងអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។ ជាងនេះទៅទៀត ឯកសារយុទ្ធសាស្ត្រជាតិដ៏មានតម្លៃនេះ ក៏កំពុងត្រូវបានរៀបចំដាក់បញ្ជូនទៅកាន់លេខាធិការដ្ឋានអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ផងដែរ។
លោករដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីដំណើរការ និងសារៈសំខាន់នៃឯកសារ NBSAP របស់កម្ពុជា ដូចខាងក្រោម៖
*ដំណើរការរៀបចំប្រកបដោយបរិយាបន្ន៖ កិច្ចដំណើរការធ្វើបច្ចុប្បន្នភាពឯកសារ NBSAP នេះ បានចាប់ផ្តើមឡើងតាំងពីខែមិថុនា ឆ្នាំ២០២៥ ដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយតាមរយៈសិក្ខាសាលាចំនួន ១៧លើក។ ដំណើរការនេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ក្រសួង-ស្ថាប័នជំនាញ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា យុវជន ស្ត្រី ជនជាតិដើមភាគតិច និងវិស័យឯកជន ព្រមទាំងទទួលបានធាតុចូលចំនួន ២លើក ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព (ក.ជ.អ.ច.)។
*ការស៊ីសង្វាក់គ្នានឹងយុទ្ធសាស្ត្រជាតិ៖ ឯកសារ NBSAP របស់កម្ពុជា ត្រូវបានរៀបចំឡើងឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតជាចម្បងលើ «មុំបៃតង» រួមជាមួយមុំភាពស្អាត និងភាពចីរភាព។
*ការឆ្លើយតបនឹងក្របខណ្ឌសកល និងការសម្រេចបានលើសសូចនាករ៖ ឯកសារនេះត្រូវបានរៀបចំឡើងដោយភាពសុខដុមនីយកម្មជាមួយក្របខណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរេអាល់ (Kunming-Montreal Global Biodiversity Framework - KM-GBF) ដោយផ្តោតលើតំបន់ការពារធម្មជាតិទាំង ៧៣ របស់កម្ពុជា ដែលគ្របដណ្តប់លើផ្ទៃដី ៧លានហិកតា ឬស្មើនឹង ៣៩% នៃផ្ទៃដីប្រទេសទាំងមូល ដែលតួលេខនេះគឺធំជាង និងលើសពីគោលដៅ ៣០x៣០ របស់ KM-GBF ទៅទៀត។
បន្ថែមពីលើនេះ ឯកសារ NBSAP របស់កម្ពុជា ត្រូវបានបង្កើតឡើងដោយឈរលើគោលដៅយុទ្ធសាស្ត្រធំៗចំនួន ៣រួមមាន៖
គោលដៅទី១៖ ការអភិរក្ស ការស្តារឡើងវិញ និងការលើកកម្ពស់ជីវៈចម្រុះ និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី។
គោលដៅទី២៖ ការធានាបាននូវការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាព និងការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។
គោលដៅទី៣៖ ការពង្រឹងបរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព។
ជាការឆ្លើយតប លោកស្រី Astrid Schomaker បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រ NBSAP នេះឡើង។
លោកស្រីបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិរបស់កម្ពុជា មិនត្រឹមតែបានឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការការពារ និងថែរក្សាជីវៈចម្រុះឱ្យបានគង់វង្ស និងកាន់តែប្រសើរឡើង សម្រាប់ជាឧត្តមប្រយោជន៍ដល់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ។
ជំនួបទ្វេភាគីនេះ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា លើឆាកអន្តរជាតិ ក្នុងការអនុវត្តយុទ្ធសាស្ត្របៃតង និងការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ស្របតាមស្មារតីនៃក្របខណ្ឌការងារជីវៈសកល៕










