រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ និទ្ទេស A ជាជំហានដំបូង មិនមែនជាគោលដៅចុងក្រោយ យុវជនត្រូវបន្តអភិវឌ្ឍសមត្ថភាព ដើម្បីជោគជ័យក្នុងជីវិត និងការងារ
27-10-2026 21:06
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តល់ដំបូន្មានដល់សិស្សពូកែនិទ្ទេស A ចំនួន ៣៦ នាក់ មកពីខេត្តក្រចេះ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពជាប្រចាំ ដោយមិនត្រូវបញ្ឈប់ការខិតខំត្រឹមសមិទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិនោះទេ ព្រោះនិទ្ទេស A គ្រាន់តែជាជំហានដំបូង មិនមែនជាគោលដៅចុងក្រោយនៃជីវិតឡើយ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សពូកែដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ព្រមទាំងនាយកសាលា និងមាតាបិតា អាណាព្យាបាល លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលដៅសំខាន់របស់យុវជនមិនមែនត្រឹមតែទទួលបានលទ្ធផលសិក្សាល្អនោះទេ ប៉ុន្តែត្រូវបន្តការសិក្សាឱ្យចប់ មានជំនាញច្បាស់លាស់ មានសមត្ថភាពប្រកបការងារ និងអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯង និងគ្រួសារបាន។
ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន, លោក សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, លោក អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងប្រធានក្រុមការងារទាំង ៧ក្រុង ស្រុក ក្នុងខេត្តក្រចេះ ព្រមទាំង មាតាបិតា អាណាព្យាបាល។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការប្រឡងជាប់និទ្ទេស A គឺជាសមិទ្ធផលដ៏គួរឱ្យមោទនភាព ប៉ុន្តែការរក្សាសមត្ថភាព និងការបន្តរីកចម្រើនត្រូវការការខិតខំប្រឹងប្រែងជាបន្តបន្ទាប់។ ប្រសិនបើសិស្សដែលទទួលបាននិទ្ទេស A មិនបន្តយកចិត្តទុកដាក់ក្នុងការសិក្សានៅសាកលវិទ្យាល័យទេ នោះសិស្សដែលទទួលបាននិទ្ទេស B, C ឬ D ប៉ុន្តែមានការតស៊ូរៀនសូត្រ និងអភិវឌ្ឍខ្លួនជាប់លាប់ ក៏អាចមានសមត្ថភាពលេចធ្លោជាងបានដែរ។
រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លទ្ធផលប្រឡងជាសញ្ញាបង្ហាញពីសមត្ថភាពនៅដំណាក់កាលមួយ ប៉ុន្តែភាពជោគជ័យក្នុងជីវិតអាស្រ័យលើការខិតខំរៀនសូត្រ ការអភិវឌ្ឍជំនាញ និងការអនុវត្តចំណេះដឹងឱ្យមានប្រយោជន៍ជាក់ស្តែង។ ដូច្នេះ យុវជនត្រូវបន្តរៀនសូត្រពេញមួយជីវិត ពង្រឹងសមត្ថភាពដែលចាំបាច់សម្រាប់ទីផ្សារការងារ និងត្រៀមខ្លួនឱ្យបានល្អសម្រាប់អនាគត។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានបង្ហាញថា ការទទួលបាននិទ្ទេស A មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្តីរីករាយរបស់មាតាបិតា ក្រុមគ្រួសារ សាលារៀន និងជាកិត្តិយសសម្រាប់ភូមិ ស្រុក និងខេត្តផងដែរ។ ទោះបីមាតាបិតាមិនបានបង្ហាញអារម្មណ៍របស់ខ្លួនតាមរយៈពាក្យសម្ដីក៏ដោយ ក៏ជោគជ័យរបស់កូនជាក្តីសោមនស្ស និងមោទនភាពដ៏ធំធេងសម្រាប់ពួកគាត់។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងដោយភ្ជាប់នឹងតម្លៃគ្រួសារ និងសង្គមថា ការខិតខំរៀនសូត្រ ការធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ គឺជាការតបស្នងដ៏មានតម្លៃចំពោះមាតាបិតា និងជាការរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។ យុវជនដែលមានចំណេះដឹង មានសមត្ថភាព និងមានទំនួលខុសត្រូវ នឹងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់គ្រួសារ សហគមន៍ និងប្រទេសជាតិ។
ទន្ទឹមនឹងការជំរុញឱ្យយុវជនពង្រឹងចំណេះដឹង, រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់អំពីតម្លៃសំខាន់ៗដែលមនុស្សគួរមាន រួមមាន សុខភាពល្អ ចំណេះដឹង និងសីលធម៌។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចំណេះដឹងត្រូវដើរទន្ទឹមនឹងសីលធម៌ ព្រោះបើមនុស្សមានចំណេះដឹង ប៉ុន្តែខ្វះសីលធម៌ នោះចំណេះដឹងដែលមានអាចមិនត្រូវបានប្រើប្រាស់ក្នុងផ្លូវត្រឹមត្រូវ និងមិនអាចបំពេញតួនាទីជាមនុស្សល្អក្នុងសង្គមបានឡើយ។
សារអប់រំដែលើកឡើងដោយរដ្ឋមន្ត្រី នេត្រ ភក្ត្រា ខាងលើនេះ បានបង្ហាញថា ការកសាងយុវជនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព មិនអាចផ្អែកតែលើលទ្ធផលសិក្សា ឬសញ្ញាបត្រនោះទេ ប៉ុន្តែត្រូវរួមបញ្ចូលទាំងសមត្ថភាពវិជ្ជាជីវៈ សុខភាពល្អ សីលធម៌ និងការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គម៕


































