ពលរដ្ឋជាង ១០០គ្រួសារ បានបន្តមកតាំងទីលំនៅថ្មីនៅចំណុចអូរសេវ៣ ស្រុកសេសាន ក្រោមគម្រោង (ផ.ក.អ.)
27-10-2026 22:19
(ស្ទឹងត្រែង)៖ លោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) និងលោក សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ រួមជាមួយលោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក សរ សុពុត្រា អភិបាលខេត្ត នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍ និងដឹកនាំប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា ដែលបានមកតាំងទីលំនៅថ្មីនៅចំណុចអូរសេវ៣ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាមព័ត៌មានដែលទទួលបានប្រជាពលរដ្ឋដែលបានមកដល់ក្នុងពេលនេះ មានចំនួន១១៩គ្រួសារ ក្នុងនោះមកពីខេត្តកំពង់ធំ ចំនួន ១០គ្រួសារ ខេត្តតាកែវ ចំនួន ១៦គ្រួសារ ខេត្តឧត្តរមានជ័យ ចំនួន ៥គ្រួសារ ខេត្តកំពង់ចាមចំនួន ៦៣គ្រួសារ និងខេត្តរតនគិរី ចំនួន ២៥គ្រួសារ។ ការមកដល់របស់ប្រជាពលរដ្ឋទាំងនេះ គឺជាជំហានបន្ថែមទៀតក្នុងការអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព សំដៅបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងការកសាងលំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតនៅទីតាំងថ្មី។
កម្មវិធីនេះមានគោលដៅសំខាន់ក្នុងការផ្តល់ដីស្របច្បាប់ជូនប្រជាពលរដ្ឋ សម្រាប់សាងសង់លំនៅឋាន និងប្រកបរបរកសិកម្ម ដើម្បីបង្កើនលទ្ធភាពផលិតកម្ម លើកកម្ពស់ជីវភាពគ្រួសារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងធានាឱ្យមានការប្រើប្រាស់ធនធានដីធ្លី និងធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ និងចីរភាព។
ការបន្តទទួលស្វាគមន៍ប្រជាពលរដ្ឋមកតាំងទីលំនៅថ្មីនេះ ក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍជនបទ កាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅ និងបង្កើតឱកាសឱ្យប្រជាពលរដ្ឋមានលំនៅឋាន និងដីសម្រាប់បង្កបង្កើនផល។
ជាមួយគ្នានេះ ការអនុវត្តគម្រោងមិនត្រឹមតែផ្តោតលើការផ្តល់ដី និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងផ្សារភ្ជាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាមួយការការពារព្រៃឈើ និងធនធានធម្មជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនាពេលអនាគត៕
























