ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បញ្ចប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំទី៣ អាណត្តិទី៤ នៅទូទាំង៧ក្រុង-ស្រុក ដោយទទួលបានសំណូមពរ និងបញ្ហាប្រឈម ១៧០ករណី ដោះស្រាយបានជិត ៨០%
28-10-2026 14:29
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃពុធ ២រោជ ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបចំ «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំទី៣ អាណត្តិទី៤» នៅសាលាក្រុងពោធិ៍សាត់ ក្នុងគោលបំណងប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន យកមកពិភាក្សា ស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យបានចំគោលដៅ ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងទាន់ពេលវេលា។
អង្គវេទិកាទាំងមូលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត-ស្រុក គណៈអភិបាលក្រុង ក្រុមវាគ្មិនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការការិយាល័យជុំវិញក្រុង ចៅសង្កាត់ តំណាងវិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ ប្រមាណជាង២០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកានេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមសហការ និងជំរុញដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីទទួលបាននូវលទ្ធផលជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។
លោកបានបន្ថែមថា វេទិកានេះផ្តល់ឱកាសស្មើៗគ្នាដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការទទួលបានព័ត៌មានស្តីពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបាន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋអាចលើកឡើងដោយផ្ទាល់អំពីបញ្ហាប្រឈម សុខទុក្ខ និងសំណូមពរផ្សេងៗ ជូនទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាពិនិត្យ និងរកដំណោះស្រាយ ដែលបញ្ហាទាំងអស់នោះមិនពាក់ព័ន្ធនឹងរឿងនយោបាយ។
លោកប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា រាល់មតិយោបល់ សំណួរ និងសំណូមពរ គឺជាធាតុចូលដ៏មានតម្លៃ និងជាសក្តានុពលដ៏ធំធេងដែលជួយឱ្យអាជ្ញាធរអាចឆ្លុះបញ្ចាំងពីចំណុចខ្វះខាត និងកំណត់បាននូវបញ្ហាអាទិភាពពិតប្រាកដ។ ចំពោះករណីដែលមិនទាន់អាចដោះស្រាយបានភ្លាមៗក្នុងវេទិកា អាជ្ញាធរក្រុង មន្ទីរជំនាញ និងរដ្ឋបាលខេត្ត នឹងស្រង់យកទៅពិភាក្សាជម្រៅបន្ថែម ដោយដាច់ខាតមិនទុកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋចោល ឬគេចវេសឡើយ។
នៅក្នុងឱកាសនោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ទាំង៧ចំណុច ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ត្រូវខិតខំជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងតម្លាភាព ដោយត្រូវលុបបំបាត់ឱ្យបានដាច់ខាតនូវអំពើពុករលួយ ក្នុងការធ្វើលិខិតស្នាមផ្សេងៗ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត លោក ម៉ក់ រ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលក្រុងពោធិ៍សាត់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសម្របសម្រួលរៀបចំវេទិកានេះឡើងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
គួរជម្រាបជូនថា សរុបលទ្ធផល វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ទាំង៧ក្រុង-ស្រុក (ចាប់ពីថ្ងៃទី១៩ ដល់ ២៨ តុលា ២០២៦) វេទិកាទទួលបានសំណួរ សំណូមពរ និងក្តីកង្វល់ ទាំងផ្ទាល់មាត់ និងលិខិត សរុបចំនួន ១៧០ករណី ដូចខាងក្រោម៖
១-ស្រុកវាលវែង ១៤ករណី
២-ស្រុកភ្នំក្រវាញ ៤៣ករណី
៣-ស្រុកតាលោសែនជ័យ ២៩ករណី
៤-ស្រុកបាកាន ១៥ករណី
៥-ស្រុកកណ្តៀង ១២ករណី
៦-ស្រុកក្រគរ ៣១ករណី
និង៧-ក្រុងពោធិ៍សាត់ ២៦ករណី។
ការដោះស្រាយ ចំពោះសំណួរ សំណូមពរ និងក្តីកង្វល់ ទាំង១៧០ករណីនេះ អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានរួមគ្នាដោះស្រាយ និងស្រាយបំភ្លឺភ្លាមៗនៅនឹងកន្លែងបានរហូតដល់ ប្រមាណ ៨០%។ ដោយឡែក ២០%ទៀត ដែលជានីតិវិធីស្មុគស្មាញ និងតម្រូវប្រើប្រាស់ថវិកា ត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍន៍ ដើម្បីបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ធ្វើការពិនិត្យ និងដោះស្រាយ នាពេលឆាប់ៗខាងមុខ៕






















































