ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កាត់វិញ្ញាសាប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា នៅមណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្របពេលជាមួយមណ្ឌលទាំង៥ផ្សេងទៀត
28-10-2026 14:38
(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា បានចាប់ផ្តើមឆ្លងកាត់ទិដ្ឋភាពដ៏ម៉ឺងម៉ាត់ ម៉ត់ចត់ និងមានតម្លាភាពបំផុត ក្នុងការបើកកញ្ចប់វិញ្ញាសាដំបូង។
នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដំណើរការកាត់កញ្ចប់វិញ្ញាសាទី១ (វិញ្ញាសាភាសាខ្មែរ) ជានិមិត្តរូប ត្រូវបានដឹកនាំនិងពិនិត្យផ្ទាល់ដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។
កិច្ចដំណើរការកាត់បើកកញ្ចប់វិញ្ញាសានេះ ក៏មានការអញ្ជើញចូលរួមពិនិត្យ និងធ្វើជាសាក្សីផ្ទាល់ពីសំណាក់តំណាងក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អង្គភាពប្រឆាំងអំពើពុករលួយ (ACU), តំណាងសាកលវិទ្យាល័យ, សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.), សាធារណជន ព្រមទាំងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងទៅកាន់បេក្ខជន និងសាធារណជនថា «វិញ្ញាសាសម្រាប់ប្អូនៗ ដែលប្រឡងប្រជែងនាពេលនេះ គឺវិញ្ញាសាទី១ គឺចាប់ផ្តើមតាក់តែងថ្មីៗនេះ។ ឯវិញ្ញាសាម៉ោងទី៣ ទើបតែបញ្ចប់កាលពីម៉ោង ១១:០០នាទីព្រឹកនេះទេ។ ការធ្វើដូច្នេះ គឺដើម្បីធានាថាមិនមាននរណាម្នាក់ដឹងវិញ្ញាសាមុននោះទេ។ បេក្ខជនជាង២ម៉ឺននាក់ គឺមិនមានអ្នកណាដឹងថា វិញ្ញាសាចេញអ្វីជាផ្លូវការនោះទេ។ ប្រសិនបើអ្នកទាំងអស់គ្នា បានអានកម្មវិធីសិក្សារបស់ក្រសួងអប់រំ ដឹងតែជាប់ហើយ។ វិញ្ញាសាទី១ ភាសាខ្មែរ គឺតាក់តែងឡើងកាលពីព្រឹកមិញនេះ ហើយគ្រប់ទំព័រទាំងអស់ គឺមានឈ្មោះ និងហត្ថលេខាខ្ញុំ។ ទាំងអស់នេះ គឺធ្វើឡើងដើម្បីទាំងអស់គ្នា»។
សកម្មភាពកាត់វិញ្ញាសាជានិមិត្តរូបនេះ ត្រូវបានធ្វើឡើងស្របពេលគ្នាជាមួយមណ្ឌលប្រឡងទាំង ៥ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ។ នៅក្នុងបន្ទប់ប្រឡង គណៈកម្មការ បានបង្ហាញកញ្ចប់វិញ្ញាសាដែលបិទ Seal ច្បាស់ៗ ដើម្បីជាសាក្សីនៃភាពត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងផ្តល់ឱកាសឱ្យបេក្ខជន បានពិនិត្យមើលរូបរាងកញ្ចប់វិញ្ញាសាដោយផ្ទាល់ភ្នែក មុននឹងសម្រេចចិត្តកាត់បើកចែកចាយ ដើម្បីធានាថាគ្មានការលេចធ្លាយ ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។
សូមជម្រាបថា ការប្រឡងប្រជែងនេះ មានបេក្ខជនសរុប ២០,២៤៩នាក់ ដើម្បីប្រកួតប្រជែងយកកន្លែងការងារសរុប ២,៨៤៤នាក់ សម្រាប់បម្រើការងារនៅតាមបណ្តាខេត្តទាំង២៤ ដោយបែងចែកទៅតាមមណ្ឌលប្រឡងទាំង៦៖ ១៖ មណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ទទួលបេក្ខជនមកពី ៥ខេត្ត (បាត់ដំបង, ព្រៃវែង, រតនគិរី, តាកែវ និងឧត្តរមានជ័យ) មានបេក្ខជនសរុប ៦,៤៤៥នាក់ ប្រកួតប្រជែងយកតំណែង ៥៧២នាក់, ២៖ មណ្ឌលសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ទទួលបេក្ខជនមកពី ៤ខេត្ត (កំពង់ចាម, ស្វាយរៀង, ត្បូងឃ្មុំ និងកំពង់ស្ពឺ) មានបេក្ខជនសរុប ៤,៧២៣នាក់ ប្រកួតប្រជែងយកតំណែង ៣៨៧នាក់, ៣៖ មណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) ទទួលបេក្ខជនមកពី ៥ខេត្ត (ស្ទឹងត្រែង, កណ្តាល, កោះកុង, ក្រចេះ និងសៀមរាប) មានបេក្ខជនសរុប ៣,៤៨៩ នាក់ ប្រកួតប្រជែងយកតំណែង ៥៦៤នាក់, ៤៖ មណ្ឌលសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ទទួលបេក្ខជនមកពី ៣ខេត្ត (ព្រះវិហារ, កំពត និងកំពង់ឆ្នាំង) មានបេក្ខជនសរុប ២,២៧៨នាក់ ប្រកួតប្រជែងយកតំណែង ៥៣៩នាក់, ៥៖ មណ្ឌលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) ទទួលបេក្ខជនមកពី ៣ខេត្ត (កំពង់ធំ, ពោធិ៍សាត់ និងប៉ៃលិន) មានបេក្ខជនសរុប ២,០៨២នាក់ ប្រកួតប្រជែងយកតំណែង ៥៣៩នាក់ និង៦៖ មណ្ឌលសាលាភូមិន្ទរដ្ឋបាល (ERA) ទទួលបេក្ខជនមកពី ៤ខេត្ត (ព្រះសីហនុ, បន្ទាយមានជ័យ, មណ្ឌលគិរី និងកែប) មានបេក្ខជនសរុប ១,២៣២នាក់ ប្រកួតប្រជែងយកតំណែង ២៤៣នាក់៕




















