Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? (Video inside)
28-10-2026 17:16
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់រដ្ឋមន្ត្រីវប្បធម៌ថៃ លោកស្រី សាភីដា ថៃសិទ្ធ (Sabeeda Thaised) ដែលថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតក្នុងទឹកដីថៃ ព្រមទាំងបដិសេធប្រគល់វត្ថុបុរាណ ដែលបានយកចេញពីប្រាសាទខ្នារ ថែមទៀត។ តើការចុះបញ្ជីប្រាសាទបុរាណខ្មែរ ថាជាបេតិកភណ្ឌជាតិថៃ អាចបង្កើតសិទ្ធិអធិបតេយ្យភាព លើទីតាំងប្រាសាទដែលជាទឹកដីរបស់កម្ពុជាបានដែរឬទេ?
Fresh Exclusive មានអត្ថបទអត្ថាធិប្បាយមួយ ជុំវិញបញ្ហានេះ៖
ប្រាសាទបុរាណ មិនមែនជាវត្ថុដែលរដ្ឋណាមួយអាចប្រកាសថាជាកម្មសិទ្ធិរបស់ខ្លួន ដោយគ្រាន់តែចុះបញ្ជីក្នុងច្បាប់ជាតិនោះទេ។ ហើយរឹតតែមិនអាចយកការគ្រប់គ្រងទីតាំងជាក់ស្តែង មកជំនួសសន្ធិសញ្ញាព្រំដែន និងច្បាប់អន្តរជាតិបានឡើយ។
ការប្រកាសរបស់រដ្ឋមន្ត្រីវប្បធម៌ថៃ លោកស្រី Sabeeda Thaised កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយអះអាងថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ដែលជាស្នាដៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរ និងដែលតែងស្ថិតក្នុងទឹកដីរបស់ខ្មែរ តាមឯកសារប្រវត្តិសាស្ត្រ និងផែនទីព្រំដែន បែរជាកែកាឡៃថា មកស្ថិតក្នុងទឹកដីថៃ ព្រមទាំងបដិសេធការប្រគល់វត្ថុបុរាណដែលបានយកចេញពីតំបន់ប្រាសាទបុរាណខ្មែរទៀតនោះ បានបង្កឱ្យមានការជំទាស់យ៉ាងខ្លាំង ពីភាគីកម្ពុជា។
ការជំទាស់នេះមិនមែនពាក់ព័ន្ធត្រឹមការគ្រប់គ្រងប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សំណួរធំជាងនេះ គឺអធិបតេយ្យភាពទឹកដី សិទ្ធិលើបេតិកភណ្ឌវប្បធម៌ និងការគោរពច្បាប់អន្តរជាតិ។ តើរដ្ឋមួយអាចប្រើច្បាប់ជាតិរបស់ខ្លួន ដើម្បីបង្កើតសិទ្ធិអធិបតេយ្យភាពលើទឹកដីដែលប្រទេសជិតខាងកំពុងជំទាស់បានដែរឬទេ?
*ពីវិវាទប្រាសាទ ទៅវិវាទច្បាប់អន្តរជាតិ
សេចក្តីថ្លែងការណ៍ថ្ងៃទី២៧ តុលា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានបដិសេធការអះអាងរបស់ថៃ ដោយយោងសន្ធិសញ្ញាបារាំង–សៀម ផែនទីមាត្រដ្ឋាន ១:២០០ ០០០ កិច្ចព្រមព្រៀងព្រំដែន និងគោលការណ៍ច្បាប់អន្តរជាតិ។
កម្ពុជាចាត់ទុកការចុះបញ្ជីប្រាសាទ ការគ្រប់គ្រងរដ្ឋបាល និងការយកវត្ថុបុរាណចេញដោយគ្មានការឯកភាពពីខ្លួនថា ជាសកម្មភាពបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង ឬ Fait accompli ខណៈថៃ បែរជាអះអាងថា ប្រាសាទទាំងពីរស្ថិតក្នុងទឹកដីខ្លួន ហើយការចុះបញ្ជី និងការផ្លាស់ទីវត្ថុបុរាណ គឺធ្វើឡើងសម្រាប់ការសិក្សា ការថែរក្សា និងការអភិរក្ស។ ក្នុងបរិបទនេះ ពលរដ្ឋខ្មែរ ដែលស្គាល់អំពីប្រវត្តិសាស្ត្រនេះច្បាស់លាស់ បានហៅទង្វើរបស់ថៃនេះថា ជា «ចោរដែលគ្មានភាពអៀនខ្មាស់ក្នុងសតវត្សទី២១»។
ការចោទប្រកាន់របស់ពលរដ្ឋខ្មែរនេះ អាចឆ្លុះបញ្ចាំងពីកំហឹង និងការមិនពេញចិត្តយ៉ាងខ្លាំងរបស់អ្នករិះគន់ ដែលយល់ថា ទង្វើថៃទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាផងដែរ។
*ការចុះបញ្ជីប្រាសាទក្នុងច្បាប់ជាតិ មិនមែនជាប័ណ្ណកម្មសិទ្ធិអន្តរជាតិទេ
រដ្ឋមួយមានសិទ្ធិបង្កើតច្បាប់ ដើម្បីការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌នៅក្នុងដែនអធិប តេយ្យភាពរបស់ខ្លួន។ ប៉ុន្តែការយកប្រាសាទ ដែលស្ថិតនៅលើទឹកដីមានវិវាទ ហើយដែលកម្ពុជាកំពុងប្តឹងពិភពលោក ចោទប្រកាន់ថា ថៃកំពុងរំលោភបំពាន និងកាន់កាប់ទឹកដីដោយខុសច្បាប់ ទៅចុះបញ្ជីជាបេតិកភណ្ឌជាតិថៃទៀតនោះ មិនអាចធ្វើឱ្យទីតាំងប្រាសាទទាំងនោះក្លាយជាទឹកដីស្ថិតក្រោមអធិបតេយ្យភាពស្របច្បាប់របស់ថៃដោយស្វ័យប្រវត្តិបានឡើយ។
ក្នុងវិវាទព្រំដែនរវាងរដ្ឋ អធិបតេយ្យភាពលើទឹកដីមិនអាចកំណត់ដោយការប្រកាសជាឯកតោភាគី ឬការអនុវត្តច្បាប់ផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ។ ផ្ទុយទៅវិញ ការកំណត់សិទ្ធិអធិបតេយ្យភាពត្រូវផ្អែកលើសន្ធិសញ្ញាព្រំដែន ឯកសារខណ្ឌសីមា ផែនទីដែលមានតម្លៃគតិយុត្ត កិច្ចព្រមព្រៀងរវាងរដ្ឋ និងភស្តុតាងពាក់ព័ន្ធផ្សេងទៀត ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។
ហេតុនេះ ទោះបីថៃ បានចុះបញ្ជីប្រាសាទទាំងនេះជាបេតិកភណ្ឌជាតិរបស់ខ្លួន និងបានអនុវត្តការគ្រប់គ្រងអស់រយៈពេលយូរជាច្រើនឆ្នាំក៏ដោយ ក៏ការចុះបញ្ជី និងការគ្រប់គ្រងនោះ មិនអាចដោយខ្លួនឯងលុបបំបាត់សិទ្ធិ ឬការទាមទារអធិបតេយ្យភាព ដែលមានមូលដ្ឋានច្បាប់របស់កម្ពុជាបានឡើយ។ ជាពិសេស ការអនុវត្តវិធានការរដ្ឋបាលជាឯកតោភាគីលើទីតាំងដែលកំពុងមានវិវាទ មិនអាចជំនួសសន្ធិសញ្ញាព្រំដែន ឬយន្តការកំណត់ និងខណ្ឌសីមាព្រំដែនដែលភាគីទាំងពីរបានព្រមព្រៀងគ្នានោះទេ។
ការគ្រប់គ្រងទីតាំងជាក់ស្តែង និងការចុះបញ្ជីប្រាសាទជាបេតិកភណ្ឌជាតិ អាចត្រូវបានលើកឡើងជាភស្តុតាងក្នុងវិវាទ ប៉ុន្តែមិនមែនជាប័ណ្ណកម្មសិទ្ធិអន្តរជាតិ ហើយក៏មិនអាចដោយខ្លួនឯងបង្កើតសិទ្ធិអធិបតេយ្យភាពស្របច្បាប់លើទឹកដីដែលរដ្ឋមួយទៀតកំពុងជំទាស់នោះឡើយ។
*ហេតុអ្វីកម្ពុជាយោងផែនទីមាត្រដ្ឋាន ១:២០០ ០០០ និងផែនទី L7017?
ចំណុចគួរឱ្យចាប់អារម្មណ៍មួយក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា គឺការបញ្ជាក់ថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតក្នុងទឹកដីកម្ពុជា ដោយផ្អែកលើផែនទីមាត្រដ្ឋាន ១:២០០ ០០០ ដែលពាក់ព័ន្ធនឹងការងារកំណត់ព្រំដែនបារាំង–សៀម និងឯកសារព្រំដែនប្រវត្តិសាស្ត្រ។
អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺកម្ពុជាអះអាងទៀតថា សូម្បីតែផែនទីស៊េរី L7017 ដែលយោធាថៃប្រើប្រាស់ ក៏បង្ហាញទីតាំងប្រាសាទទាំងពីរស្ថិតនៅខាងកម្ពុជាដែរ។ នេះក៏ជាភស្តុតាងដ៏សំខាន់មួយ សម្រាប់ពិនិត្យភាពស៊ីសង្វាក់រវាងផែនទីដែលថៃប្រើប្រាស់ និងទង្វើរបស់ថៃ ដែលចង់លេបយកប្រាសាទបុរាណខ្មែរ ក្នុងរូបភាពជា «ចោរដែលគ្មានភាព អៀនខ្មាស់ក្នុងសតវត្សទី២១»។
ក្នុងបរិបទនេះ ថៃត្រូវបែងចែកឱ្យច្បាស់លាស់រវាងតម្លៃនៃផែនទីក្នុងនាមជាភស្តុតាងបច្ចេកទេស និងតម្លៃគតិយុត្តរបស់ផែនទី ក្នុងការកំណត់អធិបតេយ្យភាពលើទឹកដី។ មិនមែនផែនទីគ្រប់ប្រភេទសុទ្ធតែមានអានុភាពកំណត់ខ្សែព្រំដែនដោយខ្លួនឯងនោះទេ។ តម្លៃផ្លូវច្បាប់របស់ផែនទីមួយ អាស្រ័យលើប្រភពដើម ទំនាក់ទំនងរបស់វាជាមួយសន្ធិសញ្ញាព្រំដែន ការទទួលស្គាល់ ឬការអនុវត្តរបស់រដ្ឋភាគី និងភស្តុតាងប្រវត្តិសាស្ត្រពាក់ព័ន្ធផ្សេងទៀត។
ក្នុងន័យនេះ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងសេចក្តីសម្រេចបកស្រាយឆ្នាំ២០១៣ ស្តីពីប្រាសាទព្រះវិហារ មានសារៈសំខាន់ក្នុងការបង្ហាញពីរបៀបដែលតុលាការវាយតម្លៃសន្ធិសញ្ញា ផែនទី និងការប្រព្រឹត្តរបស់រដ្ឋក្នុងវិវាទអធិបតេយ្យភាព។ ទោះបីសេចក្តីសម្រេចទាំងនេះ មិនបានកាត់សេចក្តីដោយផ្ទាល់លើប្រាសាទខ្នារ និងប្រាសាទតាក្របីក៏ដោយ ក៏វាបង្ហាញពីសារៈសំខាន់នៃភស្តុតាងផ្លូវច្បាប់ក្នុងការដោះស្រាយវិវាទព្រំដែន។
ហេតុនេះ ប្រសិនបើការអះអាងអធិបតេយ្យភាពរបស់ថៃលើប្រាសាទបុរាណទាំងពីរ មិនអាចបង្ហាញមូលដ្ឋានសន្ធិសញ្ញា ឯកសារព្រំដែន ឬភស្តុតាងគតិយុត្តដែលអាចផ្ទៀងផ្ទាត់បាន នោះការអះអាងបែបនេះ នឹងប្រឈមនឹងសំណួរធ្ងន់ធ្ងរអំពីភាពស្របច្បាប់របស់វា។ ក្នុងបរិបទនេះ ហើយ ពាក្យចោទប្រកាន់ថា ថៃកំពុង «ប្លន់ប្រាសាទខ្មែរ» អាចត្រូវបានសាធារណមតិយល់ថា ពិតជាត្រឹមត្រូវដូច សម្តីថ្កោលទោសរបស់ពលរដ្ឋខ្មែរ ចំពោះសកម្មភាពរដ្ឋបាលថៃ ដែលពួកគេបានចាត់ទុកថារំលោភលើអធិបតេយ្យភាព និងបេតិកភណ្ឌកម្ពុជាពិតប្រាកដមែន។
*តើ Fait accompli អាចបង្កើតសិទ្ធិអធិបតេយ្យភាពបានដែរឬទេ?
ពាក្យ Fait accompli សំដៅលើការបង្កើតស្ថានភាពជាក់ស្តែងជាមុន រួចប្រើស្ថានភាពនោះជាមូលដ្ឋានសម្រាប់ការទាមទារនៅពេលក្រោយ។ ក្នុងវិវាទព្រំដែន សកម្មភាពដូចជា ការដាក់កម្លាំងយោធា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការចុះបញ្ជីរដ្ឋបាល និងការផ្លាស់ប្តូរស្ថានភាពទីតាំង អាចត្រូវបានប្រើដើម្បីពង្រឹងការទាមទារអធិបតេយ្យភាព។
ប៉ុន្តែ ការកាន់កាប់ ឬការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង មិនអាចដោយខ្លួនឯងបង្កើតសិទ្ធិអធិបតេយ្យភាព ឬកែប្រែខ្សែព្រំដែនដែលបានកំណត់ស្របច្បាប់ឡើយ។ ជាពិសេស ការទទួលបានទឹកដីតាមការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង គឺផ្ទុយនឹងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។
ក្នុងន័យនេះហើយ កម្ពុជា បានចាត់ទុកការចុះបញ្ជីប្រាសាទ និងការយកវត្ថុបុរាណចេញដោយភាគីថៃថា ជាការប៉ុនប៉ងបង្កើត Fait accompli។ ក្នុងន័យនេះទៀត កម្ពុជាបានទាមទារឱ្យថៃបញ្ឈប់សកម្មភាពដែលខ្លួនជំទាស់ ប្រគល់វត្ថុបុរាណពីប្រាសាទខ្នារ និងបន្តការងារគណៈកម្មការចម្រុះព្រំដែន (JBC)។
ការដោះស្រាយវិវាទព្រំដែន ត្រូវផ្អែកលើសន្ធិសញ្ញា ភស្តុតាង និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀង មិនមែនលើការបង្កើតអង្គហេតុសម្រេចជាឯកតោភាគីនោះទេ។ ការបន្តយន្តការ JBC គឺជាមធ្យោបាយសន្តិវិធីសម្រាប់ពិនិត្យភស្តុតាង និងដោះស្រាយការខ្វែងគំនិត ដោយមិនតម្រូវឱ្យភាគីណាមួយបោះបង់ការទាមទារស្របច្បាប់របស់ខ្លួនឡើយ។
សេចក្តីសន្និដ្ឋាន៖ អធិបតេយ្យភាពត្រូវកំណត់ដោយច្បាប់ មិនមែនដោយការប្រកាសជាឯកតោភាគី
វិវាទប្រាសាទខ្នារ និងប្រាសាទតាក្របី មិនមែនជាបញ្ហាបេតិកភណ្ឌវប្បធម៌តែមួយមុខនោះទេ ប៉ុន្តែជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅនឹងអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលត្រូវដោះស្រាយដោយផ្អែកលើភស្តុតាង និងច្បាប់អន្តរជាតិ។
ការចោទប្រកាន់ថា ថៃកំពុង «ប្លន់ប្រាសាទខ្មែរ» ឬជា «ចោរដែលគ្មានភាពអៀនខ្មាស់ក្នុងសតវត្សទី២១» ឆ្លុះបញ្ចាំងពីកំហឹង និងការមិនពេញចិត្តយ៉ាងខ្លាំងរបស់សាធារណមតិ ដែលចាត់ទុកសកម្មភាពរបស់រដ្ឋបាលថៃបច្ចុប្បន្នថា មិនត្រឹមតែប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាផងដែរ។
ទោះជាយ៉ាងណា ការចុះបញ្ជីប្រាសាទជាបេតិកភណ្ឌជាតិ មិនមែនជាសាលក្រមអន្តរជាតិឡើយ។ ការកាន់កាប់ទីតាំងជាក់ស្តែង ក៏មិនមែនជាភស្តុតាងសម្រេចនៃសិទ្ធិអធិបតេយ្យភាព ហើយការអះអាងថាធ្វើដើម្បីអភិរក្ស ក៏មិនអាចជំនួសកាតព្វកិច្ចគោរពច្បាប់អន្តរជាតិបានដែរ៕











