រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង
28-10-2026 18:00
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានលើកទឹកចិត្តក្រុមហ៊ុនផ្សាយពាណិជ្ជកម្មឱ្យផ្លាស់ប្តូរផ្ទាំងផ្សាយមួយចំនួន ពីការបង្ហាញផលិតផលជាចម្បង ទៅជាការបង្ហាញសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ ការទទួលខុសត្រូវ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង។ ការជំរុញនេះធ្វើឡើងក្នុងគោលបំណងបង្កើនគុណភាពនៃការអនុវត្តគោលនយោបាយផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ។
ការលើកទឹកចិត្តបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកយុទ្ធនាការឆន្ទៈល្អ លើកទី២ ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នាសណ្ឋាគារ សុខាភ្នំពេញ។
ត្រង់ចំណុចនេះ ត្រូវបានរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា យើងបានឃើញការផ្លាស់ប្តូរជាក់ស្តែងមួយចំនួនរួចហើយ។ នេះជាចំណុចស្នូលមួយនៃយុទ្ធនាការ។ យើងមិនចង់ឱ្យសារអប់រំ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ក្លាយជាអក្សរតូចមួយនៅជ្រុងប៉ាណូ ដែលគ្មានអ្នកណាអាននោះទេ។ សារអប់រំត្រូវមានអត្ថន័យ ត្រូវមើលឃើញ ត្រូវអានបាន និងត្រូវអាចប៉ះពាល់ទៅលើការសម្រេចចិត្តរបស់អ្នកប្រើប្រាស់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្លាស់ប្តូរផ្ទាំងផ្សាយមួយចំនួនពីការបង្ហាញផលិតផលជាចម្បង ទៅជាការបង្ហាញសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ ការទទួលខុសត្រូវ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង។ យើងបានឃើញការផ្លាស់ប្តូរជាក់ស្តែងមួយចំនួនរួចហើយ»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា តាមទិន្នន័យរបស់សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានសមាជិក ១៧ក្រុមហ៊ុនធំៗ និងមានទិន្នន័យពី ២៥ រាជធានី-ខេត្ត ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនផ្សព្វផ្សាយបានចាប់ផ្តើមកាត់បន្ថយផ្ទាំងផ្សាយគ្រឿងស្រវឹង និងប្តូរទៅផលិតផលផ្សេង ឬទុកទំនេរ។ នៅក្នុងទិន្នន័យតាមដានមួយសម្រាប់រាជធានីភ្នំពេញ ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងបានធ្លាក់ចុះពី ១ ០២៦ផ្ទាំង ទៅ ៥២១ ផ្ទាំង ឬថយចុះប្រមាណ ៤៩%។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៦ សម្រាប់ប៉ាណូ និងអាហ្វីសខ្នាតធំនៅរាជធានីភ្នំពេញ មានសរុប ៣ ៨៨៩បង្គោល ក្នុងនោះផ្ទាំងផ្សាយគ្រឿងស្រវឹងមាន ៥០៧បង្គោល ស្មើប្រមាណ ១៣% និងបានបន្តថយចុះធៀបនឹងឆ្នាំ២០២៥។ នៅទូទាំងប្រទេស ប៉ាណូ និងអាហ្វីសខ្នាតធំមានចំនួន ៦ ២០៧បង្គោល ហើយគិតត្រឹមដើមឆ្នាំ២០២៦ ផ្ទាំងផ្សាយគ្រឿងស្រវឹងមាន ១ ០២៨បង្គោល ស្មើប្រមាណ ១៧%។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់ គឺមានផ្ទាំងប្រមាណ ៦២០បង្គោល ត្រូវបានផ្លាស់ប្តូរពីការផ្សព្វផ្សាយស្រាបៀរ ទៅជាការផ្សព្វផ្សាយទឹកពិសារបរិសុទ្ធ។ ទិន្នន័យទាំងនេះបញ្ជាក់ថាគោលនយោបាយអាចបង្កើតការផ្លាស់ប្តូរបាន ប្រសិនបើមានការចូលរួមរបស់វិស័យឯកជន និងមានការតាមដានជាបន្តបន្ទាប់។ ប៉ុន្តែយើងមិនត្រូវឈប់នៅត្រឹមលេខ ១៧% ឬ ១៣% នោះទេ។ អ្វីដែលយើងត្រូវសួរបន្ទាប់គឺ៖ តើផ្ទាំងប៉ាណូទាំងនោះស្ថិតនៅទីតាំងសមស្របដែរ ឬទេ? តើសារដែលបានផ្សាយមានសមាមាត្រត្រឹមត្រូវដែរ ឬទេ? តើសារអប់រំអាចមើលឃើញពិតប្រាកដដែរ ឬទេ? តើមានការប្រើប្រាស់រូបភាព ឬភាសាដែលទាក់ទាញអនីតិជនដែរ ឬទេ?
ជាមួយគ្នានេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏សូមលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ អាហ្វីសចាំបាច់ត្រូវទិញធានារ៉ាប់រងលើប៉ាណូរបស់ខ្លួនដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងធានាដល់អតិថិជនរបស់ខ្លួនព្រោះពេលមានបញ្ហាបាក់ ឬខូចខាតដោយប្រការណាមួយ វាធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ និងកេរ្តិ៍ឈ្មោះក្រុមហ៊ុនផ្សព្វផ្សាយផលិតផលផងដែរ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមមានក្រុមហ៊ុនផលិត អ្នកនាំចូល អ្នកចែកចាយ ទីភ្នាក់ងារផ្សព្វផ្សាយ អង្គភាពសារព័ត៌មាន និងអ្នកផលិតមាតិកា ត្រូវយកចិត្តទុកដាក់លើការអនុវត្តលក្ខខណ្ឌស្តីពីពេលវេលា ទីតាំង និងមធ្យោបាយផ្សព្វផ្សាយ។ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់នៅលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធឌីជីថល។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា មិនអាចមានស្ថានភាពថា ខ្លឹមសារមួយត្រូវបានហាមនៅទូរទស្សន៍ ប៉ុន្តែបែរជាអាចបង្ហោះដោយគ្មានការទទួលខុសត្រូវនៅលើ Facebook ឬ TikTok បានឡើយ។ មិនអាចមានស្ថានភាពថា ក្រុមហ៊ុនដកប៉ាណូពីជិតសាលារៀន ប៉ុន្តែបែរជាប្រើ Influencer ដែលមានអ្នកតាមដានវ័យក្មេងជាច្រើន ដើម្បីផ្ញើសារដូចគ្នាទៅដល់ពួកគេនោះឡើយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តទៀតថា មូលហេតុដែលយុទ្ធនាការលើកទី២ ត្រូវពិនិត្យការផ្សព្វផ្សាយជាប្រព័ន្ធទាំងមូល ចាប់ពីការផ្សព្វផ្សាយក្រៅបណ្តាញ (offline) ដល់ការផ្សព្វផ្សាយតាមអនឡាញ ពីផ្ទាំងប៉ាណូ ដល់មាតិកាដែលត្រូវបង្ហាញដល់អ្នកប្រើប្រាស់ និងពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី Traditional Media ដល់ការធ្វើទីផ្សារតាមរយៈអ្នកមានឥទ្ធិពលលើបណ្តាញសង្គម Influencer Marketing។ ការអនុវត្តត្រូវមានភាពច្បាស់លាស់ ស្មើភាព និងមានការសហការជិតស្និទ្ធរវាងស្ថាប័នជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕






























