យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាក្រៅផ្លូវការនៅច្រកជាំ-សាង៊ាំ ដើម្បីសម្របសម្រួលប្រតិបត្តិការ និងកសាងទំនុកចិត្តតាមបណ្តោយព្រំដែន
28-10-2026 18:09
(ឧត្តរមានជ័យ)៖ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំពិភាក្សាការងារក្រៅផ្លូវការនៃក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីពិភាក្សាលើការងារសម្របសម្រួលប្រតិបត្តិការ ការដោះស្រាយបញ្ហានានា និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកនៅតាមបណ្តោយព្រំដែន។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
នៅក្នុងជំនួបក្រៅផ្លូវការនេះ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន ប្រធានលេខាធិការដ្ឋាន (RBC) ភាគីថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានា ឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលបានកើតឡើងនាពេលថ្មីៗនេះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ព្រមទាំងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នា ស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។
តាមរយៈសេចក្តីជូនដំណឹងដដែល អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិត ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕













