ដំណឹងល្អសម្រាប់កសិករ! រោងចក្រចំណីសត្វទំនើបមួយទៀតលេចរូបរាងនៅកំពង់ស្ពឺ ជួយកាត់បន្ថយថ្លៃដើម និងជំរុញការកែច្នៃក្នុងស្រុក
28-10-2026 19:22
(កំពង់ស្ពឺ)៖ រោងចក្រផលិតចំណីសត្វ និងចំណីត្រីដ៏ទំនើបមួយ របស់ក្រុមហ៊ុន ខេមបូឌាន ហៃដា អេហ្រ្គីខលឈរ អេន អេនីមល ហាស់ប៊ែនដ្រាយ ថេកណឡជី ឯ.ក (Cambodian Haida Agriculture and Animal Husbandry Technology Co., Ltd.) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងខេត្តកំពង់ស្ពឺ។
ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ថ្លែងនៅក្នុងពិធីសម្ពោធ លោករដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ព្រមទាំងបានបញ្ជាក់ថា ការវិនិយោគនេះស្របគ្នាយ៉ាងស៊ីសង្វាក់ទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគោលនយោបាយរបស់ លោករដ្ឋមន្ត្រី ឌិត ទីណា ដែលផ្តោតលើការកាត់បន្ថយថ្លៃដើម បង្កើនភាពប្រកួតប្រជែង ធានាសន្តិសុខស្បៀង និងជំរុញការតភ្ជាប់ទីផ្សារ។
ដើម្បីធានាបាននូវនិរន្តរភាព និងគុណភាពខ្ពស់ តំណាងក្រសួងកសិកម្ម បានផ្តល់អនុសាសន៍សំខាន់ៗចំនួនដូចខាងក្រោម៖
*គ្រប់គ្រងគុណភាព៖ ធានាគុណភាពផលិតផលចំណីសត្វឱ្យបានត្រឹមត្រូវតាមស្តង់ដារ។
*ពង្រឹងខ្សែច្រវាក់តម្លៃ៖ ធ្វើឱ្យខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់មានភាពរលូន និងមានប្រសិទ្ធភាព។
*អភិវឌ្ឍន៍ធនធានមនុស្ស៖ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបុគ្គលិក-កម្មករជាប្រចាំ។
*គិតគូរបរិស្ថាន និងសុខភាព៖ យកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ។
ក្រសួងកសិកម្ម ក៏បានជូនពរឱ្យក្រុមហ៊ុនទទួលបានជោគជ័យក្នុងការវិនិយោគ និងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើនតទៅមុខ។
ការវិនិយោគនេះ នឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ជួយឱ្យកសិករទទួលបានចំណីសត្វ និងចំណីត្រីដែលមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យ ជួយកាត់បន្ថយចំណាយផលិតកម្មនិងទាញយកវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងប្រទេសមកប្រើប្រាស់ឱ្យអស់លទ្ធភាព និងបង្កើតឱកាសការងារថ្មីៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕















