លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
28-10-2026 19:29
(ភ្នំពេញ)៖ ជនត្រូវចោទឈ្មោះ ហ៊ុន លីស្រៀង ហៅ Mr Xing ហៅ XinXin ហៅពូទី២ ហៅ Ly Sreing មុខរបរជាអ្នកបកប្រែភាសាចិន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងត្រូវបានអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើស៊ីសំណូក អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងករណីសម្អាតប្រាក់។ សំណុំរឿងព្រហ្មទណ្ឌនេះមានលេខ ០២១/២៦ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់កិតិ្តនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានបញ្ជាក់ថា ធាតុពិត ករណីអ្នកបកប្រែភាសាចិន ឈ្មោះ ហ៊ុន លីស្រៀង ហៅ Mr. Xing គឺជាភាគទី៥ (ភាគបញ្ចប់) នៃករណីអនឡាញស្គេមឃុំព្រែកខ្សាច់ លើដី ៥ហិកតា របស់មេឃុំ រៀម រុំ។
ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានឱ្យដឹងថា លើសពីអ្នកបកប្រែ ហ៊ុន លីស្រៀង ប្រើឈ្មោះសរុប១១ ឈ្មោះ ត្រូវបាន អ.ប.ព. កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទសមគំនិតស៊ីសំណូក, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជាអ្នករៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គេម) និងសម្អាតប្រាក់។
តាមរយៈរបាយការណ៍ដដែលរបស់ ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា បុគ្គល ហ៊ុន លីស្រៀង ធ្វើការបកប្រែឱ្យមេៗអនឡាញស្គេមជនជាតិចិន ដែលមានបងធំ លោកបងទី២ លោកបងទី៣ បងហាវ កឺ បង ឈាំង កឺ និង ចាង ចៀនឈាំង មេអនឡាញស្គេម ដែលធ្វើផ្ទាល់ជាមួយមេឃុំព្រែកខ្សាច់ រៀម រុំ។
ហ៊ុន លីស្រៀង តាំងខ្លួនជាពូទី២ ដើម្បីនាំសារ នាំបញ្ជាពីមេអនឡាញស្គេមទៅទិសដៅផ្សេងៗ ហើយជាអ្នកទទួលបញ្ជាពីលោកបងទី២ (អឺ កឺ) ទាក់ទងមកមេឃុំ រៀម រុំ ដើម្បីរៀបកន្លែងអនឡាញស្គេមឱ្យ ចាង ចៀនឈាំង ហៅ តៃ យ៉ូវយៀន ហើយចាត់ចែង តាំងពីឱ្យក្រុមឆបោក ៤២នាក់ បើកតាមតង់ រហូតរៀបចាក់សាប ធ្វើរោងប្រក់ដំបូល ហើយដាក់ទូរកុងទឺនឺរឱ្យអ្នកទាំង ៤២នាក់។
ក្រៅពីស្ថិតក្នុងក្រុមការងារទឹក (ដោះស្រាយទឹក) ជាមួយមេអនឡាញស្គេម ៥-៦នាក់ និង រៀម រុំ និងក្រុមរបស់ រៀម រុំ (ជា សុទ្ធ ហៅ ម៉េង, ជា វាសនា ...) ហ៊ុន លីស្រៀង ក៏ស្ថិតនៅក្នុងក្រុម ១ ទៀត ជាមួយមេៗអនឡាញស្គេមជនជាតិចិន ៥-៦នាក់ ហើយក្រុមនោះត្រូវបានដាក់ឈ្មោះថា ក្រុមរកលុយដោយរលូន។
សម្រាប់ខែតុលា ឆ្នាំ២០២៦នេះ ACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងចំនួន ៤០ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ១ ករណីទៅសាលាដំបូងរាជធានីភ្នំពេញ។
គួរឱ្យដឹងថានៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំលើកទី១៥ អាណត្តិទី៤ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី១៤ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕





























