* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងអធិការកិច្ច និងរដ្ឋបាលខេត្តស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយច្បាប់គ្រឿងញៀន និងបារីអេឡិចត្រូនិក ដល់អ្នកចូលរួមជាង ៣០០នាក់

28-10-2026 20:14

(ស្ទឹងត្រែង)៖ ក្រសួងអធិការកិច្ច សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបារីអេឡិចត្រូនិក នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាអាណាព្យាបាលសិស្ស សរុបជាង ៣០០នាក់។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង។ការផ្សព្វផ្សាយនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចូលរួមការពារសហគមន៍ឱ្យរួចផុតពីគ្រោះមហន្តរាយនៃគ្រឿងញៀន និងផលប៉ះពាល់ពីបារីអេឡិចត្រូនិក។

លោកស្រី វី ស្រីពៅ បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃការផ្សព្វផ្សាយនេះ គឺដើម្បីបណ្តុះបណ្តាល និងពង្រឹងការយល់ដឹងស៊ីជម្រៅដល់អ្នកចូលរួមទាំងអស់ អំពីខ្លឹមសារនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងហានិភ័យនៃបារីអេឡិចត្រូនិក។ តាមរយៈការយល់ដឹងនេះ អ្នកចូលរួមអាចយកស្មារតីទៅផ្សព្វផ្សាយបន្តក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីរួមចំណែកកសាងសង្គមមួយដែលគ្មានគ្រឿងញៀន និងមានសុខភាពល្អ។

លោកស្រីបានបញ្ជាក់អំពីផលវិបាក និងគ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់នៃការប្រើប្រាស់គ្រឿងញៀន ដែលជាក្ដីកង្វល់រួមរបស់សង្គម ព្រមទាំងបានលើកឡើងបន្ថែមពីបញ្ហាមួយទៀតដែលកំពុងជ្រៀតចូលក្នុងស្រទាប់យុវជន គឺ «បារីអេឡិកត្រូនិច (Vape)» ដែលជាគ្រោះថ្នាក់បន្លំខ្លួនថ្មីមួយនាំផ្លូវទៅរកការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

យោងតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បានកំណត់យ៉ាងច្បាស់អំពីទម្ងន់ទោសទណ្ឌធ្ងន់ធ្ងរ ទាំងការជួញដូរ ការចាត់ចែង ការរក្សាទុក និងការប្រើប្រាស់ខុសច្បាប់ ដែលជនល្មើសត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ និងការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែង។

ការយល់ដឹងពីច្បាប់ គឺជា «ខែលការពារ» ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់យុវជនក្នុងការជៀសឱ្យឆ្ងាយពីសំណាញ់ច្បាប់ និងអបាយមុខទាំងនេះ។

ទន្ទឹមនឹងនោះដែរ លោកស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ជំរុញ និងក្រើនរំលឹកដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឈានទៅលុបបំបាត់ឱ្យបានដាច់ខាតនូវរាល់បទល្មើសគ្រឿងញៀនក្នុងសហគមន៍មូលដ្ឋាន។

លោកបានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ជាពិសេសសិស្សានុសិស្ស ត្រូវយកចំណេះដឹងផ្នែកច្បាប់ដែលទទួលបានពីវេទិកានេះ យកទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និងសហគមន៍របស់ខ្លួន ដើម្បីឱ្យគ្រប់គ្នាបានដឹងពីវិធានការច្បាប់ ផលវិបាកសុខភាព និងទោសទណ្ឌធ្ងន់ធ្ងរពេលប៉ះពាល់ដល់គ្រឿងញៀន។

ពិធីផ្សព្វផ្សាយនេះមិនត្រឹមតែជាវេទិកាចែករំលែកចំណេះដឹងផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្មារតីរួមគ្នាមួយក្នុងការជំរុញឱ្យយុវជនជំនាន់ក្រោយក្លាយជាទំពាំងស្នងឫស្សីដ៏មានតម្លៃ និងជាភ្នាក់ងារនៃការផ្លាស់ប្តូរវិជ្ជមានក្នុងសង្គមឆ្ពោះទៅរកការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយជោគជ័យ៕