* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?

28-10-2026 21:07

(វ៉ាស៊ីនតោន)៖ តើសហរដ្ឋអាមេរិកនឹងធ្វើសង្រ្គាមឡើងវិញជាមួយអ៉ីរ៉ង់ នៅបន្ទាប់ពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឬក៏យ៉ាងណា? ជុំវិញសំណួរនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំបានបង្កឱ្យមានការសង្ស័យជាច្រើនសប្ដាហ៍មកហើយ។ កាលពីដើមខែតុលានេះ លោក ត្រាំបាននិយាយថាសហរដ្ឋអាមេរិកនឹងឈ្នះសង្រ្គាម បន្ទាប់ពីការបោះឆ្នោត ឬអាចប្រហែលនៅមុនការបោះឆ្នោត។ ជាថ្មីម្ដងទៀត នៅពេលទស្សនាវដ្ដី Atlantic បានរាយការណ៍ថារូបលោកកំពុងពិចារណាបើកការវាយប្រហារលើអ៉ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ លោក ត្រាំបានប្រកាសថា «យើងនឹងមិនវាយប្រហារលើអ៉ីរ៉ង់ក្នុងពេលណាមួយមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះនោះទេ»។

តែព្រមពេលជាមួយគ្នា មន្ទីរបញ្ចកោណបាន និងកំពុងបន្តពង្រឹងកងកម្លាំងរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា។ នៅប៉ុន្មានសប្ដាហ៍ខាងមុខ សហរដ្ឋអាមេរិកនឹងមាននាវាផ្ទុកយន្ដហោះចម្បាំង ៣គ្រឿង ធ្វើប្រតិបត្តិការក្នុងតំបន់មជ្ឈិមបូព៌ា។ មន្ទីរបញ្ចកោណថែមទាំងបានបញ្ជាឱ្យទីបញ្ជាការកណ្ដាល CENTCOM បង្ហើយការត្រៀមលក្ខណៈដើម្បីចាប់ផ្ដើមឡើងវិញប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំមួយប្រឆាំងនឹងអ៉ីរ៉ង់ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក CENTCOM បានត្រៀមប្រយុទ្ធរួចជាស្រេច ដោយរង់ចាំតែបញ្ជាពីលោក ត្រាំប៉ុណ្ណោះ។ ថ្មីៗនេះផងដែរ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោក ត្រាំ បានប្រាប់រូបលោកថាសហរដ្ឋអាមេរិកត្រៀមរួចហើយដើម្បីបង្ហើយការងារនៅអ៉ីរ៉ង់។

ការប្រកាសរបស់លោក ត្រាំ ថាសហរដ្ឋអាមេរិកនឹងមិនវាយប្រហារលើអ៉ីរ៉ង់នៅមុនថ្ងៃទី៣ ខែវិច្ឆិកា​ បានដោះស្រាយបញ្ហានយោបាយបន្ទាន់ក្នុងរយៈពេលខ្លី។ សង្រ្គាមជាមួយអ៉ីរ៉ង់មិនសូវមានការគាំទ្រពីប្រជាជនអាមេរិកទេ ដោយពលរដ្ឋអាមេរិកម្នាក់ប៉ុណ្ណោះក្នុងចំណោម ៣នាក់គាំទ្រសង្រ្គាមនេះដែលបានបង្កឱ្យប្រេងឥន្ធនៈ និងម៉ាស៊ូតឡើងថ្លៃ ជាហេតុធ្វើឱ្យប្រជាជនអាមេរិកចោទសួរថាតើហេតុអ្វីលោក ត្រាំ មិនព្រមប្រឹងប្រែងបន្ថែមដោះស្រាយបញ្ហាកំពុងកើតមានលើជីវភាពប្រចាំថ្ងៃរបស់ពួកគេ? តាមក្រុមអ្នកជំនាញ ការចាប់ផ្ដើមសង្រ្គាមឡើងវិញជាមួយអ៉ីរ៉ង់ ក្នុងពេលប្រជាជនអាមេរិកត្រូវទៅបោះឆ្នោត អាចនឹងបង្កើនភាពស្មុគស្មាញទៅលើបញ្ហាដែលគណបក្សសាធារណរដ្ឋកំពុងប្រឈម ហើយអាចនឹងបង្កើនលទ្ធភាពឈ្នះរបស់គណបក្សប្រជាធិបតេយ្យនៅថ្ងៃបោះឆ្នោត។

ក៏ប៉ុន្តែនៅក្រោយថ្ងៃទី៣ ខែវិច្ឆិកា សម្ពាធនយោបាយបែបនេះចំពោះលោក ត្រាំ នឹងថមថយចុះ។ យ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមានដដែល នោះគឺថាតើការប្រើកម្លាំងយោធា និងទណ្ឌកម្មសេដ្ឋកិច្ចអាចឱ្យលោក ត្រាំទទួលបានជ័យជម្នះដែលលោកធ្លាប់សន្យាថាវាស័ក្តិសមនឹងលះបង់តម្លៃដែលប្រជាជនអាមេរិកអាចទទួលយកបានដែរឬទេ? ពិតណាស់ យោធាអាមេរិកបានបង្កការខូចខាតធ្ងន់ធ្ងរលើយោធា និងសេដ្ឋកិច្ចរបស់អ៉ីរ៉ង់នៅដើមទីនៃប្រតិបត្តិការយោធា Operation Epic Fury។ តែសហរដ្ឋអាមេរិកមិនទាន់អាចប្រែក្លាយជោគជ័យនៅលើសមរភូមិប្រយុទ្ធ ទៅជាជ័យជម្នះការទូតនៅឡើយទេ។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកបែរជាកំពុងជាប់ផុងក្នុងស្ថានភាពជាប់គាំងជាមួយអ៉ីរ៉ង់ដែលភាគីសងខាងកំពុងរង់ចាំមើលថាតើនរណានឹងចុះចាញ់មុន? សម្រាប់សហរដ្ឋអាមេរិក ការចាប់ផ្ដើមសង្រ្គាមឡើងវិញជាមួយអ៉ីរ៉ង់មានទាំងហានិភ័យ និងផលចំណេញ។ ការប្រយុទ្ធគ្នាឡើងវិញអាចនាំមកនូវជ័យជម្នះ ហើយក៏អាចធ្វើឱ្យស្ថានភាពជាប់គាំងកាន់តែជាប់គាំង តម្លៃថាមពលរឹតតែឡើងថ្លៃ ឬអាចរហូតដល់ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិ។ ប៉ុន្តែការរក្សាស្ថានភាពដូចបច្ចុប្បន្ន ឬការស្វែងរកដំណោះស្រាយមួយដែលអាចទទួលយកបានតាមរយៈកិច្ចចរចា ក៏មិនមែនជារឿងងាយស្រួយនោះដែរ។

តាមក្រុមអ្នកជំនាញ លោក ត្រាំមានជម្រើសជាមូលដ្ឋានចំនួន ៣ នៅអ៉ីរ៉ង់ រួមមានការបង្កើនជម្លោះ ការចរចា និងការរង់ចាំ។ តាមរយៈការបង្កើនជម្លោះ លោក ត្រាំអាចបញ្ជាឱ្យយោធាអាមេរិកបើកការវាយប្រហារឡើងវិញលើអ៉ីរ៉ង់ ក្នុងពេលដំណាលគ្នាជាមួយការបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចលើរបបតេហេរ៉ង់។ គោលដៅអាចជាការជំរុញការដួលរលំនៃរបបតេហេរ៉ង់ ឬក៏បង្ខំឱ្យអ៉ីរ៉ង់ទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀមសន្តិភាពមួយ។ ការចរចា៖ លោក ត្រាំអាចបង្កើនទ្វេដងនៃកិច្ចប្រឹងប្រែងចរចាជាមួយការប្រើប្រាស់ការសម្លុតគំរាមធ្វើសង្រ្គាមឡើងវិញជាការដាក់សម្ពាធឱ្យអ៉ីរ៉ង់ធ្វើសម្បទាន។ ការរង់ចាំ៖ លោក ត្រាំ អាចបន្តរក្សាស្ថានភាពដូចបច្ចុបន្ន គឺគ្មានសង្រ្គាម គ្មានសន្តិភាព ដោយសង្ឃឹមថាពេលវេលានឹងឈរនៅខាងសហរដ្ឋអាមេរិក ហើយរបបដឹកនាំតេហេរ៉ង់នឹងចុះញ៉មទទួលយកការទាមទាររបស់សហរដ្ឋអាមេរិក ឬក៏ប្រហែលជាអាចឈានដល់ការដួលរលំដោយសារតែការកើនឡើង​ភាពចលាចលនៅអ៉ីរ៉ង់ ជាពិសេសតាមរយៈការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចជំរុញឱ្យប្រជាជនអ៉ីរ៉ង់ងើបឡើងបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ។

មកទល់នឹងពេលនេះ អ៉ីរ៉ង់មិនបានបង្ហាញចំណាប់អារម្មណ៍ចំពោះការចរចាលើលក្ខខណ្ឌដែលសហរដ្ឋអាមេរិកមានប្រៀបខ្លាំងជាងនោះឡើយ ហើយអាចនឹងបន្តកាន់ជំហររឹងរូស។ តេហេរ៉ង់ប្រហែលជាកំពុងសង្ឃឹមថាជ័យជម្នះណាមួយរបស់គណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនឹងបង្កការលំបាកដល់លោក ត្រាំ ហើយពង្រឹងជំហរអ៉ីរ៉ង់នៅឯតុចរចា។ អ៉ីរ៉ង់នឹងប្រើប្រាស់ពេលវេលាអំឡុងកិច្ចចរចាដើម្បីស្ថាបនាយោធាឡើងវិញ និងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារលើប្រទេសជាដៃគូ ឬសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ សម្រាប់ក្រុមអ្នកជំនាញ ការរក្សាស្ថានភាពដូចបច្ចុប្បន្នជាជម្រើសមួយគួរឱ្យទាក់ទាញជាងគេ។ ប៉ុន្តែការរក្សាស្ថានភាពបែបនេះឱ្យនៅដដែលជារឿងមួយដ៏ពិបាក។ យុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៉ីរ៉ង់ បាន និងកំពុងបង្កើនអនុភាពនៃការដាក់សម្ពាធរបស់អាមេរិក លើសេដ្ឋកិច្ចអ៉ីរ៉ង់ តែមិនទាន់មានសញ្ញាបង្ហាញថាវានឹងជំរុញឱ្យប្រជាជនអ៉ីរ៉ង់ងើបឡើងបះបោរប្រឆាំងរបបតេហេរ៉ង់ទេ។ ដ្បិតអ្វីដែលប្រជាជនអ៉ីរ៉ង់កំពុងផ្តោតគឺការពារសុវត្ថិភាពខ្លួនឯង ជាជាងប្ដូរស្លាប់ងើបឡើងបះបោរ។

គួរបញ្ជាក់ថា ការបិទខ្ទប់របស់យោធាអាមេរិកមិនឱ្យកប៉ាល់ចេញចូលកំពង់ផែអ៉ីរ៉ង់ បានបង្កការរាំងស្ទះយ៉ាងខ្លាំងដល់ការនាំចេញប្រេងរបស់ អ៉ីរ៉ង់ឆ្លងកាត់តាមច្រកសមុទ្រ Hormuz ខណៈការអមដំណើរកប៉ាល់ដឹកប្រេងដោយយោធាអាមេរិក បានជួយឱ្យការនាំចេញប្រេងរបស់បណ្ដាប្រទេសអារ៉ាប់ចេញពីច្រកសមុទ្រ Hormuz កើនឡើង។ ក៏ប៉ុន្តែការកើនឡើងនេះមិនទាន់ក្លាយជាជោគជ័យមួយនៅឡើយទេ ក៏ព្រោះតែប្រេងនៅតែមានតម្លៃថ្លៃ ដោយសារតែថ្លៃសេវាធានារ៉ាប់រងមានតម្លៃថ្លៃសម្រាប់កប៉ាល់ដឹកប្រេងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz៕