អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
28-10-2026 22:05
(ក្រុងព្រះសីហនុ)៖ អ្នកដំណើរប្រមាណ២០០នាក់ ត្រូវបានបញ្ជាឱ្យចុះពីនាវាទេសចរណ៍ Odyssey ភ្លាមៗ ហើយជាប់គាំងនៅក្រុងព្រះសីហនុ ព្រោះក្រុមហ៊ុនដែលដំណើរការនាវានេះអស់ថវិកា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា នាវានេះបានមកពីប្រទេសថៃ ហើយចូលចតនៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៣ ខែតុលា។ លើនាវាមានអ្នកដំណើរ២០៣នាក់ និងនាវិក១៥៦នាក់។ លោកបានបញ្ជាក់បន្ថែមថា តាមគម្រោង នាវានឹងបន្តដំណើរទៅវៀតណាម ប៉ុន្តែអ្នកដំណើរបែរជាទទួលបានពេលត្រឹមតែ៧ម៉ោងប៉ុណ្ណោះ ដើម្បីវេចខ្ចប់អីវ៉ាន់ហើយចុះពីនាវា។
ក្រុមហ៊ុនអាមេរិក Villa Vie Residences ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងដែលដំណើរការនាវានេះ បានប្រកាសផ្អាកប្រតិបត្តិការនៅកម្ពុជាកាលពីថ្ងៃអង្គារ ក្រោមហេតុផលថា ថ្លៃប្រេងបានឡើងខ្លាំងដោយសារផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់។ ក្រុមហ៊ុនបានអះអាងថា នៅតំបន់ខ្លះក្នុងអាស៊ី ថ្លៃប្រេងប្រចាំខែសម្រាប់បន្ទប់មួយ បានឡើងពីជាមធ្យម ១,៨០០ដុល្លារ ទៅដល់ប្រមាណ ៦,០០០ ទៅ ៨,០០០ដុល្លារ។
គួរបញ្ជាក់ថា នាវា Odyssey ប្រវែង២០០ម៉ែត្រនេះ បានចេញដំណើរពីអៀរឡង់ខាងជើងតាំងពីខែតុលា ឆ្នាំ២០២៤ ហើយធ្វើដំណើរជុំវិញពិភពលោកមិនឈប់។ អ្នកដំណើរអាចទិញ ឬជួលបន្ទប់ ដើម្បីដើរលេងមួយរយៈ ឬរស់នៅលើនាវាពេញមួយជីវិត។ អ្នកខ្លះថែមទាំងលក់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីបង់ថ្លៃ។ អ្នកដំណើរម្នាក់ឈ្មោះ Randy Cassingham បានរិះគន់ថា ក្រុមហ៊ុន «មិនបានធ្វើអ្វីសោះ» ដើម្បីជួយអ្នកដំណើរដែលជាប់គាំងនោះ។
កាលពីឆ្នាំ២០២០ នាវាទេសចរណ៍លើលំហសមុទ្របែបនេះដែរ គឺនាវា Westerdam ត្រូវបានគេរើសអើងព្រោះមានអ្នកកើតជំងឺកូវីដ១៩ ដែលប្រទេសនានាខ្លាចរអា។ តែទីបំផុតសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកាលពីពេលនោះ បានអនុញ្ញាតឱ្យចូលចិត្ត និងឱ្យអ្នកដំណើរចុះពីលើនាវា។
ពេលនេះនាវាទេសចរណ៍ដែលក្ស័យធន អស់ប្រេងសម្រាប់ប្រតិបត្តិការរបស់ខ្លួន ក៏ត្រូវបានអនុញ្ញាតឱ្យចតនៅកម្ពុជាដែរ ដើម្បីអ្នកដំណើរបានចុះពីលើនាវា។ តាមរឿងទាំងនេះ សុទ្ធតែបង្ហាញពីបេះដូងមនុស្សរបស់កម្ពុជា។ កម្ពុជា មិនមានទេ តែមិនបោះបង់មនុស្សធម៌សម្រាប់មនុស្សជាតិដែលមានបញ្ហានោះឡើយ៕




