ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ (Video inside)
29-10-2026 08:06
(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ មានរយៈពេល២២ឆ្នាំហើយ ដែលព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ ដែលពេលនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភា និងជាព្រះរាមម្ដាយទីទៃ ជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិដែរនោះ បានសម្រេចជ្រើសតាំងជាព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា។
ការជ្រើសរើសព្រះអង្គជាព្រះមហហាក្សត្រថ្មី ធ្វើឡើងបន្ទាប់ពីព្រះរាជបិតា សម្តេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ បានប្រកាសដាក់រាជ្យសម្បត្តិនៅថ្ងៃទី៧ តុលា ឆ្នាំ២០០៤។
ព្រះរាជពិធីយាងឡើងសោយព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើងយ៉ាងមហោឡារឹក ជាទីបំផុតបំផុតតាមព្រះរាជបវេណីរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។
ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី»។ មានសេចក្តីថា៖ «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់ ។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។
នៅក្នុងព្រះរាជពិធីយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិនោះ អង្គព្រះមហាក្សត្រខ្មែរ បានតាំងព្រះទ័យសច្ចាថា «ខ្ញុំតាំងសច្ចាថា នឹងប្រព្រឹត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ»។ ព្រះអង្គបានតាំងសច្ចាបែបនេះចំនួន៣ដង។
ក្នុងឱកាសនោះ ព្រះអង្គក៏បានប្រកាសប្តេជ្ញាព្រះទ័យបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅ របស់ប្រជារាស្ត្រនៅទូទាំងប្រទេស។ ជាពិសេសនៅជនបទស្រែចម្ការ។ «ខ្ញុំនឹងយកអស់សមត្ថភាពបម្រើព្រះសង្ឃគ្រប់ព្រះអង្គ បម្រើប្រជារាស្ត្រ និងបម្រើមាតុភូមិអង្គជាទីស្នេហា ដោយអំណត់ព្យាយាម និងដោយស្មោះត្រង់»។
ក្នុងរយៈពេល២២ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ បានប្រកាន់ខ្ជាប់នូវព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស និងបាននាំមកនូវសុខសុភមង្គលសម្រាប់ជាតិ និងប្រជារាស្ត្រខ្មែរ។
ព្រះអង្គបានចាត់ទុកបញ្ហារបស់ប្រជានុរាស្រ្ត ក៏ដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ អាស្រ័យហេតុនេះហើយ ទើបព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគថវិកាផ្ទាល់របស់ព្រះអង្គជួយសាសង់អាគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹកជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រទានថវិកាជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយ៉ាល ដោយផ្ដល់ជាគ្រឿងឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។
នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក្នុងពេលប្រទេសកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ ព្រះមហាក្សត្រខ្មែរ បានសព្វរាជព្រះហឫទ័យប្រោសប្រទាននូវព្រះរាជសម្បត្តិផ្ទាល់របស់ព្រះអង្គជាច្រើន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយការលំបាកនានា ក៏ដូចជាការទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យហ្លួងម៉ែជាដើម។ ក្រៅពីនោះព្រះអង្គក៏បានប្រោសព្រះរាជទានជាស្បៀងអាហារ និងថវិកានានា ជូនទៅប្រជាពលរដ្ឋរងគ្រោះផងដែរ។
ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សហមុនី ព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ព្រះអង្គតែងតែព្រះរាជាអនុញ្ញាតសវនាកាជាមួយអង្គទូតអស់អាណត្តិ និងមន្ត្រីអង្គទូតថ្មី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេង ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត។
រយៈពេល ២២ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ បានធ្វើឱ្យប្រជានុរាស្រ្តខ្មែរមានភាពកក់ក្ដៅយ៉ាងក្រៃលែង។ ក្នុងឱកាសអបអរសាទរខួប២២ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ លិខិតព្រះបរមរាជានុញ្ញាតថ្វាយព្រះពរព្រះអង្គ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងមន្ត្រីរាជការត្រូវធ្លាក់ជាបន្តបន្ទាប់។ ក្រៅតែពីការថ្វាយព្រះពរថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ក៏បានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រខ្មែរ ក្នុងព្រះរាជសកម្មភាពចំពោះជាតិមាតុភូមិ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសរំលេចក្នុងលិខិតថ្វាយព្រះពរថា «ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គឺជាម្លប់ដ៏ត្រជាក់ត្រជំថ្កើងថ្កាននៃអត្តសញ្ញាណជាតិ មាតុភូមិ និងប្រជានុរាស្ត្រកម្ពុជាទាំងមូល»។
សម្តេចតេជោ បានទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក្នុងលិខិតថ្វាយព្រះពរនោះទៀតថា «ព្រះរាជសកម្មភាពដ៏មហាវិសេសវិសាលនៃព្រះករុណា បាននិងកំពុងបំពេញព្រះរាជបូជនីយកិច្ច ដើម្បីបន្តថែរក្សា និងលើកកម្ពស់សុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជានុរាស្ត្ររួមរស់ប្រកបដោយសុខុមាលភាព សុភមង្គល និងភាពរីកចម្រើន។ ទន្ទឹមនេះ ព្រះករុណា គឺជាមហាក្សត្រដែលពោរពេញដោយព្រះរាជហឫទ័យខ្ពស់ក្នុងការកសាងសម្ព័ន្ធភាពជាមួយប្រទេសនានា ដើម្បីបង្ហាញទៅបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ អំពីអច្ឆរិយភាពនៃព្រះរាជាណាចក្រកម្ពុជា និងជាការចងចំណងមិត្តភាពប្រកបដោយភាពទន់ភ្លន់ ស្មោះត្រង់ និងភាពឆ្លាតវៃនៃវិបុលភាពរួម»។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសរំលេចក្នុងសារលិខិតថ្វាយព្រះពរថា «ក្នុងព្រះបរមនាមជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌ និងព្រះរាជតំរិះគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណបំពេញព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្តមបម្រើមាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ»។
សម្តេច ឃួន សុដារី បានទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតត្បូង ក្នុងសារលិខិតថ្វាយព្រះពរទៀតថា «ទន្ទឹមនេះ ទូលព្រះបង្គំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លានៃព្រះបារមី ព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋរបស់ព្រះករុណាអម្ចាស់ជីវិតលើត្បូង ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និង មានវឌ្ឍនភាពលើគ្រប់វិស័យ ព្រមទាំងបាននាំមកនូវភាពសុខដុមរមនាជូនប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងក្នុងលិខិតថ្វាយព្រះពរថា «ប្រជាជាតិ និងអាណាប្រជារាស្ត្រខ្មែរ ពិតជាមានភ័ព្វដ៏ក្រៃលែង ដែលមានព្រះករុណា ព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ និងព្រហ្មវិហារធម៌ ព្រមទាំងព្រះរាជហឫទ័យសន្តោសប្រណីដ៏ទូលំទូលាយ ទ្រង់ជាព្រះប្រមុខរដ្ឋដែលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ទ្រង់ជាអ្នកធានាឯករាជ្រយជាតិ អធិបតេយ្យ និងបូរណភាពទឹកដ៏ដ៏ថ្លៃថ្លា ដង្ហែតាមព្រះរាជមាគ៌ានៃព្រះករុណា ព្រះបរមរតនកោដ្ឋ»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវព្រះរាជកតញ្ញូកតវេទិតាធម៌ និងព្រះរាជគុណូបការៈដ៏មហាធំធេងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្អង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គទ្រង់តែងតែសព្វព្រះរាជហឫទ័យបំពេញព្រះរាជកិច្ចប្រកបដោយព្រះរាជគតិបណ្ឌិតវាងវៃបំផុត ព្រះព្រហ្មវិហារធម៌ ព្រះមហាករុណាទិគុណ និងមានព្រះរាជទសពិធរាជធម៌ដ៏ថ្លៃថ្លា ក្នុងវិស័យការទូត ការអប់រំសិក្សាធិការ សុខុមាលភាពសង្គម និងព្រះពុទ្ធសាសនា ដើម្បីព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសរំលេចក្នុងសារលិខិតថ្វាយព្រះពរទៀតថា «ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាព្រះរាជនិមិត្តរូបនៃព្រះរាជវីរគំរូមនុស្សធម៌ សម្រាប់ជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ជាកូន ចៅ របស់ព្រះអង្គជារៀងរហូត»។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រាច្បង របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ។ ព្រះអង្គមាន ព្រះអនុជ បង្កើត តែមួយអង្គគត់ គឺសម្តេច នរោត្តម នរិន្ទ្រពង្ស (១៩៥៤-២០០៣) ។
ព្រះអង្គទ្រង់បានសិក្សានៅសាលាបឋមសិក្សានរោត្តម ហើយក្រោយមកព្រះអង្គទ្រង់បានបន្តការសិក្សានៅវិទ្យាល័យដេកាត ដែលសាលាទាំង២នេះស្ថិតនៅក្នុងរាជភ្នំពេញ។ នៅក្នុងវ័យ៩ព្រះវស្សា ព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនទៅទីក្រុងប្រាក នៃអតីតសាធារណៈរដ្ឋឆេកូស្លូវ៉ាគី នៅក្នុងឆ្នាំ១៩៦២ ដែលជាចំណែកមួយនៃនយោបាយការបរទេសអព្យាក្រឹត្យ និងមិត្តភាព ជាមួយប្រទេសទាំងអស់ដែលគោរពអធិបតេយ្យភាពប្រទេសកម្ពុជា។
នៅទីនោះព្រះអង្គបានបង្ហាញនូវភាពលេចធ្លោរគ្មានគូប្រៀប នៅក្នុងប្រព័ន្ធគរុកោសល្យ កិច្ចការស៊ីវិល និងឥរិយាបថសុជីវធម៌ ដ៏ល្អក្រៃលែង។ បន្ទាប់ពីព្រះអង្គទ្រង់បានសិក្សាថ្នាក់បឋមសិក្សា វិទ្យាល័យ និងសាលាតូរ្យតន្រ្តី ដែលទ្រង់បានសិក្សាផ្នែកតន្រ្តី និងរបាំបុរាណដល់ឆ្នាំ១៩៧៥។ ព្រះបាទនរោត្តម សីហមុនីទ្រង់ស្ទាត់ជំនាញខាងភាសាសាស្រ្ត ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យទាក់ទងភាសាអង់គ្លេស និងរុស្ស៊ីបានយ៉ាងប្រសើរផងដែរ។
នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីទីក្រុងប្រាក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់មកមាតុភូមិវិញនៅក្នុងឆ្នាំ១៩៧៧។ ភ្លាមៗបន្ទាប់ពីព្រះអង្គបានវិលត្រឡប់មកកាន់មាតុភូមិវិញ ទ្រង់ត្រូវបានខ្មែរក្រហម ដែលកំពុងកាន់អំណាចហើយប្រឆាំងនិងរបបរាជានិយម បានឃុំឃាំងព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្ស ដទៃទៀតផងដែរ។ ក្រោយមកព្រះអង្គ និងព្រះញាតិវង្សដទៃទៀត ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ត្រូវបានរំដោះប្រទេសពីរបបខ្មែរក្រហមនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
លុះដល់ឆ្នាំ១៩៨១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះអង្គទ្រង់បានយាងទៅកាន់ក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និងទទួលព្រះរាជតួនាទីជាព្រះប្រធានសមាគមរបាំខ្មែរ។ ទ្រង់បានគង់នៅប្រទេសបារាំងជិត២០ព្រះវស្សា នៅទីនោះជារឿយៗព្រះអង្គ តែងតែយាងទៅកាន់ទីក្រុងប្រាក រដ្ឋធានីនៃសាធារណរដ្ឋឆេក ជាទីដែលព្រះអង្គបានចំណាយពេលជាច្រើននៅក្នុងព្រះជន្មក្មេងវស្សា។ មិនតែប៉ុណ្ណោះព្រះអង្គគឺជាព្រះមហាក្សត្រខ្មែរតែមួយគត់ ដែលមានសមត្ថភាព មានព្រះរាជសុវណ្ណីជាភាសាឆេក។
នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គទ្រង់ជាឯកអគ្គរាជទូតវប្បធម៌ នៅអង្គការយូនេស្កូ (UNESCO) និងជាគ្រូបង្ហាត់របាំបុរាណ។ នៅទីនោះព្រះអង្គមានប្រជាប្រិយភាព និងល្បីល្បាញយ៉ាងខ្លាំងនៅលើការតស៊ូមតិយ៉ាងស្វិតស្វាញ ចំពោះវប្បធម៌កម្ពុជា៕




























