ក្តីសង្ឃឹមថ្មីនៅទឹកដីថ្មី! អភិបាលខេត្តពោធិ៍សាត់ ជូនដំណើរពលរដ្ឋ ១៦គ្រួសារ ទៅទទួលដី និងផ្ទះពីកម្មវិធី «ផ.ក.អ» នៅខេត្តស្ទឹងត្រែង
29-10-2026 12:07
(ពោធិ៍សាត់)៖ ក្រោមម្លប់សន្តិភាព និងការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជីវិតថ្មី និងក្តីសង្ឃឹមថ្មី របស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៦គ្រួសារ នៅខេត្តពោធិ៍សាត់ ត្រូវបានបើកទំព័រឡើងយ៉ាងស្រស់បំព្រង នៅទឹកដីថ្មីឯខេត្តស្ទឹងត្រែង។
ជាក់ស្តែងនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល ផ្តល់អំណោយ និងជូនដំណើរគ្រួសារប្រជាពលរដ្ឋ ទាំង១៦គ្រួសារ ដោយក្តីអាណិតអាសូរ និងស្នាមញញឹមដ៏កក់ក្តៅ នៅបរិវេណសាលាខេត្តពោធិ៍សាត់ មុនពេលពួកគាត់ចេញដំណើរ ឆ្ពោះទៅកាន់ទឹកដីខេត្តស្ទឹងត្រែង ដើម្បីទទួលយកផ្ទះ និងដីឡូតិ៍បង្កបង្កើនផល ចំនួន៣ហិកតា ក្នុងមួយគ្រួសារ ពីកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ)។
កម្មវិធីដ៏មានអត្ថន័យនេះ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងដោះស្រាយបញ្ហាជីវភាព ដីធ្លី និងផ្ទះសម្បែងជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ព្រមទាំងផ្សារភ្ជាប់ជាមួយការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងព្រៃឈើឱ្យបានគង់វង្ស។
បើតាមលោក ហេង សុភាណា អភិបាលរងខេត្ត និងជាអ្នកដឹកនាំជូនដំណើរផ្ទាល់ បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង ១៦គ្រួសារនេះ ត្រូវបានជ្រើសរើស និងចាប់ឆ្នោតទទួលយកយ៉ាងតម្លាភាព មកពីបណ្តាក្រុង-ស្រុក ទូទាំងខេត្តពោធិ៍សាត់ ដោយបំពេញលក្ខណៈវិនិច្ឆ័យយ៉ាងជាក់លាក់ គឺ៖ មានសញ្ជាតិខ្មែរ, ជាគ្រួសារក្រីក្រពិតប្រាកដ, គ្មានទីលំនៅឋាន និងដីធ្លីពិតប្រាកដ ជាពិសេសគឺមានស្មារតីស្ម័គ្រចិត្តខ្ពស់ ក្នុងការផ្លាស់ប្តូរទីលំនៅទៅចាប់ផ្តើមជីវិតថ្មី នៅលើដីទំហំ៣ហិកតា និងផ្ទះ ១ខ្នង ដែលរដ្ឋបានរៀបចំជូននៅខេត្តស្ទឹងត្រែង។
លោក ខូយ រីដា បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើផ្ដល់កម្លាំងចិត្តយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋ ទាំង១៦គ្រួសារថា៖ ថ្ងៃនេះគឺជាថ្ងៃដ៏មានសិរីមង្គល និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ជីវិតរបស់បងប្អូន ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនដែលបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។
លោកបន្តថា ការដែលបងប្អូនសម្រេចចិត្តទៅចាប់យកឱកាសទទួលបានដី៣ហិកតា និងផ្ទះថ្មី នៅខេត្តស្ទឹងត្រែង គឺជានិមិត្តរូបនៃការចាប់យកអនាគតដ៏ភ្លឺស្វាង សម្រាប់កូនចៅជំនាន់ក្រោយ។ ទោះបីជាបងប្អូនត្រូវផ្លាស់ទីលំនៅចេញពីខេត្តពោធិ៍សាត់ក៏ដោយ ប៉ុន្តែទឹកចិត្ត និងការគាំទ្រពីអាជ្ញាធរខេត្ត គឺនៅតែស្ថិតនៅជាមួយបងប្អូនជានិច្ច។ សូមខិតខំកែប្រែដី ៣ហិកតានោះ ទៅជាបង្កបង្កើនផល ប្រកបមុខរបរដោយសុចរិត រួមគ្នាការពារព្រៃឈើ និងអភិវឌ្ឍន៍សហគមន៍ថ្មីរបស់យើង ឱ្យរីកចម្រើនរុងរឿងទាំងអស់គ្នា។
លោកអភិបាលខេត្តក៏បានចាត់ចែងរៀបចំរថយន្តដឹកជញ្ជូនសម្ភារៈ និងក្រុមការងារចុះជួយសម្របសម្រួល ជូនបងប្អូនរហូតដល់ទីតាំងដី និងផ្ទះថ្មី នៅខេត្តស្ទឹងត្រែង ដោយសុវត្ថិភាព និងរលូនផងដែរ។
បងប្អូនប្រជាពលរដ្ឋ ទាំង១៦គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ខូយ រីដា ដែលបានផ្តល់នូវជីវិតថ្មី និងក្តីសង្ឃឹមពិតប្រាកដ ដល់គ្រួសាររបស់ពួកគាត់។
អំណោយឧបត្ថម្ភ និងសម្ភារៈជូនដំណើរដើម្បីសម្រាលការលំបាកក្នុងខែដំបូង នៃការចាប់ផ្តើមជីវិតនៅទីតាំងថ្មី គ្រួសារនីមួយៗទទួលបានអំណោយឧបត្ថម្ភ ពីសំណាក់រដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មុង ២, កន្ទេល ១, ភួយ ១, ថាសដែក ១, និងថវិកា ៥ម៉ឺនរៀល៕












































