សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្ញើព្រះរាជសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ
29-10-2026 12:26
(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានចេញព្រះរាជសារថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ។
នៅក្នុងព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានខ្លឹមសារដូចនេះថា៖ ព្រះរាជបុត្រ ជាទីស្រឡាញ់ស្មើជីវិតនៃ ម៉ាម៉ង់, នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យខួបទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះរាជបុត្រ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត នៅថ្ងៃព្រហស្បតិ៍ទី ២៩ ខែតុលា ឆ្នាំ២០២៦ ម៉ាម៉ង់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុតជាមួយប្រជាជាតិ ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសដ៏មហាប្រសើរនេះ ម៉ាម៉ង់ សូមសំដែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះព្រះរាជបុត្រ ដែលមានព្រះកិត្តិនាម ព្រះកិត្តិស័ព្ទកាន់តែល្បីល្បាញនៅក្នុងមជ្ឈដ្ឋានជាតិ-អន្តរជាតិ និងទទួលបានមហាជោគជ័យក្នុងព្រះរាជកិច្ចជាប្រវត្តិសាស្ត្រ ហើយប្រជាជាតិ ប្រជារាស្ត្រកម្ពុជា មានមោទនភាពជាទីបំផុត ចំពោះព្រះរាជបុត្រ ដែលប្រកបដោយចរិយាសម្បត្តិដ៏ល្អប្រពៃគ្រប់លក្ខណៈក្នុងការបំរើឧត្តមប្រយោជន៍មាតុភូមិកម្ពុជា។ សូមព្រះរាជាណាចក្រកម្ពុជា ស្គាល់តែសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពជាដរាប ។
ម៉ាម៉ង់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុសក្តិសិទ្ធក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងព្រះវិញ្ញាណក្ខន្ធព្រះអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ៗ ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ប៉ាប៉ា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ ព្រះរាជមេត្តាជួយអភិបាលថែរក្សាព្រះរាជបុត្រ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅនៃម៉ាម៉ង់ បានប្រកបតែនឹងព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា និងគង់ប្រថាប់ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ ព្រមទាំងបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕





