ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
29-10-2026 12:31
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារលិខិតថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដោយបានសម្តែងនូវព្រះរាជហឫទ័យសោមនស្សរីករាយ និងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជសារប្រទានព្រះរាជសព្ទសាធុការពរជ័យដល់ទ្រង់ ក្នុងឱកាសខួបទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។
យោងតាមព្រះរាជសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានគូសបញ្ជាក់ថា ព្រះអង្គមានហឫទ័យរីករាយជាខ្លាំងចំពោះព្រះរាជសារប្រទានពរជ័យ ដែលមានអត្ថន័យ និងខ្លឹមសារដ៏វិសេសវិសាល ដែលបានបង្ហាញច្បាស់នូវព្រះរាជហឫទ័យដ៏ថ្លៃថ្លា និងព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ សម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានមានព្រះបន្ទូលគូសរំលេចថា ការបំពេញបេសកកម្មជូនជាតិ សាសនា និងមាតុភូមិ រហូតទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺអាស្រ័យដោយព្រះអង្គបានដង្ហែតាមព្រះរាជមាគ៌ាដ៏ត្រចះត្រចង់ និងព្រះរាជឱង្ការផ្តែផ្តាំរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យសន្តោសប្រោសប្រណីដ៏វិសេសវិសាលបំផុត។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានលំឱនព្រះកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា សូមតាមជួយរាជអភិបាលរក្សា សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ និងគង់ប្រថាប់ជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ដរាបតរៀងទៅ៕





