លោក ណុប រ័ត្ននិមល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំបំពេញការងារមិនខ្លាចនឿយហត់ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងធ្វើឱ្យប្រទេសកម្ពុជាបោះជំហានទៅមុខប្រកបដោយទំនុកចិត្តជាមួយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ
29-10-2026 12:57
(តាកែវ)៖ ដើម្បីប្រមូលបច្ច័យយកមកសាងសង់ព្រះវិហារ វត្តតុំ, លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ តំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានដង្ហែព្រះអង្គកឋិនទាន មកវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
នេះជាវត្តទី២ ដែលនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានចាត់តាំងលោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ ដង្ហែអង្គកឋិនទានចូលមកវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសមកនោះ ដើម្បីជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើន។ អង្គកឋិនទាន មានរយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែភទ្របទ។
ថ្លែងទៅកាន់លោកតា លោកយាយ ប្រជាពលរដ្ឋពុទ្ធបរិស័ទ នាឱកាសនោះលោក ណុប រ័ត្ននិមល ក្នុងនាមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី មកជូនដល់ព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
លោកបានលើកឡើងថា រាជរដ្ឋាភិបាលអណតិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីនយោបាយបញ្ចកោណដំណាក់កាលទី១ ដែលធ្វើឲ្យប្រទេសរបស់យើងកាន់ តែមានភាពរីកចំរើន។
លោកបានថ្លែងថា «ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ដែលជាយុវជនបន្តវេន បានខិតខំបំពេញការងារមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងធ្វើឱ្យប្រទេសកម្ពុជា របស់យើង បោះជំហានទៅមុខប្រកបដោយទំនុកចិត្ត ជាមួយនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ»។
លោក ណុប រ័ត្ននិមល ក៏បានថ្លែងអំណរគុណព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ដែលបានចូលរួមឧបត្ថម្ភគាំទ្រស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដល់វរកងទ័ពក្នុងការការពារបូរណភាពទឹកដីនាពេលកន្លងមក ហើយក៏បានអំពាវនាវផងដែរ ឱ្យមន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋ បន្តការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ កុំជឿការញ៉ុសញ៉ុងពីក្រុមជនអគតិ ដែលមានបំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជា។
ក្នុងឱកាសនោះលោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ បានប្រគេនព្រះសង្ឃវត្តតុំ៖
*ព្រះសង្ឃក្រាលគ្រង ចំនួន ១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ៤០ម៉ឺនរៀល។
*ព្រះសង្ឃសូត្រស្តាំ-ឆ្វេង ចំនួន ២អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ១៥ម៉ឺនរៀល។
*ព្រះភិក្ខុសង្ឃគង់ហត្ថបាស ចំនួន ៤អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ១៥ម៉ឺនរៀល
*ព្រះសង្ឃ ក្នុងវត្ត ចំនួន១០អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ០៥ម៉ឺនរៀល។
*គណៈកម្មការ អាចារ្យវត្ត ចំនួន ០៥នាក់ - យាយបម្រើព្រះសង្ឃក្នុងវត្ត ចំនួន ០៥នាក់ ក្នុង១នាក់ៗ ជូនថវិកា ៥ម៉ឺនរៀល។
*បច្ច័យសង្កត់ត្រៃរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្ទី = ១០០លានរៀល និងត្រៃធំ ៣ - ត្រៃលាង ៦។
*បច្ច័យអមត្រៃរបស់ពុទ្ធបរិស័ទ = ២៥លាន ៨០ម៉ឺនរៀល (ត្រៃធំ ៣០ + ត្រៃលាង ១០)
*បច្ច័យសរុបរួម ១២៥លាន ៨០ម៉ឺនរៀល , ត្រៃធំ ៣៣ - ត្រៃលាង ១៦៕









































