អនុប្រធានទី១ ព្រឹទ្ធសភា ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋានក្នុងក្រុង-ស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ
29-10-2026 13:24
(ត្បូងឃ្មុំ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិ សរុប ១៦២០ នាក់ នៅក្រុង-ស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ រួមមាន ស្រុកមេមត់ ពញាក្រែក ត្បូងឃ្មុំ ក្រូចឆ្មារ តំបែរ អូររាំងឪ និងក្រុងសួង។
បេសកកម្មនេះ គឺជាការបន្តអនុវត្តជាប់ជាប្រចាំ នូវការងារអាទិភាពមួយក្នុងអាទិភាពទាំងពីរ ដែលជាអនុសាសន៍ដ៏ថ្លៃថ្លា ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងការរួមសុខរួមទុក្ខជាមួយ បងប្អូនប្រជាពលរដ្ឋ ស្វែងយល់ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់មូលដ្ឋាន ព្រមទាំងពង្រឹងទំនាក់ទំនង និងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភា និងអង្គបោះឆ្នោត និងផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ និងអន្តរជាតិ។
ជាកិច្ចចាប់ផ្តើម លោកអនុប្រធានទី១ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសព្វសាធុការពរជ័យ ប្រកបដោយ ភាពកក់ក្តៅពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះសមាជិក សមាជិកានៃអង្គបោះឆ្នោត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់អំពីការធ្វើពលិកម្មដ៏ថ្លៃថ្លា និងគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយឥស្សរជនឆ្នើមដទៃទៀត ក្នុងដំណើរស្វែងរកដ៏លំបាកនូវ សុខសន្តិភាព និងឯកភាពជាតិ ជូនជាតិមាតុភូមិ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការអភិវឌ្ឍកម្ពុជា រីកចម្រើនលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះ លោកអនុប្រធានទី១ បានលើករំលឹកពីប្រវត្តិអាណាចក្រកម្ពុជា និងសារៈសំខាន់នៃសាមគ្គីភាព និងឯកភាពជាតិ។ លោក បានលើកផងដែរអំពីសភាពការណ៍ជាតិ និងអន្តរជាតិ ដោយបានគូសបញ្ជាក់ថា ចំណុចសំខាន់គឺរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយសម្រួលជីវភាពរបស់ប្រជាជនកម្ពុជា បើទោះជាមានហេតុបច្ច័យ ដែលជះពីឥទ្ធិពលនៃសង្គ្រាមនៅក្រៅប្រទេស ក៏ដូចជា ទំនាស់នៅមជ្ឈិមបូព៌ា និងអឺរ៉ុបក៏ដោយ។
ជាពិសេសទៅទៀត លោក បានរំលឹកអំពីសកម្មភាពឈ្លានពានមកលើបូរណភាពដែនដីកម្ពុជា លើភូមិខ្មែរ ដែលស្ថិតភាគខាងលិច ជាប់នឹងខ្សែបន្ទាត់ព្រំដែនថៃ និងការប្តេជ្ញាចិត្តដ៏ម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពជាតិ និងសម្តែងមោទនភាពចំពោះសាមគ្គីភាព ឯកភាពជាតិធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល ជុំវិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជាតិមាតុភូមិ។
បន្ថែមពីលើនេះ លោក អ៊ុច បូររិទ្ធ បានបញ្ជាក់បន្ថែមថា ជាការគួរឱ្យសោកស្តាយ ដោយសារជនអគតិមួយចំនួន ជាពិសេសមេខ្លោងពួកអស់ទាំងនេះបានសម្តែងចេញឱ្យឃើញនូវអាកប្បកិរិយាបម្រើជនបរទេស និងបន្តុះបង្អាប់សមត្ថភាពប្រយុទ្ធរបសវិរយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថា ជាទង្វើ ដែលមិនអាចអត់ឱនឱ្យបាន។
ចំពោះករណីនេះ លោក បានអំពាវនាវសុំឱ្យបងប្អូនទាំងអស់កុំជឿតាមការអុជអាលរបស់ពួកអគតិ និងមេខ្លោងពួកនេះ ហើយត្រៀមលក្ខណៈក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីសម្តែងឱ្យឃើញនូវសាមគ្គីភាព និងឯកភាពជាតិផ្ទៃក្នុងប្រទេសជាតិរបស់យើង។
នៅចុងបញ្ចប់ លោកប្រធានក្រុមភូមិភាគទី២ បានប្រគល់កញ្ចប់សម្ភារៈ រួមមានសម្លៀកបំពាក់ និងថ្នាំសង្កូវ ព្រមទាំងថវិកាមួយចំនួន ជូនដល់តំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រធានភូមិ និងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសស្និទ្ធស្នាល៕



















