លោក សួន សេរីរដ្ឋា៖ ការកំណត់ព្រំដែនសម័យទំនើប ត្រូវផ្អែកលើយន្តការចរចា ផែនទីសន្ធិសញ្ញា និងបច្ចេកទេសច្បាស់លាស់ មិនមែនធ្វើតាមចង្អុលដៃ ឬបបូរមាត់អ្នកនយោបាយប្រឆាំងឡើយ
29-10-2026 15:54
(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ បានចេញមកពន្យល់យ៉ាងលម្អិតអំពីគោលការណ៍គ្រឹះ និងនីតិវិធីបច្ចេកទេសទាំង៥ចំណុច ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងក្នុងសម័យទំនើប។
ជាមួយគ្នានេះ នយោបាយរូបនេះ បានរិះគន់យ៉ាងចាស់ដៃចំពោះក្រុមអ្នកនយោបាយប្រឆាំងថា «បានត្រឹមតែប្រើបបូរមាត់និយាយដោយមិនដឹងខ្យល់» ដើម្បីដុតកំដៅបញ្ហា និងកេងចំណេញផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ។
តាមរយៈសារបង្ហោះលើបណ្តាញសង្គម CoolApp លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់អំពីមូលដ្ឋាននៃការកំណត់ខ្សែបន្ទាត់ព្រំដែនរវាងរដ្ឋនិងរដ្ឋ ចំនួន ៥ចំណុច សំខាន់ៗរួមមាន៖
ទី១៖ មិនកំណត់តាមការចង្អុលដៃ៖ ការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងក្នុងសម័យទំនើបនេះ មិនមែនធ្វើការកំណត់តាមចង្អុលដៃរបស់ប្រជាជនទាំងសងខាង ដែលធ្លាប់រស់នៅ ឬកំពុងរស់នៅក្នុងតំបន់ខ្សែបន្ទាត់ព្រំដែនដែលមានទំនាស់នោះទេ។
ទី២៖ មិនយកតាមដើមឈើ ឬភ្លឺស្រែចម្ការ៖ ខ្សែបន្ទាត់ព្រំដែន ក៏មិនមែនយកតាមដើមឈើ ភ្លឺស្រែ ឬដីស្រែចម្ការដែលប្រជាជនទាំងសងខាងធ្លាប់ធ្វើស្រែចម្ការ ឬបានដាំដើមឈើចំណាំព្រំដីរបស់ខ្លួននោះដែរ។
ទី៣៖ មិនទទួលយកការឈ្លានពានដោយកម្លាំងទ័ព៖ ខ្សែបន្ទាត់ព្រំដែន មិនអាចទទួលយកតាមរយៈសង្គ្រាមឈ្លានពាន ឬការរុញច្រានយកប្រៀបដោយកម្លាំងប្រដាប់អាវុធបានជាដាច់ខាត។
ទី៤៖ ស្ថានភាពជាក់ស្តែងនៃការរស់នៅឆ្លងដែន៖ ត្រូវទទួលស្គាល់ការពិតថា ក្នុងគ្រាកន្លងមករាប់រយឆ្នាំ ដែលប្រទេសទាំងពីរមិនទាន់បានកំណត់ច្បាស់លាស់នូវខ្សែបន្ទាត់ព្រំដែនត្រឹមត្រូវជាមួយគ្នានោះ សកម្មភាពសង់ផ្ទះ កាប់គាស់ដីដាំដំណាំ ធ្វើស្រែចម្ការ និងធ្វើរបងភូមិ គឺតែងតែមានការចេញ-ចូលហួសផុតខ្សែបន្ទាត់ព្រំដែនទាំងសងខាង (ពោលគឺអាចយើងចូលទៅខាងគេ និងគេចូលមកខាងយើង)។
ទី៥៖ យន្តការចរចា បច្ចេកទេសវាស់វែង និងសន្ធិសញ្ញាអន្តរជាតិ៖ ដើម្បីដោះស្រាយបញ្ហា ត្រូវតែបង្កើតយន្តការចរចា និងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីរុករកបង្គោល និងតម្រុយបង្គោលចាស់ដែលបានធ្វើកន្លងមក ព្រមទាំងផ្ទៀងផ្ទាត់ផែនទីចាស់តាមអនុសញ្ញាដែលធ្លាប់បានព្រមព្រៀងគ្នា។ បន្ទាប់មក ក្រុមបច្ចេកទេសត្រូវវាស់វែងតាមបច្ចេកវិទ្យាសម័យទំនើប ដើម្បីកំណត់តម្រុយខ្សែបន្ទាត់ព្រំដែនជាក់លាក់ជាមួយគ្នា រួចទើបសម្រេចកាត់ឆ្វៀលដោះដូរលំនៅឋាន និងដីស្រែចម្ការដែលប្រជាជនសងខាងបានអាស្រ័យផលហួសចូល-ចេញទៅវិញទៅមក ដោយធានារក្សាឱ្យបាននូវសុក្រឹតភាពផ្ទៃក្រឡាប្រទេសសងខាងមិនឱ្យបាត់បង់ មុននឹងឈានទៅបង្កើតសន្ធិសញ្ញាព្រំដែនទទួលស្គាល់គ្នា និងបោះបង្គោលព្រំដែនជាលក្ខណៈអន្តរជាតិជាមួយគ្នា។
ផ្អែកលើមូលដ្ឋានបច្ចេកទេស និងផ្លូវច្បាប់ទាំង ៥ចំណុច ខាងលើនេះ លោក សួន សេរីរដ្ឋា បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែន និងការដោះស្រាយទំនាស់ព្រំដែនដែលរ៉ាំរ៉ៃយូរឆ្នាំ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនត្រឹមត្រូវ និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិរវាងប្រទេសពីរ គឺមិនមែនធ្វើតាមបបូរមាត់និយាយឥតដឹងខ្យល់របស់ក្រុមអ្នកនយោបាយប្រឆាំង ដែលប្រឆាំងផ្កាប់មុខ ប្រឆាំងឈ្នានីស និងប្រឆាំងដើម្បីកេងយកចំណេញនយោបាយក្នុងគោលបំណងដុតកំដៅបញ្ហានោះឡើយ។
ជាចុងក្រោយ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា សូម្បីតែក្រុមអ្នកនយោបាយប្រឆាំងទាំងនោះ ក៏ដឹងខ្លួនឯងច្បាស់ដែរថា ប្រសិនបើថ្ងៃក្រោយពួកគេមានឱកាសកាន់អំណាច ក៏ពួកគេមិនអាចយកអ្វីដែលខ្លួនកំពុងនិយាយនៅពេលនេះ ទៅដោះស្រាយបញ្ហាព្រំដែនតែម្ខាងបាននោះដែរ៕




