ឯកអគ្គរដ្ឋទូតចិន អបអរសាទរខួបលើកទី២២ នៃការយាងគ្រងរាជសម្បត្តិ ព្រះករុណា ព្រះមហាក្សត្រ និងប្តេជ្ញាបន្តពង្រឹងមិត្តភាពដែកថែប ចិន-កម្ពុជា
29-10-2026 15:56
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក វ៉ាង វិនពីន (Wang Wen Bin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហោះសារថ្វាយព្រះពរ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពូនជ្រំចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
តាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា ចាប់តាំងពីការយាងឡើងគ្រងរាជសម្បត្តិមក ព្រះករុណា ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យយាងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរបស់កម្ពុជា ក៏ដូចជាព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិផងដែរ។ ស្ថានទូតចិន បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះអង្គ ប្រជាជនកម្ពុជាដែលពោរពេញដោយសមត្ថភាព និងភាពឧស្សាហ៍ព្យាយាម នឹងបន្តកសាងអនាគតដ៏ភ្លឺស្វាងថែមទៀតសម្រាប់មាតុភូមិខ្លួន។
ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតចិន ក៏បានរំលឹកអំពីចំណងមិត្តភាពដែកថែបរវាងប្រទេសចិន និងកម្ពុជា ដែលត្រូវបានកសាង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំចិនជំនាន់មុន រួមជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្ត្រ និងកាន់តែរឹងមាំដូចថ្ម។
ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា៖ «ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងព្រះករុណាព្រះមហាក្សត្រ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានចូលដល់ដំណាក់កាលថ្មីមួយ គឺការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។
ជាមួយគ្នានេះ ភាគីចិនបានបង្ហាញនូវក្ដីរីករាយក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវកុងសង់ស៊ីស (មតិឯកភាព) សំខាន់ៗ ដែលត្រូវបានកំណត់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សំដៅធ្វើឱ្យចំណងមិត្តភាពរវាងចិន និងកម្ពុជា ចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជនទាំងពីរ និងបន្តថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ទៀត៕






