ស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រៀមកម្លាំង១៥០០នាក់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងពិធីបុណ្យអុំទូកខេត្តតាកែវ (Video inside)
29-10-2026 16:11
(តាកែវ)៖ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចហើយ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យអុំទូកដែលរដ្ឋបាលខេត្តតាកែវ រៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខឆាប់ៗនេះ។
ថ្លែងប្រាប់ Fresh News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលផែនការងារសេនាធិការ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានប្រជុំណែនាំ និងរៀបចំកម្លាំងនគរបាលចំនួន១៥០០នាក់ ដាក់ពង្រាយតាមដងផ្លូវដើម្បីការពារនៅតាមគោលដៅរៀបចំពិធី និងគោលដៅបិទច្រកចេញចូល និងការរៀបចំកម្លាំងចរាចរណ៍ដើម្បីសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះចរាចរណ៍ ជាពិសេសសំដៅធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខជូនថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋដែលចូលរួមនៅក្នុងកម្មវិធីនេះ។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានថ្លែងបន្តថា កម្លាំងរបស់ស្នងការដ្ឋានបានដាក់ទីតាំងបញ្ជាការស្រាលចំនួន៣ទីតាំង ទី១ នៅខាងលិចមហោស្រពខេត្ត ទីតាំងទី២នៅមុខសកលវិទ្យាល័យបៀលប្រាយ និងទីតាំងទី៣ នៅមុខផ្ទះសំណាក់រចនា។
ទីតាំងបញ្ជាការស្រាលទាំង៣នេះ ក៏មានសេវាសុខាភិបាលសង្គ្រោះនៅទីនោះផងដែរ សម្រាប់ជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋ ហើយស្នងការដ្ឋានក៏មានលេខទូរស័ព្ទ២ខ្សែគឺលេខ ០៧១ ២៨៥២២២២ និងលេខ០៩៧ ៦៤៧៤៧៣៧ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខលចូលដើម្បីរាយការណ៍ឲ្យជួយអន្តរាគមន៍ភ្លាមៗ។
បើតាមលោកឧត្តមសេនីយ៍ស្នងការរង សៅ សារុន កម្លាំងនគរបាលខេត្តតាកែវ ក៏បានត្រៀមកម្លាំងជួយសង្គ្រោះក្នុងផ្ទៃបឹងករណីមានការលិចទូក ដោយស្នងការដ្ឋានបានត្រៀមអូប័រ ទូកសង្គ្រោះនិងកម្លាំងសង្គ្រោះថែមទៀតផង ហើយឆ្លៀតក្នុងឱកាសនោះលោកស្នងការរង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឲ្យមកចូលរួមលេងកម្សាន្តនៅក្នុងពិធីបុណ្យអុំទូកឲ្យបានច្រើនកុះករ ហើយសូមមានការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមករាល់ការធ្វើដំណើរ តាមដងផ្លូវ ចៀសវាងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ដោយសារមានអ្នកចូលរួមពិធីច្រើន និងមានមធ្យោបាយធ្វើដំណើរច្រើនផងដែរ៕


















