* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងអគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ជំរុញពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស នៅខេត្តកណ្តាល

29-10-2026 16:37

(ភ្នំពេញ)៖ លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី «ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស» នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល។

កិច្ចប្រជុំនេះ រៀបចំដោយមានការចូលរួមពី លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង អគ្គលេខាធិការ ទីប្រឹក្សាអមក្រសួងយុត្តិធម៌ និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងលោក លោកស្រី អនុប្រធាន ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការ ក្រឡាបញ្ជី និងមន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងលោក លោកស្រី ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អធិការនគរបាលក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងលោក លោកស្រី ជាមន្រ្តីនគរបាលយុត្តិធម៌ នៃមន្ទីរជំនាញជុំវិញខេត្តកណ្តាល សរុបចំនួន ១១៨នាក់។

ក្នុងកិច្ចប្រជុំស្ដីពី ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍ថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីការពារសុខសុវត្ថិភាព ស្ថេរភាព និងយុត្តិធម៌សង្គម។ ជាមួយគ្នានេះដែរ លោកអគ្គព្រះរាជអាជ្ញា បានគូសបញ្ជាក់ថា មន្ត្រីយុត្តិធម៌ទាំងអស់ គឺជាបង្អែករបស់ប្រជាពលរដ្ឋ ដូចនេះត្រូវអនុវត្តតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវតាមច្បាប់។

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ផ្អែកតាមរបាយការណ៍លទ្ធផលការងាររបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល, បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលបានអនុវត្តការងារសម្រេចលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ សមិទ្ធិផលទាំងនេះ កើតចេញមកពីកម្លាំងសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អរវាងស្ថាបន័តុលាការ អាជ្ញាធរដែនដីនិងមន្រ្តីនគរបាលយុត្តិធម៍គ្រប់ផ្នែក គ្រប់ជំនាញ។

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានលើកឡើងអំពី៖

*(១) ការកែទម្រង់វិស័យយុត្តិធម៌ ដែលជាចក្ខុវិស័យចម្បង និងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់ដំណើរការដ៏ល្អ នៃការជំនុំជម្រះរឿងក្ដី ស្របតាម
គោលការណ៍យុត្តិធម៌ នីតិរដ្ឋ និងការគោរពសិទ្ធិ សេរីភាពបុគ្គលដែលមានចែងក្នុងច្បាប់ និងបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌។

*(២) យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដី ដែលបានដាក់ចេញដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាំងពីឆ្នាំ២០២៤ ដែលជាយុទ្ធនាការនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ ឆាប់រហ័ស ដោយគ្មានអំពើពុករលួយ ពិសេសសំណុំរឿងគ្រឿងញៀន សំណុំរឿងបទល្មើសចរាចរណ៍ សំណុំរឿងក្មេងទំនើង និងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

*(៣) ករណីស្រូបទោស ដែលត្រូវពិនិត្យដោយហ្មត់ចត់ ពិសេសករណីបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។

*(៤) សេចក្ដីសម្រេច (សាលក្រម ដីកាសម្រេច) ត្រូវយកចិត្តទុកដាក់ អនុវត្តដោយហ្មត់ចត់ ជាពិសេសផ្នែកសំអាងហេតុ និងផ្នែកសេចក្តីសម្រេច ឲ្យមានលក្ខណៈ ត្រឹមត្រូវស្របតាមអង្គហេតុ ភស្តុតាង និងអង្គច្បាប់។

ជាមួយគ្នានេះ ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បន្តសហការការងារជាមួយអាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ឱ្យបានល្អប្រសើរ រឹងមាំ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជន តាមរយៈការអនុវត្តច្បាប់ ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសឱ្យទាន់សភាពការណ៍ជាក់ស្តែង ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ៕