លោក នេត្រ ភក្ត្រា អំពាវនាវឱ្យក្រុមការងារបក្សត្រូវក្តាប់បញ្ហាប្រឈមនានា និងដោះស្រាយឱ្យចំគោលដៅជូនពលរដ្ឋនៅមូលដ្ឋាន
29-10-2026 17:19
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានស្នើឱ្យក្រុមការងារគណបក្សនៅថ្នាក់ស្រុក ខេត្ត និងថ្នាក់ជាតិ រួមសហការជាមួយក្រុមការងារគណបក្សថ្នាក់ឃុំ សង្កាត់ ដើម្បីធ្វើយ៉ាងណាក្តាប់ឱ្យជាប់ចំពោះបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន និងត្រូវរកដំណោះស្រាយឱ្យចំគោលដៅ ឆ្លើយតបទៅនឹងការសន្យានៅពេលឃោសនារកសំឡេងឆ្នោត។
ការស្នើបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៦-២០៣២ នៅស្រុកសំបូរ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ស្រុក ឃុំ ជាច្រើននាក់។
នៅចំពោះមុខបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ លោក នេត្រ ភក្ត្រា បានផ្តល់នូវអនុសាសន៍សំខាន់ៗ ដោយបានជំរុញឱ្យបេក្ខជនទាំងអស់ បន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមរបស់មូលដ្ឋាន និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស ដើម្បីធានាបាននូវជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយនឹងធ្វើឱ្យគណបក្សទទួលបានជ័យជម្នះក្នុងដំណាក់បោះឆ្នោត ត្រង់ចំណុចនេះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ មិនដែលធ្វេសប្រហែសនោះឡើយ។ ហើយគណបក្សប្រជាជនកម្ពុជា ជ្រើសរើសការបោះឆ្នោតឡើងកាន់អំណាច តាមបែបលទ្ធិប្រជាធិបតេយ្យ ពោលគឺមិនជ្រើសរើសចុងកាណុងកាំភ្លើងនោះទេ។
ជាមួយនឹងជ័យជម្នះគ្រប់ដំណាក់កាលបោះឆ្នោត, ត្រូវលោក នេត្រ ភក្ត្រា បានបន្ថែមថា ប្រជាជនបានមើលឃើញយ៉ាងច្បាស់អំពីតួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព ការអធិបតេយ្យ បូរណភាពទឹកដី ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា គឺឈរលើការធ្វើអំពើល្អចំពោះប្រជាជន ហើយសំឡេងរបស់ប្រជាពលរដ្ឋម្នាក់ៗគឺជាការធានាដល់ជ័យជម្នះនៅក្នុងដំណើរការបោះឆ្នោតខាងមុខ។
លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវឱ្យសមាជិក សមាជិកាគណបក្សត្រូវពង្រឹងកម្លាំងគាំទ្រគណបក្សនៅមូលដ្ឋានបន្ថែមទៀត ព្រមទាំងត្រូវជ្រៀតចូលឱ្យជ្រៅនៅក្នុងចំណោមមហាជន។ សូមចាំថាការបោះឆ្នោតនៅថ្នាក់មូលដ្ឋានមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងជះឥទ្ធិពលលើការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សកាន់អំណាច ដឹកនដឹកនាំរាជរដ្ឋាភិបាល គឺមានការទទួលខុសត្រូវខ្ពស់ចំពោះមុខប្រជាជន នៅគ្រប់កាលៈទេសៈ ជាក់ស្តែងគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានរឹងមាំ មានគោលនយោបាយដឹកនាំត្រឹមត្រូវ ច្បាស់លាស់ ត្រូវចាំ និងជឿជាក់ថា ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ថ្នាក់ដឹកនាំគណបក្សមិនរត់ចោលប្រជាជនជាដាច់ខាត។
ត្រង់ចំណុចនេះ ត្រូវបានលោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការមិនបម្រើប្រជាជនដោយស្មោះត្រង់ គឺជាការសម្លាប់ខ្លួនឯង សម្តេចតេជោ ប្រធានគណបក្សតែងតែណែនាំដល់មន្ត្រីបក្សគ្រប់រូប ត្រូវតែបម្រើប្រជាជនដោយស្មោះត្រង់ ស្របតាមគោលការណ៍របស់បក្ស តួនាទីភារកិច្ច ដែលបានប្រគល់ជូន៕




















































