ហោអដ្ឋិធាតុ វត្តលង្កា ព្រះកុសមារាម៖ ក្រុមគ្រួសារមកទទួលអដ្ឋិធាតុ ត្រឡប់ទៅស្រុកកំណើតវិញ
29-10-2026 19:29
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ អដ្ឋិធាតុលោក អ៊ឹង សុខា ដែលតម្កល់នៅហោអដ្ឋិធាតុ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានអ្នកស្រី ជា ធីតា និងក្រុមគ្រួសារមកថ្វាយបង្គំសុំខមាទោស និងនិមន្តព្រះបវរសត្ថា ហួរ សារិទ្ធ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះចៅអធិការរងវត្តលង្កា ព្រះកុសុមារាម សូត្រមន្តបង្សុកូល មុននឹងដង្ហែយកទៅបញ្ចុះតាមប្រពៃណីសាសនា នៅឯស្រុកកំណើត នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សូមរំឭកថា អ្នកស្រី ជា ធីតា ទើបប្រទះឃើញអដ្ឋិធាតុប្តីឈ្មោះ អ៊ឹង សុខា ជាថ្មីវិញបន្ទាប់ពីបាត់អស់រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ។ អដ្ឋិធាតុនេះ គឺជាអដ្ឋិធាតុមួយនៅក្នុងហោអដ្ឋិធាតុ (បណ្ណាល័យធាតុ) ដែលមានកោដ្ឋសរុបចំនួន៤៦៤ រក្សានៅវត្តលង្កា និងបានរៀបចំទុកដាក់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ កោដ្ឋទាំងនេះបានបន្សល់ទុកតាំងពីសម័យសង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា នៅទសវត្សរ៍ឆ្នាំ១៩៧០ ឆ្នាំ១៩៨០ និង ឆ្នាំ១៩៩០។
អ្នកស្រី ជា ធីតា បានរៀបរាប់ថា ខ្ញុំបានរៀបការជាមួយប្ដីរបស់ខ្ញុំឈ្មោះ អ៊ឹង សុខា នៅឆ្នាំ១៩៨១។ ប្តីរបស់ខ្ញុំមានតួនាទីជាប្រធានមន្ទីរ វិទ្យុជាតិ នៅទីក្រុងភ្នំពេញ។ ប្តីរបស់ខ្ញុំមានស្រុកកំណើតនៅភូមិចាអោ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ខ្ញុំរួមរស់ជាមួយប្ដីរបស់ខ្ញុំបានរយៈពេល៣ឆ្នាំ ទើបខ្ញុំសម្រាលបានកូនស្រីម្នាក់។ នៅឆ្នាំ១៩៨៤ ប្ដីរបស់ខ្ញុំជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសប៊ុលហ្ការី ចំណែកខ្ញុំត្រូវនៅមើលថែកូនតូចរបស់ខ្ញុំនៅទីក្រុងភ្នំពេញ។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៨៨ ខ្ញុំទទួលដំណឹងថាប្ដីរបស់ខ្ញុំបានស្លាប់នៅប្រទេសប៊ុលហ្ការី ដោយគ្រោះថ្នាក់ក្នុងពេលជិះរថភ្លើង ហើយកាលនោះគាត់មានអាយុ៣១ឆ្នាំ។ ប្តីរបស់ខ្ញុំរៀនមិនទាន់ចប់ទេ។ បន្ទាប់ពីទទួលដំណឹងពីការស្លាប់របស់ប្តីខ្ញុំ ខ្ញុំបានស្នើទៅអង្គភាពវិទ្យុជាតិ សុំឱ្យជួយរៀបចំដឹកសាកសពប្ដីរបស់ខ្ញុំត្រឡប់មកស្រុកកំណើតវិញ តាមជើងយន្តហោះមកកាន់ក្រុងភ្នំពេញ។ មួយសប្តាហ៍ក្រោយមក សាកសពប្ដីរបស់ខ្ញុំបានមកដល់ទីក្រុងភ្នំពេញ។
ខ្ញុំនិងក្រុមការងារនៅវិទ្យុជាតិ បានរៀបចំធ្វើពិធីបុណ្យសពប្តីរបស់ខ្ញុំតាមប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅផ្ទះឪពុកម្តាយខ្ញុំ ម្ដុំផ្សារស៊ីឡឹប។ បន្ទាប់មក សពប្ដីរបស់ខ្ញុំត្រូវដង្ហែរទៅបូជានៅវត្តលង្កា ក្នុងទីក្រុងភ្នំពេញ។ ក្រោយពីបូជាសពរួចរាល់ ក្រុមគ្រួសារខ្ញុំបានរៀបចំទុកដាក់ធាតុប្ដីរបស់ខ្ញុំនៅក្នុងកោដ្ឋ ដោយមានបិតភ្ជាប់រូបថតប្តីរបស់ខ្ញុំមួយសន្លឹក និងមានប្រអប់កញ្ចក់ការពារពីលើមួយជាន់ទៀត។ ខ្ញុំនិងក្រុមគ្រួសារបានផ្ញើធាតុប្តីរបស់ខ្ញុំជាមួយព្រះសង្ឃគង់នៅវត្តលង្កា។
នៅឆ្នាំ១៩៩៧ ខ្ញុំមានបំណងទៅទទួលអដ្ឋិធាតុប្ដីរបស់ខ្ញុំយកទៅបញ្ចុះឯស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំវិញ។ ប៉ុន្ដែខ្ញុំស្វែងរកធាតុប្ដីខ្ញុំមិនឃើញទាល់តែសោះ ដោយសារទីតាំងតម្កល់អដ្ឋិធាតុប្តីរបស់ខ្ញុំត្រូវបានរុះរើប្ដូរទីតាំងជាច្រើនលើក។ នៅឆ្នាំ២០០០ ខ្ញុំសម្រេចចិត្តទៅស្វែងរកអដ្ឋិធាតុប្តីរបស់ខ្ញុំម្ដងទៀត ប៉ុន្ដែនៅតែរកមិនឃើញ។ ហេតុនេះ ខ្ញុំបានរៀបចំពិធីឧបកិច្ចដោយកើបដីក្នុងវត្តលង្កាមួយក្តាប់តំណាងធាតុប្ដីរបស់ខ្ញុំ ដើម្បីយកទៅបញ្ចុះក្នុងផ្នូរនៅស្រុកកំណើត។
កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងមក ខ្ញុំបានធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅវត្តលង្កា។ ខ្ញុំបានជួបព្រះអង្គ ចាន់ ហើយព្រះអង្គមានសង្ឃដីកាប្រាប់ខ្ញុំអំពី ហោអដ្ឋិធាតុ ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំឡើងសម្រាប់តម្កល់អដ្ឋិធាតុអ្នកដែលបានទទួលមរណកាលទៅឱ្យមានសណ្ដាប់ធ្នាប់ និងងាយស្រួលសម្រាប់សាច់ញាតិស្វែងរក។
បន្ទាប់មក នៅខែមេសា ឆ្នាំ២០២៦ ខ្ញុំបានទៅជួបព្រះបវរសត្ថា ហួរ សារិទ្ធិ គឺជាព្រះចៅអធិការរងវត្តលង្កា ព្រះកុសុមារាម ដើម្បីស្វែងរកអដ្ឋិធាតុប្តីរបស់ខ្ញុំនៅ ហោអដ្ឋិធាតុ វត្តលង្កា ដែលព្រះអង្គ ចាន់ បានប្រាប់ខ្ញុំកន្លងមក។ ព្រះបវរសត្ថា ហួរ សារិទ្ធិ បានទាក់ទងទៅលោក រស់ សំពៅ ប្រធានហោអដ្ឋិធាតុនៃមជ្ឈមណ្ឌលឯកសារកម្ពុជាអំពីព័ត៌មាននេះ។
លោក រស់ សំពៅ បានយកសៀវភៅបញ្ជីឈ្មោះអដ្ឋិធាតុដែលបានស្រាវជ្រាវ និងចងក្រងទុក មកឱ្យខ្ញុំពិនិត្យ ទើបខ្ញុំរកឃើញឈ្មោះប្តីរបស់ខ្ញុំ អ៊ឹង សុខា ពិតប្រាកដមែនគឺនៅលេខរៀង២០៧។ ចុងក្រោយ អ្នកស្រី ជា ធីតា សូមថ្លែងអំណរគុណដល់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រួមទាំងក្រុមការងារដែលបានរៀបចំហោអដ្ឋិធាតុនេះឡើង ដើម្បីឱ្យសាច់ញាតិរបស់អ្នកដែលចែកឋានទៅអាចមកស្វែងរកអដ្ឋិធាតុ និងយកទៅរក្សាទុក។
លោក រស់ សំពៅ ប្រធានហោអដ្ឋិធាតុនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានឱ្យដឹងថា រហូតមកដល់សព្វថ្ងៃមានអ្នករកឃើញអដ្ឋិធាតុសាច់ញាតិរបស់ខ្លួនចំនួន៣រួចហើយ ដោយអដ្ឋិធាតុចំនួន២ត្រូវសាច់ញាតិយកត្រឡប់ទៅរក្សាទុកនៅស្រុកកំណើតវិញ និងអដ្ឋិធាតុ១ត្រូវសាច់ញាតិស្នើសុំតម្កល់ទុកនៅហោអដ្ឋិធាតុ។ លោក រស់ សំពៅ បានអំពាវនាវដល់អ្នកដែលបាត់បង់បងប្អូន និងសាច់ញាតិ អាចមករកនៅហោអដ្ឋិធាតុនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានទីតាំងនៅវត្តលង្កា ព្រះកុសុមារាម ក្នុងទីក្រុងភ្នំពេញ៕













