រដ្ឋមន្ត្រី ហួត ហាក់៖ ទេសចរណ៍ជាស្ពានតភ្ជាប់កម្ពុជា-ប៉ូឡូញ ដើម្បីពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគ
30-10-2026 16:37
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Iwona Kmiecik ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្សព្វផ្សាយ និងការវិនិយោគរវាងកម្ពុជា និងប៉ូឡូញ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងប៉ូឡូញមានសក្តានុពលក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌។ ជាពិសេស វិស័យទេសចរណ៍អាចដើរតួនាទីជាស្ពានតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបង្កើតភាពជាដៃគូធុរកិច្ច និងឱកាសសហប្រតិបត្តិការថ្មីៗ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
រដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងការវិនិយោគនានា ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការបង្កើតឱកាសការងារ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនដាក់សំណើគម្រោងជាផ្លូវការជូនក្រសួងទេសចរណ៍ ដើម្បីពិនិត្យ និងពិចារណាតាមនីតិវិធី។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមបង្កើតសភាពាណិជ្ជកម្មប៉ូឡូញនៅកម្ពុជា ដែលអាចក្លាយជាវេទិកាដ៏សំខាន់ក្នុងការតភ្ជាប់ធុរជន ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
ដើម្បីទាក់ទាញភ្ញៀវទេសចរប៉ូឡូញ និងអឺរ៉ុបឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន លោករដ្ឋមន្ត្រីបានស្នើឱ្យពង្រឹងកិច្ចសហការលើការរៀបចំដំណើរទស្សនកិច្ចស្វែងយល់សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកវិនិយោគ អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មាន ព្រមទាំងជំរុញកម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅទីផ្សារប៉ូឡូញ និងអឺរ៉ុប។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យមានការជំរុញជើងហោះហើរជួលពិសេស (Charter Flights) និងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ជាពិសេសតំបន់កោះ តំបន់ឆ្នេរ និងគោលដៅទេសចរណ៍ដ៏សម្បូរបែបផ្សេងទៀត។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានបង្ហាញក្តីរំពឹងថា បេសកកម្មអភិវឌ្ឍទេសចរណ៍ និងទីផ្សារកម្ពុជា-ប៉ូឡូញ ឆ្នាំ២០២៦ នាពេលខាងមុខ នឹងរួមចំណែកពង្រឹងភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ ព្រមទាំងបើកឱកាសថ្មីៗសម្រាប់ការរីកចម្រើននៃវិស័យទេសចរណ៍ និងការវិនិយោគនៅកម្ពុជា៕













