Fresh Exclusive: នាយករដ្ឋមន្ត្រីដាស់តឿនការប្រុងប្រយ័ត្នខ្វះទឹកឆ្នាំ២០២៧៖ តើកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងហានិភ័យអាកាសធាតុអ្វី?
30-10-2026 16:59
(ភ្នំពេញ)៖ ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាស់តឿន ឱ្យប្រុងប្រយ័ត្នចំពោះហានិភ័យខ្វះទឹកសាជាថ្មីក្នុងរដូវប្រាំងឆ្នាំ២០២៧។
ហេតុអ្វីបានជាកម្ពុជា ដែលទើបរងគ្រោះដោយទឹកជំនន់ និងមានទឹកស្តុកក្នុងអាងជាច្រើន នៅតែអាចប្រឈមនឹងការខ្វះទឹកក្នុងរដូវប្រាំងខាងមុខនេះ?
សូមតាមដានអត្ថបទវិភាគ Fresh Exclusive ជុំវិញបញ្ហានេះ៖
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ខណៈអញ្ជើញចុះសួរសុខទុក្ខ និងចែកពូជស្រូវ ព្រមទាំងស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានព្រមានពីហានិភ័យខ្វះទឹកសាជាថ្មីក្នុងរដូវប្រាំងខាងមុខ។
សម្តេចបវរធិបតី បានមានប្រសាសន៍ថា៖
«អញ្ចឹងពីនេះ ទៅដល់ខាងមុខ គឺប្រយ័ត្នអត់ទឹក (សាជាថ្មី)ឡើងវិញ។ បាតុភូត អែលនីញ៉ូ ឥឡូវនៅទូទាំងពិភពលោកកំពុងតែត្រៀមលក្ខណៈ ការប្រើប្រាស់ទឹក ការគ្រប់គ្រងទឹកឲ្យបាន ត្រូវមើលប្រើប្រាស់ គ្រប់គ្រងយ៉ាងណាកុំឲ្យ(ខ្វះទឹក)។ ឥឡូវសំបូរទឹក ស្រាប់តែដល់ចុងរដូវ អស់ទឹក (ដែលយើងត្រូវប្រុងប្រយ័ត្ន)។ យើង (ត្រូវបន្តតាម) មើល និងខិតខំ (រក្សាទឹកទុក)នៅពេលដែលទឹកឡើងមកនេះ។»
ការព្រមានរបស់នាយករដ្ឋមន្ត្រីកម្ពុជា កើតឡើងស្របពេលដែលអង្គការឧតុនិយមពិភពលោក ឬ WMO បានព្យាករណ៍ថា បាតុភូត El Niño ឆ្នាំ២០២៦ អាចបន្តពង្រឹងកម្លាំងរហូតដល់កម្រិតខ្លាំងបំផុតនៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧។ បាតុភូតដែលមានកម្លាំងខ្លាំងខុសពីធម្មតាបែបនេះ ត្រូវបានគេហៅក្រៅផ្លូវការថា Super El Niño ដែលអាចបង្កើនហានិភ័យគ្រោះរាំងស្ងួត កម្តៅខ្លាំង និងការប្រែប្រួលរបបទឹកភ្លៀងនៅតំបន់ជាច្រើននៃពិភពលោក រួមទាំងអាស៊ីអាគ្នេយ៍។
សំណួរសំខាន់នៅពេលនេះគឺថា៖ ហេតុអ្វីបាតុភូតដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក អាចបង្កផលប៉ះពាល់ដល់កម្ពុជាដែលស្ថិតនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រ? ហើយតើកម្ពុជាបានត្រៀមខ្លួនគ្រប់គ្រាន់ហើយឬនៅ ដើម្បីទប់ទល់នឹងហានិភ័យខ្វះទឹក កម្តៅខ្លាំង និងផលប៉ះពាល់លើកសិកម្មក្នុងឆ្នាំ២០២៧?
*ហេតុអ្វីកម្តៅកើតនៅនៅប៉ាស៊ីហ្វិក ប៉ុន្តែអាចបង្កហានិភ័យដល់កម្ពុជា?
តាមការព្យាករណ៍ ដែលត្រូវបានលើកឡើងថា ចេញផ្សាយដោយអង្គការឧតុនិយមពិភពលោក (WMO) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់កណ្តាលនៃមហាសមុទ្រប៉ាស៊ីហ្វិកក្បែរខ្សែអេក្វាទ័រ អាចកើនខ្ពស់ជាងកម្រិតមធ្យមរហូតដល់ប្រមាណ ៣,៨អង្សាសេ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ខែមករា ឆ្នាំ២០២៧។
ប្រសិនបើការព្យាករណ៍នេះ ក្លាយជាការពិត El Niño ឆ្នាំ២០២៦–២០២៧ អាចស្ថិតក្នុងចំណោមព្រឹត្តិការណ៍ El Niño ដែលមានកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិនៃការកត់ត្រា។
ប៉ុន្តែ El Niño មិនមែនជាព្យុះដែលធ្វើដំណើរពីមហាសមុទ្រប៉ាស៊ីហ្វិក មកកម្ពុជាឡើយ។ វាជាបាតុភូតនៃការប្រែប្រួលទំនាក់ទំនងរវាង មហាសមុទ្រ និងបរិយាកាស ដែលអាចផ្លាស់ប្តូរលំនាំខ្យល់ កម្តៅ និងទឹកភ្លៀងនៅតំបន់ឆ្ងាយរាប់ពាន់គីឡូម៉ែត្រ។
និយាយឱ្យសាមញ្ញ នៅពេលផ្ទៃសមុទ្រប៉ាស៊ីហ្វិកក្តៅខ្លាំងខុសពីធម្មតា វាអាចធ្វើឱ្យលំនាំចលនាខ្យល់ និងការចែកចាយសំណើមក្នុងបរិយាកាសប្រែប្រួល។ ជាលទ្ធផល តំបន់ខ្លះអាចប្រឈមនឹងគ្រោះរាំងស្ងួត និងកម្តៅខ្លាំង ខណៈតំបន់ផ្សេងទៀតអាចមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។
សម្រាប់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ការវាយតម្លៃហានិភ័យពាក់ព័ន្ធនឹង El Niño បានបង្ហាញថា តំបន់កសិកម្មមួយចំនួនចាប់ពីប៉ាគីស្ថាន ឥណ្ឌា មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម រហូតដល់ហ្វីលីពីន និងឥណ្ឌូណេស៊ី អាចប្រឈមនឹងការប្រែប្រួលរបបទឹកភ្លៀង និងហានិភ័យគ្រោះរាំងស្ងួត។
ដូច្នេះ បញ្ហាសម្រាប់កម្ពុជា មិនមែនថាកម្តៅពីប៉ាស៊ីហ្វិក នឹងធ្វើដំណើរមកដល់ប្រទេសយើងដោយផ្ទាល់នោះទេ ប៉ុន្តែថាតើការប្រែប្រួលប្រព័ន្ធអាកាសធាតុពិភពលោកនេះ អាចធ្វើឱ្យកម្ពុជាមានភ្លៀងតិច កម្តៅខ្លាំង និងខ្វះទឹកក្នុងរដូវប្រាំងឆ្នាំ២០២៧ ក្នុងកម្រិតណា។
El Niño ខ្លាំង៖ ពិភពលោកអាចប្រឈមនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងវិបត្តិស្បៀង បាតុភូត El Niño ខ្លាំងអាចបង្កការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពនៅតំបន់ជាច្រើននៃពិភពលោក។ ប៉ុន្តែផលប៉ះពាល់ មិនដូចគ្នាទាំងអស់នោះទេ៖ តំបន់ខ្លះអាចប្រឈមនឹងគ្រោះរាំងស្ងួត ខណៈតំបន់ផ្សេងទៀត អាចរងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។
នៅអាហ្វ្រិកខាងកើត El Niño អាចបង្កើនហានិភ័យភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតំបន់មួយចំនួន ខណៈអាហ្វ្រិកខាងត្បូង អាចប្រឈមនឹងគ្រោះរាំងស្ងួត ដែលប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងការផ្គត់ផ្គង់ស្បៀងអាហារ។
នៅអាមេរិកកណ្តាល និងតំបន់អាម៉ាហ្សូន ហានិភ័យកង្វះទឹកភ្លៀង និងភ្លើងឆេះព្រៃ អាចកើនឡើង។ ចំណែកអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា អាចប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ការថយចុះទឹកភ្លៀង និងហានិភ័យគ្រោះរាំងស្ងួត ដែលអាចប៉ះពាល់ដល់កសិកម្ម និងធនធានទឹក។
ផលប៉ះពាល់ទាំងនេះ មិនត្រឹមតែជាបញ្ហាអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែអាចរាលដាលទៅជាបញ្ហាសេដ្ឋកិច្ច និងសន្តិសុខស្បៀងផងដែរ។ ប្រសិនបើគ្រោះរាំងស្ងួត និងទឹកជំនន់ បង្កការខូចខាតដំណាំនៅប្រទេសផលិតស្បៀងសំខាន់ៗ វាអាចធ្វើឱ្យការផ្គត់ផ្គង់កាន់តែធ្លាក់ចុះ និងបង្កសម្ពាធលើតម្លៃស្បៀងអាហារកាន់តែខ្លាំង។
នេះមានន័យថា ទោះបី El Niño កើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកក៏ដោយ ផលប៉ះពាល់របស់វាអាចឆ្លងកាត់ព្រំដែនប្រទេស តាមរយៈអាកាសធាតុ កសិកម្ម និងទីផ្សារស្បៀងអាហារពិភពលោក។
*ហេតុអ្វីកម្ពុជាត្រូវប្រុងប្រយ័ត្នចំពោះ El Niño ឆ្នាំ២០២៧?
កម្ពុជា ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអាចរងឥទ្ធិពលពីបាតុភូត El Niño តាមរយៈការប្រែប្រួលរបបទឹកភ្លៀង ការកើនឡើងកម្តៅ និងហានិភ័យគ្រោះរាំងស្ងួត។ ប្រសិនបើ El Niño បន្តពង្រឹងកម្លាំងនៅចុងឆ្នាំ២០២៦ វាអាចបង្កសម្ពាធបន្ថែមលើធនធានទឹក និងវិស័យកសិកម្មកម្ពុជា ក្នុងរដូវប្រាំងឆ្នាំ២០២៧។
បទពិសោធន៍ឆ្នាំ២០១៥–២០១៦ ជាមេរៀនដ៏សំខាន់។ នៅពេលនោះ កម្ពុជាបានជួបប្រទះអាកាសធាតុក្តៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលតាមរបាយការណ៍ បានប៉ះពាល់ដល់ប្រជាជនប្រមាណ ២,៥លាននាក់ ក្នុងខេត្តចំនួន១៨។ មេរៀននោះ បង្ហាញថា ការប្រែប្រួលអាកាសធាតុ អាចប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលពឹងផ្អែកលើកសិកម្ម។
ការវិភាគរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ក្នុងឆ្នាំ២០២៦ ក៏បានកំណត់ថា ផ្ទៃដីកសិកម្ម និងវាលស្មៅប្រមាណ ១២៧.៣០០ហិកតា នៅកម្ពុជា ស្ថិតក្នុងតំបន់ដែលអាចប្រឈមនឹងហានិភ័យគ្រោះរាំងស្ងួតពាក់ព័ន្ធនឹង El Niño។
អ្វីដែលគួរឱ្យព្រួយបារម្ភ គឺការខ្វះទឹក មិនត្រឹមតែធ្វើឱ្យទិន្នផលស្រូវធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់ជាបន្តបន្ទាប់ដល់ប្រាក់ចំណូលកសិករ ការផ្គត់ផ្គង់ស្បៀង និងសេដ្ឋកិច្ចគ្រួសារ។ ហេតុនេះ ការត្រៀមរក្សាទឹក និងរៀបចំផែនការកសិកម្មឱ្យបានមុនរដូវប្រាំង គឺជាវិធានការសំខាន់ដើម្បីកាត់បន្ថយហានិភ័យ។
*ពីទឹកជំនន់ថ្ងៃនេះ ទៅសន្តិសុខទឹក សម្រាប់ឆ្នាំ២០២៧
ប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅខេត្តបាត់ដំបង បានរំលេចមេរៀនសំខាន់មួយ៖ ទឹកជំនន់ដែលបង្កការខូចខាតនៅថ្ងៃនេះ ក៏អាចក្លាយជាប្រភពទឹកដ៏មានតម្លៃសម្រាប់ទប់ទល់នឹងគ្រោះរាំងស្ងួតនៅថ្ងៃស្អែក។
សម្តេចបវរធិបតីបានមានប្រសាសន៍ថា៖
«មុនពេលដែលទឹកឡើង យើងរងគ្រោះដោយអែលនីញ៉ូ។ អាងស្តុកទឹកមួយចំនួនសឹងតែអស់ហើយ តែដល់ដល់ពេលមានទឹកភ្លៀង ទឹកបានជន់មក…តែប៉ុន្មានថ្ងៃ (ទឹកបាន)ពេញរាប់លានគីបឡើងវិញ អញ្ចឹងអាចស្តុកបាន អញ្ចឹងមិនថា ក្នុងគ្រោះ ក៏មានលាភដែរ…»។
តាមទិន្នន័យដែលបានរាយការណ៍ក្នុងឆ្នាំ២០២៦ កម្ពុជាមានអាងស្តុកទឹកប្រមាណ ១,៦៥៩អាង ដែលមានសមត្ថភាពផ្ទុកអតិបរមាសរុបប្រមាណ ៤ពាន់លានម៉ែត្រគូប។ ទោះជាយ៉ាងណា សមត្ថភាពផ្ទុកទឹក មិនមានន័យថាអាងទាំងនោះមានទឹកពេញ ឬអាចផ្គត់ផ្គង់ទឹកទៅដល់គ្រប់តំបន់កសិកម្មបានឡើយ។
ហេតុនេះ ការត្រៀមទប់ទល់នឹងហានិភ័យ El Niño មិនអាចពឹងផ្អែកតែលើការព្រមាននោះទេ។ វាទាមទារឱ្យមានការតាមដានបរិមាណទឹកស្តុកជាក់ស្តែង ការគ្រប់គ្រងអាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រឱ្យមានប្រសិទ្ធភាព
ព្រមទាំងការរៀបចំផែនការដាំដុះឱ្យសមស្របនឹងធនធានទឹកដែលមាន។
ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី បានណែនាំដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឱ្យយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ទាំងលើការគ្រប់គ្រងទឹក និងការរៀបចំការដាំដុះដំណាំកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងរដូវប្រាំងខាងមុខ។
ការណែនាំនេះបង្ហាញពីការភ្ជាប់រវាង ការគ្រប់គ្រងធនធានទឹក និងការធានាផលិតកម្មកសិកម្ម។ ប៉ុន្តែប្រសិទ្ធភាពនៃការត្រៀមខ្លួន នឹងអាស្រ័យលើសមត្ថភាពរក្សាទឹក និងចែកចាយទឹកឱ្យបានទាន់ពេលវេលា ជាពិសេសនៅតំបន់ដែលងាយប្រឈមនឹងគ្រោះរាំងស្ងួត។
សំណួរសំខាន់សម្រាប់កម្ពុជានៅពេលនេះគឺ៖ តើទឹកដែលកំពុងមាននៅថ្ងៃនេះ អាចត្រូវបានគ្រប់គ្រង និងរក្សាទុកឱ្យក្លាយជាសន្តិសុខទឹក និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋក្នុងរដូវប្រាំងឆ្នាំ២០២៧បានកម្រិតណា?
*សេចក្តីសន្និដ្ឋាន — ពីការព្រមានទៅសកម្មភាព
ប្រសាសន៍ដាស់តឿនរបស់នាយករដ្ឋមន្ត្រី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅខេត្តបាត់ដំបង បានរំលេចមេរៀនសំខាន់មួយ៖ កម្ពុជា អាចរងគ្រោះដោយទឹកជំនន់នៅថ្ងៃនេះ ប៉ុន្តែអាចប្រឈមនឹងការខ្វះទឹក នៅថ្ងៃស្អែក។
ទោះបី El Niño ឆ្នាំ២០២៦–២០២៧ អាចពង្រឹងកម្លាំងខ្លាំងក៏ដោយ ក៏មិនមានន័យថាគ្រោះរាំងស្ងួតធ្ងន់ធ្ងរនឹងកើតឡើងនៅទូទាំងកម្ពុជាឡើយ។ ប៉ុន្តែភាពមិនប្រាកដប្រជានេះ មិនមែនជាហេតុផលសម្រាប់ការរង់ចាំនោះទេ។
កម្ពុជាមិនអាចបញ្ឈប់ El Niño បានឡើយ ប៉ុន្តែអាចកាត់បន្ថយផលប៉ះពាល់របស់វា តាមរយៈការរក្សាទឹក ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការរៀបចំផែនការកសិកម្មឱ្យបានទាន់ពេលវេលា។
ប្រសាសន៍របស់នាយករដ្ឋមន្ត្រី បានផ្តល់មេរៀនសំខាន់មួយសម្រាប់ប្រជាពលរដ្ឋ ជាពិសេសកសិករ ក្នុងឆ្នាំ២០២៧៖ ការព្រមានជួយឱ្យយើងយល់ដឹង និងប្រុងប្រយ័ត្នចំពោះហានិភ័យអាកាសធាតុផង ការត្រៀមខ្លួនអនុវត្តវិធានការជាក់ស្តែងផង ដែលការត្រៀមទុកជាមុននេះទើបអាចជួយកាត់បន្ថយផលប៉ះពាល់ និងការពារជីវភាពប្រជាពលរដ្ឋរបស់កម្ពុជាបាន។





















