ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លើកទឹកចិត្តភាគីពាក់ព័ន្ធពង្រឹងវិស័យកសិកម្ម និងទេសចរណ៍ ដែលជាចំណូលចាក់ចូលសេដ្ឋកិច្ចពលរដ្ឋ
30-10-2026 17:17
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ បានគូសបញ្ជាក់ថា ខេត្តក្រចេះមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ សក្តានុពលទាំងនេះដែលត្រូវប្រែក្លាយជាឱកាសការងារ បង្កើនប្រាក់ចំណូល និងការកែលម្អជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ការគូសបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅសាលមហោស្រពខេត្ត នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើឱ្យគណៈអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធរួមគ្នាពិនិត្យស្ថានភាពជាក់ស្តែងលើការលើកកម្ពស់សេវាផលិតកម្ម កសិកម្ម ការតភ្ជាប់ទីផ្សារ ការគាំទ្រសហគ្រាសធុនមីក្រូ ធុនមធ្យម និងការអភិវឌ្ឍទេសចរណ៍សហគមន៍។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជំរុញឱ្យមន្ទីរទេសចរណ៍ខេត្ត ត្រូវពង្រឹងឱ្យកាន់សកម្មលើបញ្ហាអនាម័យ បរិស្ថាន ដែលជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តនៅក្នុងខេត្តក្រចេះ ព្រមទាំងបានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញទាំងអស់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុង ខេត្តក្រចេះបន្ថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ។
ដើម្បីផ្តល់ទំនុកចិត្តជូនភ្ញៀវទេសចរ, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានសង្កត់ធ្ងន់ឲ្យរួមគ្នារក្សាឱ្យបាននូវផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ខណៈខេត្តក្រចេះ មានក្រូចថ្លុងកោះទ្រង់ គឺជាផលិតផលកសិកម្មដ៏ល្បីល្បាញ និងមានអត្តសញ្ញាណជាតិមកពីកោះទ្រង់ ឃុំកោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ដែលត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដូច្នេះ សុំកុំឱ្យមានការលួចបន្លំយកផ្លែក្រូចពីខាងក្រៅមកបន្លំអត្តសញ្ញាណឱ្យសោះ កាលណាមានបញ្ហានេះកើតឡើងនោះនឹងធ្វើឱ្យខូចតម្លៃផលិតផលក្នុងសហគមន៍។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ធម្មជាតិ និងការអភិរក្សជីវៈចម្រុះជាផលិតផលទេសចរណ៍ ចូលរួមធ្វើឱ្យកម្ពុជាក្លាយជាតំបន់ដ៏ទាក់ទាញឈានមុខគេក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍ សហគមន៍អេកូទេសចរណ៍ ដើម្បីជាប្រយោជន៍ សម្រាប់ការទ្រទ្រង់ដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានប្រកបដោយនិរន្តរភាព។
ប្រធានក្រុមការងារ ស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញខេត្តក្រចេះទាំងអស់ ចូលរួមការពារ និងអភិរក្ស ធនធានធម្មជាតិក្នុងខេត្តបន្ថែមទៀត ដូចជា សត្វផ្សោត សត្វព្រៃ ក្ដាន់ ត្មាត និងប្រភេទជីវៈចម្រុះនៅតាមដងទន្លេ មេគង្គ ដើម្បីជាប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈទេសចរនិងការនាំចេញនៅនឹងកន្លែង។
គួរជម្រាបដែរថា នៅក្នុងខេត្តក្រចេះ មានរមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍ ជាច្រើនកន្លែងរួមមានសហគមន៍ទេសចរណ៍កោះសាមសិប ព្រះវិហារធំសសរ ១០០ រមណីយដ្ឋានទឹកជួរកាំពី រមណីយដ្ឋានអន្លង់ផ្សោត រមណីយដ្ឋានភ្នំសំបុក សហគមន៍កោះទ្រង់ រកាកណ្ដាល រមណីយដ្ឋានភ្នំសុពណ៌កាឡី និងរមណីយដ្ឋានឆ្នេរខ្សាច់សុពណ៍គិរីជាដើម ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់មក លេងកម្សាន្ត៕






































