លោក នេត្រ ភក្ត្រា ជំរុញ និងលើកទឹកចិត្តក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ត្រូវស្តាប់ក្តីកង្វល់,កត់ត្រា, ចាត់ការ, តាមដាន និងឆ្លើយតបឱ្យទាន់ពេលជូនពលរដ្ឋក្នុងមូលដ្ឋាន
31-10-2026 10:03
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ត្រូវស្តាប់ប្រជាជន និងកត់ត្រាទុកនូវក្តីកង្វល់ ក៏ដូចជាបញ្ហាប្រឈមពិតប្រាកដដែលប្រជាពលរដ្ឋកំពុងជួបប្រទះក្នុងមូលដ្ឋាន ដោយចាត់ការ និងចូលរួមដោះស្រាយដោយរកដំណោះស្រាយឱ្យចំគោលដៅ ឆ្លើយតបទៅនឹងការសន្យា តម្រូវការជាក់ស្តែង ព្រមទាំងតាមដានដំណើរការដោះស្រាយបញ្ហា និងឆ្លើយតបទៅប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។
ការរម្លឹកបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សខេត្តក្រចេះ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រព្រឹត្តឡើងនៅសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ មកពីក្រសួងព័ត៌មាន និងគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រមាណជាង ៤០០នាក់។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចំណុចនេះ គឺជាយន្តការបន្ថែមទៀត ដើម្បីឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានទូទាំងខេត្តក្រចេះ យកទៅពិនិត្យ និងអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា ក៏បានរម្លឹកបន្ថែមដល់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក៏កំណត់បញ្ហាអាទិភាពនៅតាមភូមិសាស្ត្រ និងតាមតម្រូវការជាក់ស្តែងរបស់ឃុំ-សង្កាត់នីមួយៗ ជាពិសេសជំរុញឱ្យបើកវេទិកាសាធារណៈនៅតាមឃុំ-ស្រុក ដើម្បីក្តាប់ និងដោះស្រាយបញ្ហាដោយផ្ទាល់។
លោក នេត្រ ភក្ត្រា បានស្នើឱ្យក្រុមការងារគណបក្សនៅថ្នាក់ស្រុក ខេត្ត និងថ្នាក់ជាតិ រួមសហការជាមួយក្រុមការងារគណបក្សថ្នាក់ឃុំ សង្កាត់ ដើម្បីធ្វើយ៉ាងណាក្តាប់ឱ្យជាប់ចំពោះបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន និងត្រូវរកដំណោះស្រាយឱ្យចំគោលដៅ ឆ្លើយតបទៅនឹងការសន្យានៅពេលឃោសនារកសំឡេងឆ្នោត។
លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ហើយសុំកុំបដិសេធចំពោះការវាយតម្លៃ និងរិះគន់របស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែ ក្នុងនាមជាអ្នកបម្រើប្រជាបលរដ្ឋដោយស្មោះត្រង់ ត្រូវស្វែងរកចំណុចខ្វះខាតដើម្បីកែលម្អក្នុងន័យទៅសម្រេចឱ្យបាននូវភាពខ្វះចន្លោះដោយប្រការណាមួយជាដើម។
លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវឱ្យសមាជិក សមាជិកាគណបក្សត្រូវពង្រឹងកម្លាំងគាំទ្រគណបក្សនៅមូលដ្ឋានបន្ថែមទៀត ព្រមទាំងត្រូវជ្រៀតចូលឱ្យជ្រៅនៅក្នុងចំណោមមហាជន។ សូមចាំថាការបោះឆ្នោតនៅថ្នាក់មូលដ្ឋានមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងជះឥទ្ធិពលលើការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សកាន់អំណាច ដឹកនដឹកនាំរាជរដ្ឋាភិបាល គឺមានការទទួលខុសត្រូវខ្ពស់ចំពោះមុខប្រជាជន នៅគ្រប់កាលៈទេសៈ ជាក់ស្តែងគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានរឹងមាំ មានគោលនយោបាយដឹកនាំត្រឹមត្រូវ ច្បាស់លាស់ ត្រូវចាំ និងជឿជាក់ថា ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ថ្នាក់ដឹកនាំគណបក្សមិនរត់ចោលប្រជាជនជាដាច់ខាត។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយនឹងធ្វើឱ្យគណបក្សទទួលបានជ័យជម្នះក្នុងដំណាក់បោះឆ្នោត ត្រង់ចំណុចនេះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ មិនដែលធ្វេសប្រហែសនោះឡើយ។ គណបក្សប្រជាជនកម្ពុជា ជ្រើសរើសការបោះឆ្នោតឡើងកាន់អំណាច តាមបែបលទ្ធិប្រជាធិបតេយ្យ ពោលគឺមិនជ្រើសរើសចុងកាណុងកាំភ្លើងនោះទេ៕


































