លោក ស្វាយ ស៊ីថា ជំរុញឲ្យរួមគ្នាពង្រឹង និងពង្រីកបណ្តាញការងារសាធារណមតិ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ (Video inside)
31-10-2026 12:27
(ស្ទឹងត្រែង)៖ លោក ស្វាយ ស៉ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំរៀបចំបើកវគ្គវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)»។
ពិធីនេះ មានការចូលរួមពីលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាននិងសាធារណមតិ យុវជន នៅឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង សរុបប្រមាណជាង២៥០នាក់។
បន្ថែមពីលើការលើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិពាក់ព័ន្ធនឹងការវិវត្ត និងផលប៉ះពាល់ នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ក៏មានគោលបំណងដ៏ចាំបាច់ ក្នុងការពង្រឹងនិងពង្រីកបណ្តាញការងារសាធារណមតិនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីពង្រីកវិសាលភាព និងបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយជូនសាធារណជន។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា «នៅក្នុងយុគសម័យ AI នេះ ការប្រមូល កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីរួមគ្នាតាមដានព័ត៌មាន និងស្ថានភាពសាធារណមតិ គឺជាកិច្ចការអាទិភាពដ៏ចាំបាច់ ដើម្បីធានាឱ្យការឆ្លើយតបចំពោះបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាចធ្វើទៅបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញដោយវាគ្មិនចំនួន ២ រូប ដែលមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងព័ត៌មាននិងសាធារណមតិ ដែលរួមមានលោក ប៉ែន បូណា និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស.។
លោក ស្វាយ ស៊ីថា បានបង្ហាញជំនឿជឿជាក់ថា «ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាល នាថ្ងៃនេះនឹងរួមចំណែកពង្រឹងឆន្ទៈ និងស្មារតីទទួលខុសត្រូវរបស់សិក្ខាកាម ក្នុងការបំពេញការងារព័ត៌មាន និងសាធារណមតិ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមថែរក្សាស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈក្នុងបរិបទ ដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងវិវត្តយ៉ាងឆាប់រហ័ស និងបង្កបញ្ហាប្រឈមថ្មីៗនៅទូទាំងពិភពលោក»៕



























