រដ្ឋមន្ត្រី ហួត ហាក់៖ ទេសចរណ៍ដែលមានគុណភាព ត្រូវចាប់ផ្តើមពីមនុស្សដែលមានគុណភាព
31-10-2026 12:51
(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់ របស់សមាគមក្លឹបទេសចរណ៍ សៀមរាប»។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍ សៀមរាប លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) លោកបណ្ឌិត សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអង្គរ ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ និងសិក្ខាកាមប្រមាណ ៥០០នាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលតែងតែផ្តល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះសមាគមក្លឹបទេសចរណ៍ សៀមរាប ដែលបានខិតខំចូលរួមបណ្តុះបណ្តាលយុវជនក្រីក្រ យុវជនងាយរងគ្រោះ និងអ្នកជំនាញទេសចរណ៍ សរុបចំនួន ៧០០នាក់ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ស្របតាមកម្មវិធីបណ្តុះបណ្តាល HoKa និងស្តង់ដាសមត្ថភាពអាស៊ាន។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជាអាចបណ្តុះបណ្តាលធនធានមនុស្សថ្មីបានប្រមាណជាង ២,៥០០នាក់ក្នុងមួយឆ្នាំ ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍នៅឡើយ។ ទន្ទឹមនឹងនេះ មូលនិធិអភិវឌ្ឍន៍ជំនាញបានផ្តល់ការគាំទ្រហិរញ្ញប្បទានរួមក្នុងការកសាងសមត្ថភាពដល់យុវជនកម្ពុជាចំនួន ៩១,៦៣៦នាក់ ក្នុងនោះមានសិក្ខាកាមក្នុងវិស័យទេសចរណ៍ចំនួន ៨,៥០៤នាក់។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការងារអាទិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ «មនុស្ស» ជាអាទិភាពទី១ និងដាក់ចេញគោលដៅ «ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ព្រមទាំងអភិក្រម «រៀនឱ្យចេះ រៀនឱ្យចប់ រៀនឱ្យមានការងារធ្វើ»។
លោកបានបន្ថែមថា ជាក់ស្តែង ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន ៣០រូប និងបន្តបណ្តុះបណ្តាលដល់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិជាង ៨០០រូប។ ជាមួយគ្នានេះ ក្រសួងក៏បានទទួលស្គាល់គ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ៩ទីតាំង ក្នុងនោះមាន ៤ទីតាំង ដែលផ្តល់ការបណ្តុះបណ្តាលគុណវុឌ្ឍិអាស៊ានពេញលេញ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់មូលនិធិអភិវឌ្ឍន៍ជំនាញ ឱ្យបន្តពង្រីកការគាំទ្រដល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងផ្តល់ឱកាសកាន់តែច្រើនដល់យុវជនក្រីក្រ និងងាយរងគ្រោះ។ ចំពោះគ្រឹះស្ថានបណ្តុះបណ្តាល ត្រូវបន្តបើកឱកាសដល់ស្ត្រី ជនមានពិការភាព និងសិស្សដែលបោះបង់ការសិក្សា ឱ្យទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវជំរុញការបណ្តុះបណ្តាលនៅក្នុងស្ថាប័ន (In-House Training) ដោយប្រើប្រាស់ប្រអប់បណ្តុះបណ្តាលអាស៊ាន និងស្នើសុំការទទួលស្គាល់តាមប្រព័ន្ធ CTPRS។ ចំណែកសមាគមទេសចរណ៍ និងសាលាបណ្តុះបណ្តាល ត្រូវបន្តពង្រឹងកិច្ចសហការ និងសមត្ថភាពគ្រូបង្រៀន ខណៈសិក្ខាកាមទាំង ២០០នាក់ ត្រូវបន្តសិក្សាពេញមួយជីវិត និងផ្តល់សេវាកម្មជូនភ្ញៀវទេសចរប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។
លោករដ្ឋមន្ត្រីបានលើកឡើងថា «ទេសចរណ៍ដែលមានគុណភាព ត្រូវចាប់ផ្តើមពីមនុស្សដែលមានគុណភាព។ ជំនាញមួយ ស្តង់ដារមួយ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ គឺជាគ្រឹះនៃការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយចីរភាព»។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចនេះ រៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍ សៀមរាប ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ និងកិច្ចសហការពីភាគីពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្ម និងលើកកម្ពស់គុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍កម្ពុជា៕














