រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ»
31-10-2026 15:42
(កំពង់ឆ្នាំង)៖ ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ» នៅខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលពិធីរត់ភ្លើងគប់មានចម្ងាយផ្លូវប្រវែង៨គីឡូម៉ែត ដោយចាប់ពីសួនរង្វង់មូលឆ្នាំង ស្ថិតក្នុងស្រុករលាប្អៀរ ឆ្ពោះទៅសួនវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ឡុង ឈុនឡៃ តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោក-លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការស្ថាប័នជុំវិ ញខេត្ត កងកម្លាំងទាំងបី សិស្សានុសិស្ស និងក្រុមកីឡាក កីឡាការីនីជាច្រើនរយនាក់ផងដែរ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិរៀបចំការប្រកួត។ លោកបានបន្តថា ព្រឹត្តិការណ៍រត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នាពេលនេះ គឺជាសាក្សីបង្ហាញយ៉ាងច្បាស់អំពីការរីកចម្រើនយ៉ាងរហ័សនៃវិស័យកីឡានៅកម្ពុជា ក្រោមដំបូលនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជួយលើកកម្ពស់ចលនាកីឡា និងសុខភាពសាធារណៈនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការបំផុសស្មារតីស្រឡាញ់កីឡាដល់យុវជន និងប្រជាពលរដ្ឋឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ជាពិសេសការបញ្ចូលនូវ «ការប្រកួតកីឡាជាតិជនពិការលើកទី៣» ស្របគ្នានេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលនយោបាយលើកកម្ពស់សមភាពសិទ្ធិ និងកិត្យានុភាពរបស់បងប្អូនជនពិការឱ្យមានឱកាសស្មើ គ្នាក្នុងការបង្ហាញសមត្ថភាពឆន្ទៈ និងកម្លាំងចិត្តលើឆាកកីឡាជាតិ ដោយមិនមានការរើសអើងឡើយ។
លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ពិធីរត់ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏មានអត្ថន័យ។ លោកថាភ្លើងគប់កីឡាដែលយើងកំពុងប្រគល់ និងដង្ហែរនាពេលនេះ មិនត្រឹមតែជាអណ្តាតភ្លើងនៃការប្រកួតប្រជែងនោះទេ ប៉ុន្តែជាសិរិមង្គល និមិត្តរូបនៃស្មារតីកីឡាមិត្តភាព និងកម្លាំងថាមពលនៃការបង្រួបបង្រួម ដែលចាំងឆ្លុះអណ្តាតភ្លើង សន្តិភាពពាសពេញផ្ទៃប្រទេស។
លោករដ្ឋលេខាធិការ មានប្រសាសន៍បន្តថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ រៀបចំឡើងក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» និងលើកកម្ពស់ស្មារតី «យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត» ព្រមទាំង «កីឡារស់ក្នុងសន្តិភាព»៕





























