ក្រុមហ៊ុនផលិតសូកូឡាអាមេរិក ជួបក្តីបារម្ភ ខណៈអតិថិជនដែលជាអ្នកស្រលាញ់សុខភាព កាត់បន្ថយការទិញ អំឡុងរដូវកាលបុណ្យ Halloween (Video inside)
31-10-2026 20:18
(វ៉ាស៉ីនតោន)៖ តួលេខនៃការលក់សម្រាប់ពិធីបុណ្យ Halloween ដែលចាប់ផ្តើមលឿនក្នុងឆ្នាំនេះ នៅសហរដ្ឋអាមេរិក អាចធ្វើឱ្យក្រុមហ៊ុនផលិតសូកូឡាមានក្តីបារម្ភមិនតិចនោះទេ ដោយសម្ពាធពីការចំណាយលើការរស់នៅគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិតសូកូឡា Hershey និង Mondelez ហើយបើតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ NIQ រហូតមកទល់ពេលនេះ ពលរដ្ឋអាមេរិកចាយលុយតិចជាងឆ្នាំមុនៗ ទៅលើអាហារ ឬបង្អែមសម្រាប់ពិធីបុណ្យ Halloween។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
យោងតាមការសម្ភាសជាមួយអ្នកជំនាញក្នុងវិស័យនេះ ក្រុមហ៊ុនផលិត និងអ្នកវិភាគនានា បានឱ្យដឹងថា អ្នកទិញដែលយកចិត្តទុកដាក់លើសុខភាព កំពុងស្វែងរកជម្រើសអាហារមានជាតិស្ករទាប ក៏ដូចជាអាហារសម្រន់ផ្សេងៗទៀតដែលមិនមែនជាបង្អែម ឬស្ករគ្រាប់បែបប្រពៃណី។
ទិន្នន័យពី NIQ បង្ហាញថាការលក់សូកូឡាសម្រាប់ពិធីបុណ្យ Halloween បានធ្លាក់ចុះគិតជាទឹកប្រាក់ ៣៣,១លានដុល្លារ ក្នុងរយៈពេល ៩សប្តាហ៍គិតត្រឹមថ្ងៃទី ១៧ ខែតុលា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាការធ្លាក់ចុះខ្លាំងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ ទន្ទឹមនេះ នៅពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិក៏កាន់តែខិតជិតមកដល់ ពលរដ្ឋអាមេរិកក៏ដូចជាលែងសូវមានអារម្មណ៍។
ក្រុមហ៊ុនវិភាគទិន្នន័យ Morning Consult បានលើកឡើងនៅក្នុងរបាយការណ៍មួយកាលពីខែសីហាថា ពីរភាគបីនៃឪពុកម្តាយបានទិញបង្អែម ឬនំចំណីសម្រាប់ពិធីបុណ្យ Halloween រួចទៅហើយតាំងពីអំឡុងរដូវក្តៅ។ ដោយឡែក ការកើនឡើងយ៉ាងគំហុកនៃតម្លៃកាកាវបានបង្ខំឱ្យក្រុមហ៊ុនផលិតបង្អែម និងស្ករគ្រាប់ដំឡើងថ្លៃផលិតផលរបស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ប៉ុន្តែបច្ចុប្បន្នតម្លៃកាកាវបានធ្លាក់ចុះមកនៅក្រោម ៣ ០០០ដុល្លារក្នុងមួយតោន បន្ទាប់ពីធ្លាប់បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺ ១២ ០០០ដុល្លារក្នុងមួយតោននៅឆ្នាំ២០២៤។
ក្រៅពីនេះ ជម្រើសធ្វើឱ្យខ្លួនឯងមានមានសុខភាពល្អជាងមុន ក៏កំពុងផ្លាស់ប្តូរទីផ្សារលក់ស្ករគ្រាប់ ដោយសារកម្លាំងរុញច្រានពីការប្រើប្រាស់ថ្នាំសម្រកទម្ងន់ CPL-1 ដែលកំពុងកើនឡើង និងយុទ្ធនាការ «ធ្វើឱ្យអាមេរិកមានសុខភាពល្អឡើងវិញ» (Make America Healthy Again) របស់រដ្ឋបាលលោក ត្រាំ៕




