តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកទឹកចិត្ត សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ខណៈរាជរដ្ឋាភិបាលបន្តវិនិយោគលើវិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស
01-11-2026 12:22
(កណ្តាល)៖ សន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងការបង្កើតធនធានមនុស្សកាន់តែសម្បូរបែប ដែលរាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិកាជាតិយ៉ាងច្រើនលើសលុប ដើម្បីជំរុញអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងមានសក្តានុពល ឆ្លើយតបទៅនឹងទីផ្សារការងារ និងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ នេះជាការលើកឡើងរបស់លោក ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ និងជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងឱកាសអបអរសាទរបវេសនកាលឆ្នាំថ្មី ២០២៦-២០២៧ នៅសាលាអនុវិទ្យាល័យពាមឧកញ៉ាអុង ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
លោក ជាប ដាវុធ បានបន្តថា ការសិក្សារៀនសូត្រមិនត្រឹមតែត្រូវអនុវត្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការរីកចម្រើននៃសកលភាវូបនីយកម្ម។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសដើម្បីជីវភាពនៃការរស់នៅរបស់ខ្លួន។ ដូច្នេះ សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អសម្រាប់ខ្នងឫស្សី ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
លោក ជាប ដាវុធ បានបញ្ជាក់ថាឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ នយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និង ថាមពល បាន និងកំពុងបន្តខិតខំ បំពេញបេសកកម្មបម្រើជាតិ និង ប្រជាជនដោយមិនខ្លាចការនឿយហត់ និង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនា របស់ប្រទេសជាតិ និង ប្រជាជន។
ជាក់ស្តែងក្នុងរយៈពេលនៃការចូលកាន់តំណែងជា នាយករដ្ឋមន្រ្តី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទី និង ភារកិច្ច យ៉ាងសកម្មបំផុតទាំងនៅក្នុងប្រទេស និង ក្រៅប្រទេសសំដៅបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លា តទៅមុខទៀត។
ជាមួយ គ្នានេះ លោកបានគូសរំលេចនូវស្នាដៃ និងសមិទ្ធផលការងារធំៗមួយចំនួន របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដូចជាការដាក់ចេញនូវគោលនយោបាយ និង យន្តការការងារ ព្រមទាំង ការជំរុញកិច្ចការអាទិភាពសំខាន់ៗរួមមាន៖
ទី១-ការដាក់ចេញ នូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ដោយកំណត់យក អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល» ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជាឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាព សេដ្ឋកិច្ច ដែលជាគ្រឹះ និង ជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។
យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវ របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់អនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។
នៅក្នុងឱកាសនោះលោក ជាប ដាវុធបាននាំយកថវិការនិងសម្ភារសិក្សាមួយចំនួនរបស់អគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នចែកជូនដល់សិក្សានុសិស្សដែលមានចំណាត់ថ្នាក់លេខ១ដល់លេខ ៣នៅឱកាសនោះផងដែរ៕















