កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នាំចេញពីឡាវឆ្ពោះទៅកាន់ប្រទេសទី៣, ក្រុមឧក្រិដ្ឋជន៥នាក់ ត្រូវបានចាប់ខ្លួនក្នុងនោះមានជនជាតិចិនម្នាក់
01-11-2026 17:22
(ភ្នំពេញ)៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដែលក្រុមឧក្រិដ្ឋជនបាននាំចេញពីប្រទេសឡាវ ដើម្បីឆ្លងកាត់ប្រទេសកម្ពុជា និងឆ្ពោះទៅប្រទេសទី៣ ដោយកម្លាំងនគរបាល បានរឹបអូសថ្នាំញៀនមួយចំនួនធំ ព្រមទាំងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនមួយចំនួន៥នាក់ ជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិចិនម្នាក់ និងជនជាតិខ្មែរ ៤នាក់។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖៣០នាទី កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះបង្ក្រាបបទល្មើសជាក់ស្ដែង នៅភូមិសាស្រ្តរាជធានីភ្នំពេញ។
ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។ វត្ថុតាងចាប់យក គ្រឿងញៀនមួយចំនួនធំ។
ការបង្ក្រាបនេះដោយផ្តើមចេញពីការស្ទាក់បង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនមួយចំនួនធំដល់រយគីឡូក្រាម កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៩៖៣០នាទី តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ជនជាតិខ្មែរ ព្រមទាំងដកហូតថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់។
ពេលចុះបង្ក្រាបនោះ មានការធ្លាយវីដេអូឃើញកម្លាំងសមត្ថកិច្ចមួយក្រុម មានទាំងស្លៀកពាក់ស៊ីវិល និងស្លៀកឯកសណ្ឋានជានគរបាល តែក្រោយការសួរនាំទៅ គឺជាកម្លាំងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយកម្លាំងស្លៀកស៊ីវិលនោះ ជាក្រុមកម្លាំងភ្នាក់ងារសម្ងាត់។
ឆ្លងតាមការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនល្មើស, គ្រឿងញៀនទាំងនេះ ត្រូវបានពួកគេនាំចេញពីប្រទេសឡាវ មានគោលដៅទៅកាន់ប្រទេសទី៣ ដោយឆ្លងកាត់ប្រទេសកម្ពុជា។
ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃបង្ក្រាប ទប់ស្គាត់ការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់កម្ពុជា បំណងនាំចេញទៅប្រទេសទី៣ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃគ្រឿងញៀន៕













