បោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងប៉ារីស ប្រទេសបារាំង, លោកស្រី សាន្ត ផាន់ណា ជាប់ជាប្រធាន
01-11-2026 18:53
(ប៉ារីស-បារាំង)៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦រៀបចំ «ពិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងប៉ារីស ប្រទេសបារាំង អាណត្តិទី១ លើកទី១» នៅ Maison du Cambodge ទីក្រុងប៉ារីស ប្រទេសបារាំង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញរួមពី អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាលោក ឡុង កុសល ឯកអគ្គរាជទូតប្រតិភូ អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ (UNESCO) លោកស្រី ឡាំ បញ្ចពរ អគ្គទីប្រឹក្សានៃស្ថានទូតនៃកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង តំណាងលោក លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងធុរជនកម្ពុជានៅទីក្រុងប៉ារីស ប្រទេសបារាំងជាច្រើនរូប។
ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព និងសុក្រឹតភាព។ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៤៣ នាក់ មានអ្នកចូលរួមបោះឆ្នោតចំនួន ៣២ នាក់ ស្មើនឹងប្រមាណ ៧៤%។ ជាលទ្ធផល លោកស្រី សាន្ត ផាន់ណា ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់អាណត្តិទី១ លើកទី១។
ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងវត្តមានរបស់សភាពាណិជ្ជកម្មកម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា បារាំង និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។
ការិយាល័យតំណាងនេះនឹងដើរតួនាទីជាស្ពានតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរព័ត៌មានធុរកិច្ច ការស្វែងរក និងភ្ជាប់ដៃគូពាណិជ្ជកម្ម ការផ្សព្វផ្សាយឱកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងរួមចំណែកដល់ការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំ និងដំណើរការការិយាល័យតំណាងនេះ៕



































































