* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលស្រុកជាំក្សាន្ត ជំរុញឱ្យអាណាព្យាបាល សិស្ស ចូលរួមលើកកម្ពស់វិស័យអប់រំ ខណៈស្ថានភាពព្រំដែនមានភាពស្ងប់ស្ងាត់ បង្កលក្ខខណ្ឌអំណោយផលដល់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី

01-11-2026 18:59

(ព្រះវិហារ)៖ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានជំរុញ និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យចូលរួមកាន់តែសកម្មក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំ ដោយចាត់ទុកថា ការអប់រំជាការទទួលខុសត្រូវរួមរបស់រដ្ឋ សាលារៀន គ្រួសារ និងសង្គមជាតិ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

លោកបានលើកឡើងពីស្ថានភាពនៅតាមបណ្តោយព្រំដែន ដែលបច្ចុប្បន្នមានភាពស្ងប់ស្ងាត់ និងមានលក្ខខណ្ឌអំណោយផល ដែលអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សានានាអាចរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីបានតាមការគ្រោងទុក និងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរក្សាភាពស្ងប់ស្ងាត់ មានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបន្តគាំទ្រដល់ការដោះស្រាយបញ្ហាព្រំដែនតាមគោលការណ៍ និងយន្តការដែលរាជរដ្ឋាភិបាលបានកំណត់។

ការថ្លែងលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ចិន ខន្តី អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាល័យខេមរតេជោ ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនកុះករ។

នៅក្នុងពិធីនេះ លោក ផេង រ៉ាឌី នាយកវិទ្យាល័យខេមរតេជោ បានឡើងថ្លែងមតិស្វាគមន៍ និងរាយការណ៍អំពីសមិទ្ធផលការងារអប់រំ និងលទ្ធផលសិក្សារបស់សាលានាពេលកន្លងមក។

ក្នុងឱកាសនោះដែរ លោក យិន ខេត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី។ ជាមួយគ្នានេះ លោកគ្រូ ម៉ម ត្រា គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា បានអានការប្តេជ្ញាចិត្តតំណាងឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ ខណៈយុវសិស្ស ស៊ុន មករា ប្រធានក្រុមប្រឹក្សាយុវជន បានអានការប្តេជ្ញាចិត្តតំណាងឱ្យសិស្សានុសិស្សទាំងមូល។

ថ្លែងក្នុងឱកាសនោះ លោក ចិន ខន្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបង្កើនការវិនិយោគ និងការបែងចែកធនធានបន្ថែម ដើម្បីអភិវឌ្ឍគ្រឹះស្ថានសិក្សាឱ្យក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព គុណភាព បរិយាបន្ន និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកអភិបាលស្រុក ក៏បានថ្លែងជំរុញឱ្យមានការពិនិត្យ និងកែលម្អវិធីសាស្ត្របង្រៀន ព្រមទាំងរៀបចំសកម្មភាពអប់រំឱ្យសមស្របតាមតម្រូវការរបស់សិស្សានុសិស្ស ដោយផ្តោតសំខាន់លើការអភិវឌ្ឍចំណេះដឹង ជំនាញ សមត្ថភាពក្នុងការត្រិះរិះពិចារណា សីលធម៌ និងឥរិយាបថល្អ ដើម្បីកសាងធនធានមនុស្សដែលមានសមត្ថភាព និងគុណធម៌សម្រាប់សង្គមជាតិ។

ទន្ទឹមនឹងនេះ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើសុខភាព និងអាហារូបត្ថម្ភរបស់សិស្ស តាមរយៈការជំរុញកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ដើម្បីធានាថាសិស្សានុសិស្សទទួលបានបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងសុខុមាលភាពល្អ។

ជាពិសេស លោកបានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ ឱ្យចូលរួមជាដៃគូជាមួយរដ្ឋ និងសាលារៀន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការគាំទ្រសម្ភារសិក្សា និងការលើកកម្ពស់បរិយាកាសសិក្សា ព្រមទាំងយកចិត្តទុកដាក់ជាពិសេសចំពោះកុមារ សិស្សានុសិស្ស និងយុវជនដែលមានពិការភាព ឱ្យទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ និងបរិយាបន្ន។

ទាក់ទងនឹងស្ថានភាពព្រំដែន លោក ចិន ខន្តី ក៏បានលើកឡើងថា សន្តិភាព និងស្ថិរភាពគឺជាកត្តាសំខាន់ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចប្រកបរបររកស៊ី កូនចៅអាចបន្តការសិក្សា និងសង្គមជាតិអាចបន្តអភិវឌ្ឍទៅមុខ។លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រក្សាភាពស្ងប់ស្ងាត់ សាមគ្គីភាព និងកុំជឿ ឬចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដែលអាចបង្កឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់សន្តិសុខសង្គម។

លោកអភិបាលស្រុកជាំក្សាន្ត ក៏បានថ្លែងផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ គោរពវិន័យ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងចៀសវាងអំពើអបាយមុខនានា ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គមជាតិ។

បន្ទាប់មក លោក ចិន ខន្តី បានប្រកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ជាផ្លូវការ ព្រមទាំងបានប្រគល់បណ្ណសរសើរ និងសម្ភារសិក្សាជូនដល់សិស្សពូកែទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងសាលា ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ ចំនួន១២នាក់ ដើម្បីជាការលើកទឹកចិត្ត និងជំរុញស្មារតីប្រកួតប្រជែងក្នុងការសិក្សា សម្រាប់ឆ្នាំសិក្សាថ្មីនេះ៕