* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តបាត់ដំបង អញ្ជើញចែកស្រូវពូជជូនប្រជាកសិករ ៣៧៦គ្រួសារ ដើម្បីស្តារជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកសង្កែ

02-11-2026 14:37

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងសហការី នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះចែកស្រូវពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករចំនួន ៣៧៦គ្រួសារ ក្នុងឃុំវត្តតាមិម និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការស្តារឡើងវិញនូវការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់។

ក្នុងឱកាសនោះ លោក សុខ លូ បានមានប្រសាសន៍ថា ការផ្ដល់ស្រូវពូជជូនដល់ប្រជាកសិករនាពេលនេះ គឺជាការយកចិត្តទុកដាក់ និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលការលំបាក និងផ្ដល់លទ្ធភាពឱ្យបងប្អូនប្រជាកសិករអាចចាប់ផ្ដើមស្តារការបង្កបង្កើនផលឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

ជាមួយគ្នានេះ លោកបានណែនាំក្រុមការងារពាក់ព័ន្ធឱ្យបន្តជំរុញការចែករំលែកស្រូវពូជឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីឱ្យប្រជាកសិករបានប្រើប្រាស់ស្រូវពូជសម្រាប់ការដាំដុះទាន់ពេលវេលាតាមរដូវកាល។

លោកបានគូសបញ្ជាក់ថា កន្លងមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ស្រូវពូជជូនប្រជាកសិករចំនួន ១០,៧០០ គ្រួសាររួចមកហើយ ហើយនៅថ្ងៃនេះ រដ្ឋបាលខេត្ត និងក្រុមការងារពាក់ព័ន្ធបានបន្តចែកជូន ប្រជាកសិករចំនួន ៣៥៦ គ្រួសារបន្ថែមទៀត។ ស្រូវពូជដែលផ្ដល់ជូននេះ គឺជាពូជមានគុណភាពល្អរបស់រាជរដ្ឋាភិបាល ដែលអាចជួយគាំទ្រដល់ការស្តារផលិតកម្មស្រូវរបស់ប្រជាកសិករឡើងវិញ។

លើសពីនេះ លោកបានសំណូមពរបងប្អូនប្រជាកសិករឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់អប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមមូលដ្ឋានរៀងៗខ្លួន។

លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបន្តសាមគ្គីភាព រួមគ្នាជាធ្លុងមួយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។

ប្រជាកសិករដែលទទួលបានស្រូវពូជសម្តែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ និងផ្ដល់ជំនួយជាស្រូវពូជទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ការស្តារការបង្កបង្កើនផល និងស្តារជីវភាពគ្រួសាររបស់ពួកគាត់ឡើងវិញ៕