ខេត្តកំពង់ធំរៀបចំការប្រកួតកីឡាប៉េតង់-ប៊ូល ដើម្បីអបអរសាទរបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
02-11-2026 14:42
(កំពង់ធំ)៖ រាត្រីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឡង គីស៊ឹង អភិបាលក្រុងស្ទឹងសែន បានអញ្ជើញបិទកម្មវិធីការប្រកួតកីឡាប៉េតង់-ប៊ូល ដើម្បីអបអរសាទរបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣ នៅភោជនីយដ្ឋានឡូវគឹមសេង។
តាមការបញ្ជាក់ពីលោក ហុង ចាន់ដារា អ្នករៀបចំការប្រកួតកីឡាប៉េតង់ប៊ូល បានឲ្យដឹងថា ការរៀបចំកម្មវិធីប្រកួតប្រជែងដណ្ដើមពានរង្វាន់កីឡាប៉េតង់ប៊ូលនេះ ក្នុងគោលបំណងអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣ ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការទទួលបានការរួបរួមគ្នាបើកទំព័រនៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន។
លោកបន្តថា ការរក្សាបានសុខសន្តិភាពនាំមកនូវការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជាលំដាប់ និងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋនៅលើសកលលោកផងដែរ។
លោកបានបន្តថា ការរៀបចំការប្រកួតកីឡាប៉េតង់-ប៊ូលនេះ គឺចង់បង្ហាញពីការរីកចម្រើននិងការអភិវឌ្ឍខេត្តកំពង់ធំឲ្យបងប្អូនកីឡាករ កីឡាការិនី បានឃើញអំពីទិដ្ឋភាពក្រុងស្ទឹងសែនដែលកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងច្រាំងស្ទឹង ទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក៏ដូចជាការបំពាក់ភ្លើងបំភ្លឺជាដើម។
លោកបានបន្តថា ការរៀបចំការប្រកួតនេះ គឺដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាប៉េតង់-ប៊ូល និងការទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តនៅក្នុងទឹកដីខេត្តកំពង់ធំផងដែរ។ ជាមួយគ្នានេះ តំណាងកីឡាករដែលបានមកពីបណ្ដា ខេត្តផ្សេងៗ មានចំណាប់អារម្មណ៍ចំពោះការមកប្រកួតកីឡាប៉េតង់ប៊ូលនេះ បង្ហាញពីសាមគ្គីភាពគ្នា មិត្តភាពពីកីឡាករតាមបណ្ដាខេត្តដែលមកលេង ជាពិសេសលើកកម្ពស់វិស័យកីឡាប៊ូលឲ្យកាន់តែរីកចម្រើនថែមទៀត។
គួរបញ្ជាក់ថា កីឡាករដែលបានមកប្រកួតនៅក្នុងខេត្តកំពង់ធំមាន ៩ ខេត្ត រាជធានី មានកីឡាករ កីឡាការិនី ២០០នាក់ ដែលមាន ៤៨ ក្រុម។
ជាលទ្ធផលក្នុងការប្រកួតរយៈពេលពេញមួយថ្ងៃ ដោយមានភាពសប្បាយរីករាយ អង់អាច ស្វិតស្វាញ និងស្វាហាប់ ដោយគណៈកម្មការបានរៀបចំមានពានពីរគឺពានតូចនិងពានធំគឺ៖
*ពានរង្វាន់ធំ
លេខ ១ បានទៅក្លឹប មន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំ
លេខ ២ បានទៅលើក្លឹប ពេទ្យធ្មេញពីរ៉ាមីតខេត្តសៀមរាប
*ពានរង្វាន់តូច
លេខ ១ បានទៅលើក្លឹប ប៊ីអូអេស ខេត្តកំពង់ចាម
លេខ ២ បានទៅលើក្លឹប អាពាំងសេត ខេត្តត្បូងឃ្មុំ៕












































